Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​វេជ្ជបណ្ឌិត​ចិន មក​ធ្វើ​ឧទ្ទេសនាម ពី​ការប្រើប្រាស់​ទុកដាក់​វ៉ាក់សាំង និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា​នៅ​រសៀល​នេះ​

​ភ្នំពេញៈ ក្រុម​វេជ្ជបណ្ឌិត​ចិន​នឹង​មក​ធ្វើ​បទឧទ្ទេសនាម​បង្ហាញ​អំពី​ការប្រើប្រាស់​វ៉ាក់សាំង ការ​ទុកដាក់​វ៉ាក់សាំង និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​ក្រុមគ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល និង​ក្រុមគ្រូពេទ្យ​របស់​កងយោធពល​ខេមរភូមិន្ទ នៅ​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​មុន​នឹងធ្វើ​បទឧទ្ទេសនាម​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក Wang Wen Tian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​ក្រុម​វេជ្ជបណ្ឌិត​ចិន នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា នៅវេលា​ម៉ោង ២​រសៀល ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូ​វីដ​-១៩ គឺជា​រឿង​ថ្មី​ចំពោះ​កម្ពុជា បើទោះបីជា​យើង​មាន​ពេទ្យ​ក៏ដោយ ជាការ​ចាំបាច់​ត្រូវតែ​មានការ​ឧទ្ទេសនាម​ពី​ក្រុម​វេជ្ជបណ្ឌិត​ចិន ដើម្បី​ក្រុមគ្រូពេទ្យ​កម្ពុជា​ប្រើប្រាស់​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព​។ ក្រុម​វេជ្ជបណ្ឌិត​ចិន​ដែល​មក​ធ្វើ​ឧទ្ទេសនាម​មាន​ចំនួន ៤​នាក់ ដែលមាន​ជំនាញ​ខាង​ប្រើប្រាស់​វ៉ាក់សាំង និង​ការ​ទុកដាក់ ការដឹកជញ្ជូន និង​ការថែរក្សា​ជាដើម​។​

សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា “​តាម​ចំនួន​វ៉ាក់សាំង​ដែលមាន គឺ​មន្ត្រី​យោធា​នឹង​អាច​ទទួលបាន​វ៉ាក់សាំង​ចាក់​ការពារ​ទាំងអស់ ហើយ​វ៉ាក់សាំង​នេះ​ទៀតសោត តាម​ដែល​សម្តេច​ដឹង គឺ​ត្រូវ​ចាក់​ម្នាក់​ពីរ​ដូ​ស ពោលគឺ​ត្រូវ​ចាក់​ចំនួន​ពីរដង​”​។​

​ទាក់ទង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ថា វ៉ាក់សាំង​ដែល​កម្ពុជា​នឹង​ទទួលបាន​ប្រមាណ ២០​លាន​ដូ​ស​។ ក្នុងនោះ​ទទួលបាន​ជំនួយ​ពី​ចិន ១​លាន​ដូ​ស ដែល​នឹង​មកដល់​ខែកុម្ភៈ ចំនួន ៦០​ម៉ឺន​ដូ​ស ទទួល​ពី​កូ​វ៉ា​ក់ ដែលជា​របស់​អង្គការ​សុខភាព​ពិភពលោក ៧​លាន​ដូ​ស និង​ទិញ​តាម​កូ​វ៉ា​ក់​១​លាន​ដូ​ស ព្រមទាំង​ទទួលបាន​តាមរយៈ​ជំនួយ​ពី​អូស្ត្រាលី​ខ្ទង់​៣​លាន​ដូ​ស​។ ក្រៅពីនោះ​កម្ពុជា​ពិចារណា​ទិញ​ពី​ប្រទេស​អង់គ្លេស​ផងដែរ​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា បើ​វ៉ាក់សាំង​មួយ​ដូ​ស​តម្លៃ​ចន្លោះ​ពី ៤ ទៅ ៥​ដុល្លារ គឺ​ព្រះ​រាជអំណោយ​ព្រះមហាក្សត្រ និង​មហាក្សត្រី ព្រមទាំង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៥៧​លាន​ដុល្លារ គឺ​គ្រប់គ្រាន់​ហើយ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×