Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ភស្តុភារ​, យន្ត​យុទ្ធ​, ពេទ្យ​សង្គ្រោះ និង​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់ សម្រាប់​យោធភូមិភាគ​ទី​៤

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក អញ្ជើញ​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ភស្តុភារ​, យន្ត​យុទ្ធ​, ពេទ្យ​សង្គ្រោះ និង​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់ សម្រាប់​យោធភូមិភាគ​ទី​៤ និង​កងពលធំ​អន្តរាគមន៍​លេខ​២ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ ដែល​ពិតជា​បាន​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​ក្នុងការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ជំនាញ​របស់​យោធិន ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​ការអនុវត្ត​ភារកិច្ច​ចំពោះមុខ និង​រយៈពេល​វែង​រប​ស់​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​បំពេញបាន​នូវ​តម្រូវ​ការខ្វះខាត​ធនធានមនុស្ស​ក្នុង​ជំនាញ​ទាំង ០៤ នេះ ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​យើង ដែល​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ទិស​យោធភូមិភាគ​ទី​៤​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​សូម​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​, អគ្គបញ្ជាការដ្ឋាន​, ក្រុមការងារ​កសាង​ឯកសារ​ភស្តុភារ និង​ក្រុម​គ្រូឧទ្ទេស​, គណៈ​គ្រប់គ្រង​វគ្គ និង​បណ្តា​ស្ថាប័ន​-​កងឯកភាព​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​បង្ករ​លក្ខណៈ និង​រៀបចំ​ដំណើរការ​វគ្គ​ហ្វឹកហ្វឺន​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​សម្រេចបាន​លទ្ធផល​ការងារ​តាម​ផែនការ​កំណត់ ដែលជា​ការចូលរួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុង​ពង្រឹង​ជំនាញ​ខ្សែរយៈ​ធានា​របស់​កងទ័ព​ពីក្រោម​ឡើងលើ បន្ត​លើ​មូលដ្ឋាន​ស្នាដៃ ដែល​យោធិន​ជំនាន់​មុន​បាន​ខិតខំ​កសាង​បន្សល់​ទុកឱ្យ​តាំងពី​ក្នុងពេល​លំបាក​។ ទាំងអស់នេះ គឺ​ពិតជា​កើត​មកពី​ការប្តេជ្ញាចិត្ត​រួមគ្នា ទាំង​ស្មារតី ឆន្ទៈ និង​សម្ភារៈ ជា​ធ្លុង​សាមគ្គី​ឯកភាព​ក្នុង​បុព្វហេតុ​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារជាតិ​។

​ចំពោះ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែលជា​បញ្ហា​ប្រឈម​ចំពោះមុខ មកដល់​បច្ចុប្បន្ននេះ កម្ពុជា​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​ប្រសើរ ដោយ​មិនទាន់មាន​ករណី​ឆ្លង​ច្រើន ហើយ​ករណី​ស្លាប់​នៅក្នុង​ប្រទេស​ក៏​មិនទាន់មាន ខណៈដែល​ប្រទេស​មួយចំនួន​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​បន្ត​រងគ្រោះ​ខ្លាំង​។ ទាំងនេះ​ក៏ដោយ​សារ​យើងទាំងអស់គ្នា ទាំង​ប្រជាជន មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​បាន​ចូលរួម​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​នូវ​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល ហើយ​ចុង​ក្រោយនេះ គឺ​វិធានការ​ទប់ស្កាត់​នៅ​ច្រកព្រំដែន​តែម្តង​។ យ៉ាងណាក៏ដោយ ជាមួយនឹង​កំណើន​ពលករ​ចំណាកស្រុក​មកពី​ក្រៅប្រទេស​នេះ ក៏​ជា​ហានិភ័យ​មួយ​គួរឱ្យ​ព្រួយបារម្ភ​ផងដែរ​។ ដូច្នេះ​ដំណាក់កាល​បន្ត​នៅក្នុង​ការងារ​នេះ គឺ​ការបន្ត​ការពារ​ប្រជាពលរដ្ឋ​របស់​យើង ទី​១​តាមរយៈ​វិធានការណ៍​សុខាភិបាល និង​ទី​២ តាមរយៈ​ផ្តល់​ការចាក់​ថ្នាំ​បង្ការ​ដល់​ប្រជាពលរដ្ឋ ដូច​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។

​លោក​បន្តថា សព្វថ្ងៃនេះ នៅ​ទូទាំង​ពិភពលោក ប្រទេស​ជាច្រើន​បាន​រកឃើញ​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​អាចមាន​ប្រសិទ្ធភាព​ប្រើប្រាស់​បាន ដោយ​ឆ្លងតាម​ការស្រាវជ្រាវ និង​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​។ ដូច្នេះ នៅ​ចំពោះមុខ​ហានិភ័យ​ដ៏​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ចិត្ត​ទិញ​ថ្នាំ​បង្ការ​ពី​ប្រទេស​ចិន បន្ថែម​លើ​ជំនួយ​របស់​បណ្តា​ប្រទេស​ជា​មិត្ត ធ្វើយ៉ាងណា​ការពារ​ឱ្យបាន​នូវ​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ដោយ​មិនអាច​រង់ចាំ​បានឡើយ ជាពិសេស​ខណៈពេលដែល​កម្លាំង​សុខាភិបាល និង​កម្លាំងប្រដាប់អាវុធ​ជាតិ​យើង​ដែល​នៅ​ជួរមុខ​កំពុង​ប្រឈម​ដោះស្រាយ​បញ្ហា​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​ចូលមកក្នុង​ប្រទេស​វិញ​នៅតាម​ច្រកព្រំដែន និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។ នេះ គឺជា​ការសម្រេចចិត្តរ​បស់​រាជរដ្ឋាភិបាល​ផ្អែកលើ​មូលដ្ឋាន​សុខាភិបាល និង​ស្តង់ដារ​គុណភាព សុវត្ថិភាព​ច្បាស់លាស់ ជាពិសេស​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ប្រទេសជាតិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។ ក្នុង​ភាពជា​អ្នកដឹកនាំ​ដោយ​គំរូ ព្រមទាំង​ដើម្បី​ផ្តល់​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ដល់​ប្រជាពលរដ្ឋ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត ក៏បាន​ស្ម័គ្រចិត្ត​ទទួលយក​ការចាក់​ថ្នាំ​បង្ការ​នេះ​មុនគេ​ផងដែរ​។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​រាប់លាន​នាក់​ទៀត ក៏បាន​ប្រើប្រាស់​នូវ​ថ្នាំ​បង្ការ​ប្រភេទ​នេះ ដោយមាន​ប្រសិទ្ធភាព​រួចទៅហើយ​៕ រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

×