Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​ក្រឡាហោម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលឱ្យ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យមាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​នានា​ជាយថាហេតុ បណ្ដាលឱ្យ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ពិការភាព ខាតបង់​ទ្រព្យសម្បត្តិ ក៏ដូចជា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បង្ហាញថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឆ្នាំ​២០២០ កន្លងទៅ​មានការ​ថយចុះ​ចំនួន ៩៤២​លើក ស្មើនឹង​២៣% ធៀប​នឹង​ឆ្នាំ​២០១៩​។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ បញ្ហា​ប្រឈម វាយតម្លៃ​អំពី​ស្ថានភាព​ចរាចរណ៍​ឆ្នាំ​២០២០ និង​ដាក់ចេញ​ទិសដៅ​ការងារ សម្រាប់ ឆ្នាំ​២០២១ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព សំដៅ​រក្សា​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យដឹងថា​៖ នៅ​ឆ្នាំ​២០២០ កន្លងទៅនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន ៩៤២​លើក ស្មើនឹង ២៣% ធៀប​នឹង​ឆ្នាំ​២០១៩ ក្នុងនោះ ចំនួន​អ្នកស្លាប់​បាន​ថយចុះ​ចំនួន ៣៣៥​នាក់ ស្មើនឹង​១៧% និង​ចំនួន​អ្នករបួស​បាន​ថយចុះ​ចំនួន ១.៤៥៥​នាក់ ស្មើនឹង ២៤% គ្រោះថ្នាក់​ភាគច្រើន​កើតឡើង​ដោយសារ​ការបើកបរ​លើ​ស​ល្បឿន​កំណត់ដោយ​ច្បាប់ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​។​

​ថ្លែង​ក្នុង​កិច្ច​អង្គប្រជុំ​នាពេលនោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការ​សាទរ​ប្រកបដោយ​មោទនភាព និង​បាន​ឯកភាព​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ព្រោះថា​លទ្ធផល​នេះ កើតចេញពី​ការខិតខំ​ប្រឹងប្រែង ប្រកបដោយ​ការច្នៃប្រឌិត និង​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ក្រោម​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ពី​ភាគី​ពាក់ព័ន្ធ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ ដើម្បី​ទប់ស្កាត់​ការបើកបរ​លើស​ល្បឿន​កំណត់ដោយ​ច្បាប់ ក្រសួង​បាន​ទិញ​កាមេរ៉ា​ចាប់​ល្បឿន និង​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ល្បាត ពេលយប់​សំដៅ​ទប់ស្កាត់​ការបើកបរ​លើស​ល្បឿន​កំណត់ និង​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់​។​

​ជាងនេះទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ ក្រសួង​ក៏ដូចជា​អនុគណៈកម្មការ​ទី​១ បាន​សហការ​ជាមួយ​អនុគណៈកម្មការ​ផ្សេងៗ​ទៀត ព្រមទាំង​ក្រសួង​-​ស្ថាប័ន អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ អង្គការ និង​ដៃគូ​អភិវឌ្ឍន៍ បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​រឹង និង​ផ្នែក​ទន់ សំដៅ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖ ក្រសួង​បាន​ដឹកនាំ​សាងសង់​ផ្លូវ​ថ្មី ផ្លូវ​ល្បឿន​លឿន ពង្រីក និង​លើកកម្ពស់​គុណភាព​ផ្លូវ ជួសជុល​ថែទាំ​ផ្លូវ​ខូចខាត កែលម្អ​កន្លែង​ជើងកប បំពាក់​ភ្លើង​សញ្ញា គំនូស​សញ្ញា ផ្លាកសញ្ញា ចំណាំងផ្លាត ចែក​មួកសុវត្ថិភាព ប្រគល់​ឧបករណ៍​ត្រួតពិនិត្យ​ល្បឿន​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍ ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ត្រួតពិនិត្យ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​ដើមទី​ក្នុង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ លុបបំបាត់​យានដ្ឋាន​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ជាដើម​។​

​ដោយឡែក ក្រសួង​ក៏បាន​ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​តាមរយៈ​ការចុះ​ផ្ទាល់​តាម​មូលដ្ឋាន រៀបចំ​ស្ព​ត​វីដេអូ និង​ស្ព​ត​អប់រំ​ខ្លីៗ​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​សីលធម៌​ក្នុងការ​បើកបរ បណ្ដុះបណ្ដាល​ដល់​បុគ្គលិក​ក្រុមហ៊ុន ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការបើក​សាលាបង្រៀន​បើកបរ យានយន្ត​ធុន​ធ្ងន់ ដែល​ជាក់ស្ដែង​សាលា​នេះ​ត្រូវ​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​សម្រាប់​ទិសដៅ​ការងារ​ឆ្នាំ​បន្ទាប់ ក្រសួង​នឹង​ជំរុញ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក បន្ត​យុទ្ធនា​ការចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន ជាពិសេស​អ្នកបើកបរ​យានយន្ត​ដឹកជញ្ជូន​កម្មករ​រោងចក្រ​កាត់ដេរ ចែក​មួកសុវត្ថិភាព ស្ទីក​ឃ័​រ​ចំណាំងផ្លាត បំពាក់​កាមេរ៉ា​តាម​ដងផ្លូវ​និង​ស្ពាន ជំរុញ​ដឹកជញ្ជូន​តាមផ្លូវ​ដែក សិក្សា​និង​រៀបចំ​វិធាន​ការបំពាក់​ប្រព័ន្ធ GPS តាមដាន​រថយន្ត​ដឹកទំនិញ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ក្រសួង​បាន និង​កំពុង​អភិវឌ្ឍ​កម្មវិធី​ព័ត៌មានវិទ្យា​ដើម្បី​កត់ត្រា និង​កាត់​ពិន្ទុ​ចំពោះ​អ្នកបើកបរ​បំពាន​ច្បាប់​ចរាចរណ៍ និង​ឈានទៅ​ដក​បណ្ណ​បើកបរ​តែម្ដង ប្រសិនបើ​អ្នកបើកបរ​ណា​នៅតែ​បំពាន​ច្បាប់​ចរាចរណ៍ និង​អភិវឌ្ឍ​កម្មវិធី​ផ្សេងៗ​ទៀត​សម្រាប់​អ​បំ​រំ​នៅតាម​គ្រឹះស្ថាន​អប់រំ​ចំណេះ​ទូទៅ រួមទាំង​ម​តេ្ត​យ្យ​សិក្សា​ផងដែរ​។​

​ជាមួយគ្នានេះដែរ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បំពេញការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រក្សា​សុវត្ថិភាព និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ បណ្ដាញសារព័ត៌មាន អង្គការ​ជាតិ អន្តរជាតិ វិស័យ​ឯកជន រោងចក្រ​សហគ្រាស ក្រុមហ៊ុន​ដឹកជញ្ជូន ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​ជាមួយគ្នា​នោះ​ផងដែរ សម្ដេច​ក្រឡាហោម បាន​ណែនាំ​ឱ្យ​អនុគណៈកម្មការ​ទាំងអស់​ធ្វើ​ទំនើបកម្ម​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ជាពិសេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលជា​អនុគណៈកម្មការ​ទី​១ ត្រូវ​ជំរុញ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក លុបបំបាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ កែលម្អ​ផ្លូវ​ជើងកប ជួសជុល​ផ្លូវ​ជង្ហុក​សំបុកមាន់ ផ្លូវបែក​ស្រកានាគ ពង្រីក​ផ្លូវ​នៅតាម​ទីប្រជុំជន បំពាក់​ភ្លើង​សញ្ញា ផ្លាកសញ្ញា និង​គំនូស​សញ្ញា​ឱ្យបាន​សមស្រប​តាម​លក្ខ​ណៈ​បច្ចេកទេស ពង្រឹង​ការចុះបញ្ជី​យានយន្ត ការចេញ​បណ្ណ​បើកបរ និង​គុណភាព​សាលា​បើកបរ​យានយន្ត​គ្រប់​ប្រភេទ លុបបំបាត់​ការទិញ​ដូរ​បណ្ណ​បើកបរ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×