បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសូមអំពាវនាវដល់បងប្អូនដែលរស់នៅក្នុងស្រុកឯកភ្នំ ជាពិសេសរស់នៅតំបន់ព្រៃលិចទឹកនៃដែនអភិរក្សជីវៈចម្រុះបឹងទន្លេសាប ក្នុងឃុំកោះជីវាំង ដែលរស់នៅនិងពឹងផ្អែកតែការប្រកបមុខរបរនេសាទ ដើម្បីចិញ្ចឹមជីវិតនោះ ត្រូវប្រកបរបរនេសាទឲ្យបានសមស្រប ត្រូវតែបញ្ឈប់ពីការកាប់ទន្ទ្រានបំផ្លាញព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូន និងមិនត្រូវប្រព្រឹត្តការនេសាទខុសច្បាប់ ដែលច្បាប់ជលផលបានហាមឃាត់ដាច់ខាត។គ្រប់អាជ្ញាធរនិងសហគមន៍និងជំនាញក៏ត្រូវចុះអប់រំផ្សព្វផ្សាយ ជម្រុញដល់បងប្អូនប្រកបមុខរបរនេសាទបែបលក្ខណៈគ្រួសារ ដើម្បីរក្សានូវព្រៃលិចទឺកនិងពូជត្រីពងកូនទុកដល់កូនចៅយើងជំនាន់ក្រោយៗទៀត។
លោក ម៉ិល សុផលអភិបាលស្រុកឯកភ្នំ បានមានប្រសាសន៍ឲ្យដឹងថាប្រជាពលរដ្ឋក្រីក្រចំនួន ៦០០គ្រួសារកំពុងជួបការលំបាករស់នៅតំបន់ទន្លេសាប ត្រូវបានទទួលអំណោយជាស្បៀងអាហារ ពីអង្គការខេមបូឌាវឺស៊ិននៅទីក្រុងស៊ីដនីនិងពីសប្បុរសជននានានៅប្រទេសអូស្ត្រាលី ដើម្បីជួយរំលែកនូវការលំបាកជីវភាពខ្វះខាតរបស់ពួកគាត់បានមួយរយៈ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ប្រតិភូ អាជ្ញាធរស្រុកឯកភ្នំនិងម្ចាស់អំណោយតំណាង អង្គការខេមបូឌា វឺស៊ិននិងសមាគមខ្មែរនៅទីក្រុងស៊ីដនីនិងសប្បុរសជនរស់នៅប្រទេសអូស្ត្រាលីនិងកម្ពុជា តាមរយៈលោក ហ៊ ហាប់ អគ្គនាយរងក្រុមហ៊ុន ជីហ្គៀ គ្រុបដែលនាំយកអំណោយជាស្បៀងរួមមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករស ដើម្បីចែកជូនដល់បងប្អូនក្រុមគ្រួសារកំពុងតែជួបការលំបាកខ្លាំង ដោយសារតែការរាតត្បាតជាសកល ពីជំងឺកូវីដ-19កន្លងមកសរុបចំនួន៦០០គ្រួសារដែលរស់នៅក្នុងឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបង។ពិធីចែកអំណោយនេះ បានធ្វើឡើងក្នុងបរិវេណ វត្តសិរីរតនារាមអន្លង់សាគរហៅវត្តអន្លង់តាអ៊ួរស្ថិតក្នុងភូមិអន្លង់តាអ៊ួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១នេះ។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានមានប្រសាសន៍ឲ្យដឹងថាប្រជាពលរដ្ឋក្រីក្រទាំង ៦០០គ្រួសារ ដែលត្រូវបានទទួលនូវអំណោយជាស្បៀងអាហារពីអង្គការខេមបូឌាវឺស៊ិននៅទីក្រុងស៊ីដនី និងពីសប្បុរសជននានានៅប្រទេសអូស្ត្រាលី ដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតខ្លាំងនៅថ្ងៃនេះពិតជាបានរួមចំណែកជួយរំលែកនូវការលំបាកជាមួយរដ្ឋបាលគ្រប់ថ្នាក់ទាំងស្រុកនិងថ្នាក់ខេត្តនៅក្នុងឱកាសនេះ។ការចែកអំណោយនេះ ដើម្បីអាចជួយសម្រាលនូវជីវភាពខ្វះខាតរបស់បងប្អូនបានមួយរយៈ។បងប្អូនដែ
លមកទទួលអំណោយទាំងនេះគឺមកពីភូមិថ្វាងចំនួន ១០០គ្រួសារ។ភូមិកំពង់ប្រហុក ១០០គ្រួសារ។ ភូមិអន្លង់តាអ៊ួរ ១០១គ្រួសារ។ភូមិព្រែកទាល់ ១១៩គ្រួសារ។ភូមិក្បាលតោល ១២០គ្រួសារនិងប្រជាការពារ ចំនួន ៦០គ្រួសារ។
លោកហ៊ ហាប់ អគ្គនាយរងក្រុមហ៊ុន ជីហ្គៀ គ្រុបនិងជាតំណាងអង្គការខេមបូឌាវឺស៊ិននៅទីក្រុងស៊ីដនី និងពីសប្បុរសជននានានៅប្រទេសអូស្ត្រាលី បានមានប្រសាសន៍បញ្ជាក់ថាអង្គការខេមបូឌាវឺស៊ិននៅទីក្រុងស៊ីដនី បានធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់តាមបណ្តាខេត្តនានាមួយចំនួនដូចជាខេត្តកំពង់ស្ពឺ ខេត្តពោធិសាត់ ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ តាមរយៈការចែកស្បៀងអាហារជួនដល់ប្រជាជនក្រីក្រ និងកំពុងជួបការលំបាកសម្រាប់ខេត្តគោលដៅទាំង៤ខាងលើ សរុបជាង ៧.០០០គ្រួសារ។ដោយឡែកនៅខេត្តបាត់ដំបង មានចំនួន៤ស្រុក ប្រមាណជាង ២ពាន់គ្រួសារ ហើយអំណោយទាំងនេះគឺអង្គការគ្រោងចែកជូន ក្រោយទឹកជំនន់ តែដោយបញ្ហាប្រឈមពីកូវីដ-19 ទើបត្រូវពន្យាពេលរហូតមកដល់ពេលនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយនិងតាមរយៈប្រតិភូតំណាងអង្គការ ដែលបានចុះមកផ្ទាល់និងបាននាំយកអំណោយជាស្បៀងខាងលើ ដើម្បីផ្សារភ្ជាប់ពីសុខទុក្ខនិងពីជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ ដើម្បីសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ ស្រុកនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនិងជាប្រជានេសាទទាំងអស់ ដែលរស់នៅក្នុងឃុំកោះជីវាំង(តំបន់បឹងទន្លេសាប) បន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងនិងការចម្លង កូវីដ-19 ត្រូវអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងបាននិងទប់ស្កាត់ពីការឆ្លងនិងការចម្លងមេរោគកូវីដ-19 ដោយមិនត្រូវធ្វេសប្រហែសនៅតាមមូលដ្ឋាននិងក្រុមគ្រួសារបងប្អូននីមួយៗនោះទេ។សូមអំពាវនាវដល់បងប្អូនដែលរស់នៅក្នុងស្រុកឯកភ្នំ ជាពិសេសរស់នៅតំបន់ព្រៃលិចទឹកនៃដែនអភិរក្សជីវៈចម្រុះបឹងទន្លេសាប ក្នុងឃុំកោះជីវាំង ដែលរស់នៅនិងពឹងផ្អែកតែការប្រកបមុខរបរនេសាទ ដើម្បីចិញ្ចឹមជីវិតនោះ ត្រូវប្រកបរបរនេសាទឲ្យបានសមស្រប ត្រូវតែបញ្ឈប់ពីការកាប់ទន្ទ្រានបំផ្លាញព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូន និងមិនត្រូវប្រព្រឹត្តការនេសាទខុសច្បាប់ ដែលច្បាប់ជលផលបានហាមឃាត់ដាច់ខាត។ គ្រប់អាជ្ញាធរនិងសហគមន៍ និងជំនាញក៏ត្រូវចុះអប់រំផ្សព្វផ្សាយ ជម្រុញដល់បងប្អូនប្រកបមុខរបរនេសាទបែបលក្ខណៈគ្រួសារ ដើម្បីរក្សានូវព្រៃលិចទឹក និងពូជត្រីពងកូនដល់កូនចៅយើងជំនាន់ក្រោយៗទៀត។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រគេនបច្ច័យ ចំនួន៥០០ដុល្លារ ដល់ចៅអធិការវត្តអន្លង់តាអ៊ួរ ដើម្បីរួមចំណែកកសាងនូវសមិទ្ធផលនានា ក្នុងវត្តផងដែរ៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ