ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោកកូយ សៅ បានជម្រាបមកសហមេធាវីការពារសិទ្ធិជនជាប់ចោទ ឈ្មោះ កឹម សុខា ក្នុងកម្មវត្ថុករណីស្នើសុំបន្តសវនាការឡើងវិញ របស់សហមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ ។
យោងតាម សំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២-១ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងពាក្យសុំបន្តសវនាការ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ របស់សហមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ ។
តបតាមកម្មវត្ថុ និងយោងខាងលើ ក្នុមប្រឹក្សាជំនុំជម្រះ សូមជម្រាបជូនសហមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ ឲ្យបានជ្រាបថា បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ ពិនិត្យនូវសំណើសុំបន្តសវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះ យល់ឃើញថា សវនាការមិនទាន់អាចបន្តដាក់កម្មវិធីនាពេលនេះបាននៅឡើយទេ ដោយមូលហេតុថា ការចម្លងរីករាលដាលនៃមេរោគកូវីដ១៩ (COVID-I9) នៅតែមានស្ថានភាពធ្ងន់ធ្ងរជាសកល និងមិនច្បាស់លាស់នៅឡើយ។
ម្យ៉ាងទៀតដោយហេតុថា សាលាដំបូងរាជធានីភ្នំពេញ ក៏កំពុងតែមមាញឹកនៅក្នុងចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ
ដែលមានជនត្រូវចោទ ឬ ជនជាប់ចោទកំពុងជាប់ឃុំ យ៉ាងចង្អៀតក្នុងពន្ធនាគារ ដែលករណីនេះ ជាបញ្ហាប្រឈម ដែលត្រូវចូលរួមឱ្យបានសកម្មនៅក្នុងយុទ្ធនាការនៃការដោះស្រាយសំណុំរឿងកកស្ទះ ដែលត្រូវបានដាក់ចេញដោយក្រសួងយុត្តិធម៌ នាពេលកន្លងមកថ្មីៗនេះ។
ស្របពេលជាមួយនេះដែរ ក្រុមប្រឹក្សាជំនុំជម្រះ ក៏ពិនិត្យនិងពិចារណានូវគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីអាចមាន លទ្ធភាពបន្តសវនាការឡើងវិញ នាពេលវេលាសមស្របខាងមុខនេះ ដើម្បីធានានូវសិទ្ធិ និងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ ស្របតាមនីតិវិធីច្បាប់។
ចំណែកលោកមុត ចន្ថា មន្ត្រីស្និទ្ធនឹងលោកកឹម សុខា បានសរសេរសារថា បើពិនិត្យខ្លឹមសារនៃហេតុផលរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងភ្នំពេញ កូយ សៅ ហាក់មិនស៉ីសង្វាក់គ្នា និងផ្ទុយគ្នា។ ហេតុផលកូវីដ-១៩ ជាហេតុផលទី១ដែលមិនអាចបន្តសវនការបាន ប៉ុន្តែកន្លែងដែលផ្ទុយនោះ គឺតុលាការផ្តល់អាទិភាពលើសំណុំរឿងកកស្ទះច្រើនដែលត្រូវដោះស្រាយជាអាទិភាព ដែលដាក់ចេញដោយក្រសួងយុត្តិធម៌។ បើហេតុផលជំងឺឆ្លងកូវីដ-១៩ គឺជាហេតុផលឧបសគ្គ ចុះហេតុអីតុលាការបន្តបើកសវនការរឿងក្តីកកស្ទះ ហើយថែមទាំងសំណុំរឿងព្រហ្មទណ្ឌថ្មីទៀត?
លោកសុំនិយាយដោយផ្អែកតាមបរិបទជាក់ស្តែងក្នុងតុលាការកម្ពុជា ឬបទពិសោធន៍អន្តរជាតិ តុលាការមិនដែលផ្អឹបទុកសវនការនៃសំណុំរឿងព្រហ្មទណ្ឌដែលបានបើកសវនការជាច្រើនខែរួចហើយ និងដេញដោលគ្នាស្ទើរតែគ្រប់អង្គហេតុរួចហើយនោះទេ។ តើនេះជាហេតុផល និងជាចេតនាមិនចង់បើកសវនការនេះ រហូត ២០២៤ ដូចដែលអ្នកដឹកនាំបានប្រកាសមែនទេ?
តុលាការគួរដឹងថាៈ«យុត្តិធម៌ពន្យារពេល យុត្តិធម៌ត្រូវបានបដិសេធ!» រដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា ១៤) ដែលកម្ពុជាជាហត្ថលេខី ធានាអំពីសវនការដោយយុត្តិធម៌និងដោយគ្មានការពន្យារពេលមិនសមរម្យ។ ការរំលោភសិទ្ធិរបស់ជនជាប់ចោទ ឬជនត្រូវចោទទទួលបាននូវសវនការដោយយុត្តិធម៌ គឺតុលាការត្រូវទទួលខុសត្រូវឆ្លើយតប!។
លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួន និងឃុំដាក់ពន្ធនាគារ និងបន្តឃុំខ្លួនក្នុងផ្ទះ ពីបទទោសក្បត់ជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែកាលពីចុងឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយអនុញ្ញាតធ្វើដំណើរក្នុងប្រទេស តែហាមឃាត់ធ្វើសកម្មភាពនយោបាយ។ ទោះយ៉ាងណាប្រធានគណបក្សប្រឆាំងរូបនេះ បានធ្វើសកម្មភាពចេញតាមបណ្ដាខេត្តញឹកញាប់ ក្នុងឆ្នាំ២០២០។ ទន្ទឹមគ្នានោះដែរ សាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតព្រមានថា សកម្មភាពចុះតាមបណ្តាខេត្តនានារបស់លោក កឹម សុខា អាចនឹងឈានទៅហួសព្រំដែនដែលតុលាការបានកំណត់។ ទោះមានការព្រមានបែបនេះក្តី ប៉ុន្តែលោក កឹម សុខា នៅតែបន្តធ្វើសកម្មភាពដដែលរហូតមកដល់ពេលនេះ ហាក់ផ្គើននឹងសាលាដំបូងរាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ