ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសយ៉ាងឱឡារិកថាជនមានពិការភាព អាចប្រលងយកបណ្ណបើកបរបាន។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់ជនមានពិការភាពដែលអាចបើកបរបាន សូមអញ្ជើញទៅចុះឈ្មោះដើម្បីយកបណ្ណបើកបរ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍បន្តថានឹងបើកវគ្គបណ្តុះបណ្តាលពិសេសអំពីការបើកបរសម្រាប់បងប្អូនមានពិការភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងនធ្ងន់ថា ជនមានពិការភាពគឺអាចបើកបរបាន នៅប្រទេសគេក៏បើកបរបានដែរដោយគ្មានបញ្ហាទេ។
ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បង្ហាញមោទនភាពផងដែរថា នៅក្រសួងរបស់លោកក៏មានចំណតយានយន្តពិសេសនិងបានដាក់ផ្លាកសញ្ញាសម្រាប់ជនមានពិការភាពផងដែរ។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ខ្ញុំសូមចូលរួមអបអរសាទរជាមួយសមិទ្ធផលថ្មីក្នុងវិស័យពិការភាព និងសូមលើកទឹកចិត្តដល់បងប្អូនមានពិការភាពដែលមានសមត្ថភាពបើកបរបានសូមអញ្ជើញទៅចុះឈ្មោះប្រឡងដើម្បីទទួលបានបណ្ណបើកបរស្របច្បាប់នៅក្រសួងសាធារណការនិងដឹកជញ្ជូន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ