Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆ្នាំ​២០២០ សហគ្រាស​បាន​បិទទ្វារ និង​កម្មករ​-​និយោជិត បាត់បង់​ការងារ​ច្រើនជាង​កាលពី​ឆ្នាំ​២០១៩

​ភ្នំពេញ ៖ ក្នុងជំនួប​ជាមួយ លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៨) នៅ​វិមាន​រដ្ឋសភា នា​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ លោក អ៉ិ​ត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា សហគ្រាស​បាន​បិទទ្វារ និង​កម្មករ​-​និយោជិត បាត់បង់​ការងារ​ច្រើនជាង​កាលពី​ឆ្នាំ​២០១៩​។

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែងថា ក្នុង​ឆ្នាំ​២០២០ មាន​សហគ្រាស​ចំនួន ១,៣៥៦ បាន​បិទ​លែង​ដំណើរការ និង​កម្មករ​-​និយោជិត បាន​បាត់បង់​ការងារ​ចំនួន ១០៨,៨២៥ នាក់ ដែល​ចំនួន​នេះ គឺ​ច្រើនជាង​កាលពី​ឆ្នាំ​២០១៩ ក្នុង​រយៈពេល​ដូចគ្នា ដែលមាន​សហគ្រាស​ចំនួន ៩៦៩ និង​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ៨៥,៨៨៩ នាក់ ដែល​ភាគច្រើន គឺជា​ប្រភេទ​រោងចក្រ សហគ្រាស ក្រៅពី​វិស័យ​កាត់ដេរ​។​

​ទោះជា​យ៉ាងណា ក្នុង​រយៈពេល​ដូចគ្នានេះ​ទៀតសោត គឺ​ក្នុង​ឆ្នាំ​២០២០ បើតាម​លោក អ៊ិត សំហេង ឲ្យ​ដឹងថា ក៏មាន​រោងចក្រ សហគ្រាស​ចំនួន ១,១០៣ បាន​បើក​ថ្មី និង​បាន​បង្កើត​ការងារ​បន្ថែមចំនួន ៦១,២៥៧ នាក់ មានការ​ងារ​ធ្វើ​ផងដែរ​, ហើយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ខិតខំ​ផ្តល់ព័ត៌មាន​ទីផ្សារការងា​រ​ដល់​អ្នកស្វែងរក​ការងារ​ប្រមាណ​ជាង ២.៣ លាន​នាក់ តាមរយៈ​វេទិកា​ការងារ សេវា​ទូរស័ព្ទ គេហទំព័រ​ការងារ បណ្តាញ​ទំនាក់ទំនង​សង្គម និង​មជ្ឈមណ្ឌល​ការងារ​ជាដើម​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×