បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅភូមិអ្នកតាទ្វារឃុំឫស្សីក្រាំងស្រុកមោងឫស្សីដែលភាគច្រើនធ្លាប់ប្រកបរបរនេសាទត្រី បាននាំគ្នាងាកមកធ្វើដំណាំស្រូវបង្កើនរដូវឬស្រូវប្រាំងវិញ។ ពួកគេស្នើសុំដល់អាជ្ញាធរខេត្តបាត់ដំបង ជួយអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ខណៈភូមិរបស់ពួកគាត់រស់នៅស្ថិតនៅជិតបឹងទន្លេសាប ពុំទាន់មានសមិទ្ធផលអ្វីជាដុំកំភួននោះទេ។
តំណាងអ្នកភូមិជាង៤០០គ្រួសារដែលរស់នៅភូមិអ្នកតាទ្វារឃុំឫស្សីក្រាំង បាននិយាយប្រាប់ថាតាំងពីជំនាន់បុរាណមកភូមិនេះ មាមនុស្សរស់នៅតិចតួចប៉ុណ្ណោះដែលជាអ្នកធ្វើស្រែ ហើយជាប្រភេទស្រូវធ្ងន់ទៀត។ប៉ុន្តែរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយសារបរិមាណត្រីថយចុះ ពួកគាត់បានងាកមកធ្វើស្រូវប្រាំង ជួនកាលបាន ជួនកាលរងការលិចលង់ ដោយសារទឹកជំនន់នៅស្ទឹងខាងលើនិងទឹកជំនន់បឹងទន្លេសាប មិនតែប៉ណ្ណោះរងគ្រោះរាំងស្ងួតទៀតផង។បើមានទឹកដាក់ស្រោចស្រប់គ្រប់គ្រាន់ ក៏ទទួលបានផលស្រូវគួរសមដែរ។ដោយតំបន់នេះ មានទីតាំងនៅជិតបឹងទន្លេសាបនិងតែងរងនូវការជន់លិចពីទឹកជំនន់បឹងទន្លេសាប ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឬប្រព័ន្ធធារាសាស្ត្រ ពុំមានច្រើននោះទេ ខណៈដែលការធ្វើស្រែពឹងផ្អែកយកទឹកពីស្ទឹងអូរតាប៉ោងឬប្រភពមកពីខេត្តពោធិ៍សាត់និងការយកទឹកពីស្រះដែលបានជីក ហើយបូមទឹកពីបឹងបួនៅជិតៗមកស្រោចស្រពដំណាំស្រូវជារៀងរាល់ឆ្នាំ។
ពួកគាត់(អ្នកភូមិជាង៤០០គ្រួសារដែលរស់នៅភូមិអ្នកតាទ្វារឃុំឫស្សីក្រាំង) បានស្នើសុំដល់អាជ្ញាធរ ជួយជួសជុលកែលម្អផ្លូវលំមួយខ្សែ ដើម្បីឲ្យពួកគាត់ធ្វើដំណើរបានស្រួល ព្រោះបច្ចុប្បន្នផ្លូវក្នុងភូមិមានសភាពតូចចង្អៀតប្រភេទផ្លូវដីនិងពេលធ្វើដំណើរមកទីប្រជុំជនឬទីរួមខេត្តបាត់ដំបង ត្រូវជិះតាមផ្លូវខាងខេត្តពោធិ៍សាត់ឬតាមភ្លឺស្រែ ហើយក៏ពិបាកក្នុងការដឹកជញ្ជូនផលស្រូវទៅលក់នៅទីផ្សារផងដែរ។
អាជ្ញាធរស្រុកមោងឫស្សីក្នុងពេលចុះចែកអំណោយដល់ពលរដ្ឋក្នុងភូមិអ្នកតាទ្វារ បានបង្ហាញពីគម្រោងក្នុងការធ្វើផ្លូវជូនពលរដ្ឋនៅភូមិអ្នកតាទ្វារឃុំឫស្សីក្រាំងនេះគឺជាផ្លូវប្រភេទក្រាលគ្រួសក្រហម ក៏ដូចគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនាពេលឆាប់ៗខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ