ភ្នំពេញ ៖ លោក ចិន ខន្តី ជាមន្ត្រីឋានន្តរស័ក្កិក្រមការដើមខ្សែថ្នាក់លេខ១ ប្រធានផ្នែកច្បាប់ និងស៉ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋ សាលាខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងថ្មីជាផ្លូវការ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ ខណ: លោក វុធ តារ៉ា ប្រធានចាស់ ត្រូវចប់អាណត្តិទៅបម្រើការងារនៅអង្គភាពដើមវិញ ខណៈអភិបាលរងខេត្តមួយរូបណែនាំថា បើដោះស្រាយបញ្ហាមិនចេញ ត្រូវសុំគោលការណ៍ថ្នាក់ដឹកនាំខេត្ត។
ពិធីប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ធ្វើឡើងនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ដោយមានការចូលរួមពី លោក អ៊ុង វុឌ្ឍី អភិបាលរងខេត្តព្រះវិហារ, លោក ជា គឹម សេង អភិបាលស្រុកជាំក្សាន្ត និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។
លោក អ៊ុង វុឌ្ឍី អភិបាលរងខេត្តព្រះវិហារ បានថ្លែងណែនាំថា ការដោះស្រាយបញ្ហាផ្សេងៗ គឺត្រូវទទួលខុសត្រូវ និងយកចិត្តទុកដាក់ដោយខ្លួនឯង ហើយកន្លែងណាដែលដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ដោះស្រាយពីថ្នាក់ដឹកនាំខេត្ត ពិសេសគោលការណ៍ពីលោកអភិបាលខេត្ត។ ពេលប្រកាសតែងតាំងរួចហើយ គឺត្រូវប្រចាំការ ក្តាប់សភាពការណ៍នៅតាមព្រំដែនឲ្យបានច្បាស់លាស់ ពិសេសបញ្ហាជំងឺកូវីដ-១៩ និងបញ្ហាទំនិញ ក៏ដូចជាមនុស្សចេញចូលឆ្លងដែនឲ្យបានច្បាស់លាស់ , ពិសេស គឺត្រូវរក្សាឯកភាពផ្ទៃក្នុងរវាងមន្ត្រី និងកងកម្លាំងពាក់ព័ន្ធទាំងអស់ដើម្បីប្រសិទ្ធិភាពការងារ។
លោកអភិបាលរងខេត្តព្រះវិហារ ថា ការប្រកាសចូលកាន់តំណែងមន្ត្រីថ្មី ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ នៅពេលនេះ គឺជារឿងធម្មតាមិនមានអ្វីប្លែកនោះទេ គឺដោយសារប្រធានស្នាក់ការចាស់ លោក វុធ តារ៉ា គាត់ត្រូវបញ្ចប់អាណត្តិរបស់គាត់ មិនមែនគាត់ធ្វើការមិនកើតនោះទេ ដូច្នេះដល់អាណត្តិ គឺត្រូវផ្លាស់ប្តូរហើយ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN