Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​ការអនុវត្ត​យុទ្ធសាស្ត្រ និង​កិច្ចប្រតិបត្តិការ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

​ភ្នំពេញ ៖​ខណៈដែល​វ៉ាក់សាំង​ជា​ជំនួយ​របស់​ចិត្តនឹង​ត្រូវ​មកដល់​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង ការអនុវត្ត​យុទ្ធសាស្ត្រ និង​កិច្ចប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩

​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​ការអនុវត្ត​យុទ្ធសាស្ត្រ និង​កិច្ចប្រតិបត្តិការ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​នេះ​មាន​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​ប្រធាន​, លោកស្រី យក់ សម្បត្តិ និង​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង លោក ម៉ៅ ប៊ុន​ណារិន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន និង មាន​មន្ត្រី​មកពី​ក្រសួង​ពាក់ព័ន្ធ​ចំនួន ១២​រូប ជា​សមាជិក និង​ជា​លេខាធិការ​។​

​ក្រុមការងារ​អន្តរក្រសួង​នេះ​មាន​តួនាទី​ដូចខាងក្រោម​៖

– អនុវត្ត​ការងារ​ជា​ជំហានៗ តាម​ផែនការ​លទ្ធកម្ម ដែល​បានសម្រេច​ដោយ​ក្រុមការងារ​អន្តរក្រសួង​ទទួលបន្ទុក​ការចរចា និង​ការពិគ្រោះ​យោបល់​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
– ត្រួតពិនិត្យ​លក្ខ​ខណៈ​បច្ចេកទេស​របស់​វ៉ាក់សាំង​កូ​វីដ​១៩ នៅពេល​មកដល់​ឃ្លាំង​ឱសថ​កណ្តាល ការថែរក្សា​ទុក ការបែងចែក និង​ការដឹកជញ្ជូន​
– សម្របសម្រួល​ជាមួយ​វិស័យ​ឯកជន​ក្នុងការ​ថែរក្សា និង​ដឹកជញ្ជូន​វ៉ាក់សាំង​កូ​វីដ​១៩
– អនុវត្ត​ពិធីសារ​ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ផែនការ​ជាតិ​ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ និង​គោលការណ៍​ណែនាំ​ប្រតិបត្តិ​សម្រាប់​យុទ្ធនា​ការផ្តល់​ថ្នាំ​បង្ការ​កូ​វីដ​១៩
– សម្របសម្រួល​ការគ្រប់គ្រង តាមដាន អនុវត្ត​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩
– គ្រប់គ្រង និង​តាមដាន​លទ្ធផល​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩
– សម្របសម្រួល​ការងារ​អប់រំ ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩
– រៀបចំ​ចាត់ចែង​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដោយ​បុគ្គលិក​សុខាភិបាល ទៅតាម​លំដាប់​ក្រុម​គោលដៅ និង​ទីកន្លែង​ដែល​បានកំណត់​តាម​ពិធីសារ​ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩
– ធ្វើការ​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​អនុវត្ត​ប្រព័ន្ធ​វ៉ាក់សាំង​ឆ្លាត​
– គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​នានា ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង ដូចជា​ផលប៉ះពាល់​អវិជ្ជមាន​ជាដើម​
– ធ្វើ​របាយការណ៍​អំពី​លទ្ធ​ផលា​រងារ ព្រមទាំង​គោរព​សុំ​គោលការណ៍​សម្រេច​ដ៏​ខ្ពង់ខ្ពស់​លើ​វិធានការ​ចាំបាច់​នានា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

​លោក វ៉ាង វិ​ន​ធាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ប្រមាណ ៦០​ម៉ឺន​ដូ​ស ក្នុងចំណោម​១​លាន​ដូ​ស នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×