បាត់ដំបង ៖ ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិប្រចាំទិញភូមិភាគទី៤និងទី៥បានមានប្រសាសន៍ថា មណ្ឌលចត្តាឡីស័កត្រៀមរៀបចំថ្មីទៀត គឺសម្រាប់នៅពេលមណ្ឌលចត្តាឡីស័កដែលមានស្រាប់ពេញ ត្រូវបញ្ជូនពលករខ្មែរ ទើបត្រឡប់ចេញមកពីថៃមកកន្លែងថ្មីផ្សេងទៀត។អាជ្ញាធរខេត្តនិងមន្ត្រីជំនាញ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែមនេះឲ្យបានល្អ មានទាំងកន្លែងសម្រាក បង្គន់អនាម័យនិងកន្លែងចំអិនអាហារជាដើម ឲ្យបានសមស្រប ដើម្បីឲ្យពួកគាត់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានមានប្រសាសន៍ឲ្យដឹងថា ពលករខ្មែរឆ្លងដែនចេញពីប្រទេសថៃតាមច្រកជាប់ស្រុកកំរៀងមានជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នក្នុងស្រុកមានមណ្ឌលចត្តាឡីស័កចំនួន៣ អាចដាក់ចំណុះពលករបានជាមធ្យមប្រមាណ ៦០០នាក់ ខណៈមានអ្នកបញ្ចប់ការធ្វើចត្តាឡីស័កចេញជាបណ្ដើរ ប៉ុន្តែមានកំណើនពលករខ្មែរចូលវិញក៏ច្រើន។ក្នុងការដោះស្រាយបញ្ហានេះ មានក្រុមហ៊ុនឯកជនមួយ បានសម្បទានដីផ្ទាល់ខ្លួនប្រមាណ២ហិកតានៅក្នុងស្រុកកំរៀងជិតព្រំដែនថៃ ដើម្បីរៀបចំជាទីតាំងធ្វើមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលទើបប្រឡប់ចេញមកពីប្រទេសថៃ។
ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិញភូមិភាគទី៤ និងទី៥ក្នុងឱកាសចុះពិនិត្យទីតាំងត្រូវរៀបចំធ្វើមណ្ឌលចត្តាឡីស័កនៅស្រុកកំរៀង កាលពីរសៀលថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២១ បានមានប្រសាសន៍ថា មណ្ឌលចត្តាឡីស័កត្រៀមថ្មីនេះ គឺសម្រាប់នៅពេលមណ្ឌលចត្តាឡីស័កដែលមានស្រាប់ពេញ ត្រូវបញ្ជូនពលករខ្មែរដែលត្រឡប់មកពីថៃមកកន្លែងថ្មីផ្សេងទៀតហើយនៅពេលមណ្ឌលចត្តាឡីស័កកន្លែងចាស់មានពលករខ្មែរធ្វើចត្តាឡីស័កគ្រប់កំណត់១៤ថ្ងៃ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ទើបអាចដាក់ពលករខ្មែរចូលធ្វើចត្តាឡីស័កបានជាបន្តបន្ទាប់ទៀត។ អាជ្ញាធរខេត្តនិងមន្ត្រីជំនាញ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែមឲ្យបានល្អ មានទាំងកន្លែងសម្រាក់ បង្គន់អនាម័យ និងកន្លែងចំអិនអាហារជាដើម ឲ្យបានសមស្រប ដើម្បីឲ្យពួកគាត់ អនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់សមត្ថកិច្ចការពារព្រំដែនទាំងអស់ ត្រូវសហការជាមួយមន្ត្រីសុខាភិបាល បន្តរឹតបន្តឹងក្នុងការពិនិត្យទប់ស្កាត់កុំឲ្យពលករណាម្នាក់ អាចគេចវេសពីការពិនិត្យសុខភាព ការយកសំណាកនិងការធ្វើចត្តាឡីស័កគឺមិនអាចលើកលែងក្នុងករណីអ្នកណាម្នាក់បាននោះទេ។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ ដើមខែកុម្ភៈនេះ ចំនួនពលករខ្មែរឆ្លងដែនចេញពីប្រទេសថៃ ក្នុងអំឡុងមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន បានធ្វើដំណើរចូលមកកម្ពុជាតាមច្រកនានាជាប់ខេត្តបាត់ដំបង មានចំនួនលើស ១០០នាក់និងមានបន្តមកទៀតជាហូរហែរ។ នៅដើមខែកុម្ភៈ ឆ្នាំ២០២១នេះ កំណើននៃពលករខ្មែរឆ្លងដែនចេញពីប្រទេសថៃនៅតាមច្រកព្រំដែនជាប់ខេត្តបាត់ដំបង មានកំណើនច្រើនខុសធម្មតា។ បញ្ហានេះ អាជ្ញាធរខេត្តនិងមន្ត្រីជំនាញ បានត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀតនៅតាមស្រុកជាប់ព្រំដែន ខណៈក្នុងរដូវនេះ សម្បូរទៅដោយបុណ្យទានឬពិធីមង្គលការជាដើមនោះ៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ