ភ្នំពេញ ៖ ទាក់ទងនឹងរឿងរ៉ាវផ្ទុះក្តៅគគុកនៅលើបណ្តាញសង្គម គឺក្រោយរឿង «ទុំទាវ ២០២១» របស់អ្នកលក់ឡេល្បីឈ្មោះ អាជី និងអាម៉ី ត្រូវរងព្យុះរិះគន់ធ្ងន់ៗ រហូតមហាជនស្នើរឲ្យក្រសួងធម្មការ និងសាសនាចាត់វិធានការ ដោយសារតែតួអង្កនេនទុំ និងនេនពេជ្រ បែរជាសម្តែងបែបកំប្លែងដ៏មិនគួរគប្បីទាល់តែសោះ។
ដោយបានដឹងពីកំហុសឆ្គង និងទទួលយកនូវការរិះគន់នៅទីបំផុត នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ម្ចាស់ផេក Hokima អាជី និងអាម៉ី ក៏បានចេញមុខសុំទោសយ៉ាងដូច្នេះថា៖ “រឿងទុំទាវ 2021 បែបកំប្លែង ប្រសិនជាមានកំហុសខុសឆ្គង មេត្តាខន្តីអភ័យទោស ព្រោះវាគ្រាន់តែជាការសម្ដែង អោយបងប្អូនសើច អ្វីដែលសំខាន់ សម្រាប់អ្នកយកវីដេអូរឿងនេះ ចម្លងយកទៅកាត់ត និយាយស្ដីឌៀលកប់ៗមាត់ អញ្ជើញលុបផង រិះគន់ក្រោមខមមិនបាន តែកុំជេរដៀល ហើយចម្លងដោយគ្មានការអនុញាតិ ចូលរិះគន់ដើម្បីស្ថាបនា មានអ្នកផ្សេងថតលើសៗហ្នឹងផង ម៉េចមិនដៀលគេដែរទៅ? ម៉េចចឹង?”។
នៅមិនស្ងប់ អាម៉ី ក៏បានចេញ Video សុំទោសជាសាធារណៈ និងបញ្ជាក់ដដែលទៀតថា៖ «រឿង ទុំទាវ រាល់កំហុសខុសឆ្គងដែលក្រុមនាងខ្ញុំបានសម្ដែង នាងខ្ញុំបានលុបចោលរួចហើយ អ្នកដែលចម្លងយកទៅផុសគឺសុំលុបចោលផង ព្រោះសំណុំរឿងនេះបានបញ្ចប់ហើយ អរគុណសម្រាប់មតិរិះគន់ដើម្បីស្ថាបនា មានកំហុសចេះកែ អាម៉ី បានបន្ថែមថា “Video សុំទោសជាសាធារណៈ រឿង ទុំទាវ រាល់កំហុសខុសឆ្គងដែលក្រុមនាងខ្ញុំបានសម្ដែងនាងខ្ញុំបានលុបចោលរួចហើយ អ្នកដែលចម្លងយកទៅផុសគឺសុំលុបចោលផង ព្រោះសំណុំរឿងនេះបានបញ្ចប់ហើយ អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា មានកំហុសចេះកែ”។
តែទោះយ៉ាងណា ជុំវិញរឿងក្តៅគគុកនេះផងដែរ នៅមុននេះបន្តិច (ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១) លោក ហេង ឡុង ក៏បានបង្ហោះបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនវ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា»។
ជាមួយគ្នានេះផងដែរ អាចារ្យធំ ក៏បានបញ្ចេញប្រតិកម្ម រហូតដល់ថ្នាក់ប្រើពាក្យធ្ងន់ៗបែបនេះថា៖ “មិននិយាយច្រើន! គឺអូសក្បាលហ្វូងអាថោក មេថោក អស់នេះដាក់គុក ជាជាងត្រឹមតែព្រមានដូចសព្វមួយដង។ មើលឃើញទោសធំៗ៣ ៖ ១/ទោសប្រមាថ អក្សរសិល្ប៍ជាតិ (បំផ្លាញច្បាប់ដើម រឿងទុំទាវ)។ ២/ទោសជាន់ឈ្លី តម្លៃប្រពៃណីវប្បធម៌ជាតិ។ ៣/ទោសប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសន ដែលជាសាសនាជាតិ។ ដើម្បីប្រយោជន៍ខ្លួនបំផ្លាញតម្លៃជាតិ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង