ភ្នំពេញ ៖ បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយទឹកប្រាក់ចំនួន ២,៤៧៥លានរៀល សម្ភារៈ និងឃីត មួយចំនួនបន្ថែមទៀត ដល់ខេត្តកម្ពុជាចំនួន ៤ នៅជាប់ព្រំដែនថៃ ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កដល់ពលករខ្មែរ ត្រឡប់មកពីថៃក្នុងអំឡុងបុណ្យចូលឆ្នាំចិន។
ខេត្តទាំង៤ ទទួលបានជំនួយនេះ រួមមាន៖
១- ខេត្តបាត់ដំបង ទទួលបានថវិកា ៣៧៥លានរៀល ឃីត ១៥០០ ទឹកសុទ្ធ២០០០កេស និងមីកញ្ចប់ ១៥០០កេស.
២- ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ១,១៧០លានរៀល ឃីតចំនួន៤០០០ ទឹកសុទ្ធ៣០០០កេស និងមីកញ្ចប់ ១០០០កេស.
៣- ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៧៨០លានរៀល ឃីតចំនួន៣០០០ ទឹកសុទ្ធចំនួន៦០០០កេស និងមីកញ្ចប់ចំនួន៣០០០កេស
៤- ខេត្តប៉ៃលិន ទទួលបានថវិកា១៥០លានរៀល ទឹកនិង សុទ្ធ៥០០កេស.
បើតាមលោកស្រី យក់ សម្បត្តិ បញ្ជាក់ថា ថវិកាទាំងនេះ គឺសម្រាប់ត្រៀមរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី០២ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែអំឡុងពេលបុណ្យចូលឆ្នាំចិន ខាងមុខនេះ អាចនឹងមានការកកស្ទះតាមដងផ្លូវ ហើយក្រុមហ៊ុនមួយចំនួននឹងឈប់សម្រាក។
លោកស្រី បានបន្ថែមថា ពេលនេះអំណោយសម្រាប់ខេត្តឧត្តរមានជ័យ កំពុងដឹកជញ្ជូនទៅកាន់ខេត្តឧត្តរមានជ័យ ដោយឡែកខេត្ត ៣ទៀត កំពុងបន្តរៀបចំដឹកទៅប្រគល់ជូន, ហើយសម្រាប់ថវិកាក៏កំពុងរៀបចំផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំង៤ ផងដែរ។
របាយការណ៍ក្រសួងសុខាភិបាល ឱ្យដឹងថា រហូតមកដល់ពេលនេះ មានពលករខ្មែរចំនួនជាង ២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN