ខេត្តកណ្ដាល ៖ ក្នុងឱកាសអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា មានករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយ មិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យទេ បែរជានៅតថ្លៃជាមួយជាមួយជនរងគ្រោះ ទុករូបភាពបែបនេះនៅតទៅទៀតអត់បានទេ គឺត្រូវលុបបំបាត់។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ឡានទៅដល់ហើយ បញ្ឈរច្រូងច្រាងនៅកន្លែងកើតហេតុហ្នឹង តែអត់ទាន់បាញ់ទេ។ មានភ្លើងភ្លឹបភ្លែតៗ នៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ អាហ្នឹងអត់បានទេ ស្នើទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ពិនិត្យ និងត្រូវលុបបំបាត់ឱ្យខាងតែបាន។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ករណីនេះ សមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជន-ទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡានទឹក ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ… ការពិតហើយ ជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមន្ត្រីកងកម្លាំងមិនត្រូវបំពេញបេសកកម្មដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ គឺខុសហើយ។
សម្តេចក្រឡាហោម លើកឡើងថា យើងសុខចិត្តថា ត្រូវថែមប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីនីមួយៗទៅដល់កងកម្លាំងយើងវិញ សូមឱ្យគាត់កុំទៅតថ្លៃគេ។ តថ្លៃយ៉ាងម៉េច? គ្នាកំពុងតែរងគ្រោះ ភ្លើងវាឆេះផ្ទះ ទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យអាហ្នឹងមិនងាប់គ្នាទៀតទៅហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើងអស់ហើយហ្នឹង៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN