បុរស២នាក់បានធ្វើឲ្យគ្រប់គ្នា មានការស្លុតចិត្តជាខ្លាំង ខណៈសុខៗស្រាប់តែលេចចេញវត្តមានពួកគេស្ថិតក្នុងស្ថានភាព «ស្លៀកខ្យល់ដណ្តប់មេឃ» រត់ចូលផ្លូវប្រណាំងសេះ នៅក្នុងប្រទេស New Zealand។
ក្រុមអ្នកគាំទ្រការប្រណាំងសេះ ដែលបានមកទស្សនា Wellington Cup នៅក្នុង New Zealand គឺថាឡើង «ក្តៅភ្នែក» អស់ហើយ កាលពីថ្ងៃអាទិត្យ នៅពេលដែលបុរសអាក្រាតកាយ២នាក់នោះ ស្រាប់តែបង្ហាញខ្លួននៅចំពោះភ្នែករបស់ពួកគេ ហើយថែមទាំងរត់ក្បែរពួកគេទៀតផង។
ពិតមែនហើយ សូម្បីតែអ្នកអត្ថាធិប្បាយ ក៏បានបែកអារម្មណ៍ផងដែរ នៅពេលដែលបុរសននលគកទាំងពីរនោះ បានរត់ពាសពេញវាលប្រណាំងសេះ ស្ថិតនៅចំពោះពីមុខភ្នែកអ្នកទស្សនាគ្រប់គ្នា។
គេក៏មិនច្បាស់ ពីមូលហេតុដែលបុរសទាំងពីរនោះ សម្រេចចិត្តធ្វើបែបនេះនោះទេ។ ប៉ុន្តែ ទោះយ៉ាងណា ពួកគេបានបង្កើតថ្ងៃដ៏ចម្លែក នៅក្នុងពិធីប្រណាំងសេះ Wellington Cup។
តែទោះយ៉ាងណា គ្មាននរណាម្នាក់រងរបួស ដោយសារតែអាកប្បកិរិយាដ៏ឆ្កួតឡប់របស់បុរសនោះទេ ដែលក្រោយមកត្រូវបានប៉ូលីសចាប់ខ្លួន។
ម្ចាស់ជើងឯកប្រណំងសេះលោក Danielle Johnson បាននិយាយថា៖ «ពួកគេពិតជាសំណាងហើយ ដែលពុំត្រូវសេះរត់ជាន់។ ព្រោះថា ភាគច្រើននៃពួកយើង គឺពុំបានមើលឃើញពួកគេនោះទេ»។
ដោយឡែក ស្ត្រីម្នាក់ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ បាននិយាយថា បុរសទាំងនោះបានលោតចុះពីរបងកម្ពស់ ១ ម៉ែត្រកន្លះ នៅចុងទីប្រណាំង។
បុរសម្នាក់ក៏បានធ្វើការថ្កោលទោសចំពោះទង្វើររបស់បុរសនោះ នៅលើ Twitter ថា៖ «បុរសទាំងនេះពិតជាឆ្កួតមែន! ដូចជាគ្មានចំណេះដឹង និងការអៀនខ្មាសអ្វីទាល់តែសោះ ពួកគេអាចសម្លាប់សេះ និងអ្នកជិះ និងសូម្បីខ្លួនឯងពួកគេផងដែរ»។ រីឯម្នាក់ទៀត ក៏បានលើកឡើងដែរថា៖ «ពិតជាគួរឲ្យខ្លាចណាស់! ទង្វើរបែបនេះគួរតែត្រូវបានចោទប្រកាន់ពីឃាតកម្មដោយចេតនា។ នេះជាគំរូដ៏ល្ងង់ខ្មៅបំផុតមួយ!»។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលរឿងដ៏ចម្លែកៗនេះបានកើតឡើងនៅទីលានប្រណាំងសេះនេះ។ ដោយមុននោះ នៅក្នុងព្រឹត្តិការណ៍ប្រណាំងលើកទី៨ បុរសម្នាក់បានចូលក្នុងផ្លូវប្រណាំង ដែលស្ទើរតែសេះជាន់ស្លាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ទស្សនាវីដេអូ=> (Video)