ពស់ថ្លាន់ បើទោះជាសត្វល្មូនដ៏ធំបំផុតលើភពផែនដីក៏ពិតមែន ប៉ុន្តែ វាត្រូវបានចាត់ទុកជាសត្វស្លូតបូត។ ហើយបើតាមជំនឿតាំងពីយូរលង់តំណាលតៗគ្នាមក នោះចាស់ៗពីសម័យបុរាណ តែងបានសម្គាល់ឃើញថា បើកាលណាពស់ថ្លាន់បានវារចូលក្នុងផ្ទះអ្នកណា នោះផ្ទះអ្នកនោះនឹងរមែងមានសេចក្តីសុខសប្បាយ រកស៊ីមានបានត្រជាក់ត្រជុំ។ ហេតុដូចនេះ ប្រសិនបើឃើញពស់ថ្លាន់នៅក្នុងផ្ទះ ចាស់ៗហាមមិនឲ្យវាយធ្វើបាប ឬសម្លាប់វាឡើយ ព្រោះអាចនាំឲ្យកើតរឿងក្តៅក្រហាយនៅក្នុងគ្រួសារ។
ដោយឡែក ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍ និងក៏ដូចសម្តែងនូវការរំជួលចិត្តជាខ្លាំងផងដែរ ក្រោយពីបានឃើញទិដ្ឋភាពគ្រួសារខ្មែរមួយ បានធ្វើបុណ្យឲ្យសពពស់ថ្លាន់ញី១ក្បាល ដោយមានតាអាចារ្យធ្វើកិច្ចឧទ្ទិសកុសលត្រឹមត្រូវ ក្រោយពីពស់ថ្លាន់ជាទីស្រឡាញ់នោះ ដែលត្រូវបានចាត់ទុកដូចជាសមាជិកគ្រួសារ បានស្លាប់ក្រោយពីបានចូលមករស់នៅក្នុងផ្ទះពួកគាត់អស់រយៈពេលជាង ២៥ ឆ្នាំ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ សេដ បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍សោកស្តាយ ចំពោះការបាត់ពស់ថ្លាន់ដែលចាត់ទុកដូចជាបងស្រីបង្កើតរបស់ខ្លួនយ៉ាងដូច្នេះថា៖ «រយៈពេល25ឆ្នាំដែលបងស្រីមករស់នៅជាមួយគ្រួសារខ្ញុំ តាំងតែពីខ្ញុំមិនទាន់កើត តែពេលនេះគ្មានវត្តមានរបស់អ្នកនៅក្នុងគ្រួសារមួយនេះទៀតទេ អ្នកផ្សេងគេគិតអ្នកត្រឹមជាសត្វមួយក្បាល តែចំពោះគ្រួសារយើងទាំងមូលគិតអ្នកជាសមាជិកក្រុមគ្រួសាររបស់យើងទាំងមូល លាហើយបងស្រី ជាតិក្រោយកុំឲ្យកើតជាសត្វទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង