កណ្តាល ៖ ជនសង្ស័យពាក់ព័ន្ធក្នុងករណីអំពើហិង្សាដោយចេតនា ក្មេងទំនើងជាជនសង្ស័យ ១៤នាក់ ព្រួតគ្នាវាយ ជនរងគ្រោះបណ្តាលឲ្យ មានការរងរបួលធ្ងន់ធ្ងរដែលសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចរមណីយដ្ឋាន ជម្លុងម្លូ ស្ថិតក្នុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួឡស្រាវជ្រាវឃាត់ខ្លួនបានចំនួន៤នាក់ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ។
ជនរងគ្រោះក្នុងអំពើហិង្សាមានឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ។
ជនសង្ស័យមានចំនួន១៤នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៤នាក់ រួមមាន ៖
១.ឈ្មោះ ទិត ពន្លឺ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅភូមិតាស្គសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នកដឹកនាំធ្វើសកម្មភាព ។
២.ឈ្មោះ ទិត ទីន ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
៣.ឈ្មោះ ហាន់ សុខឆេង ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងពិដាន នៅភូមិទួលពន្សាំងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
៤.ឈ្មោះ ចក់ សារ៉ាវ៉ាឌី (ហៅឌី) ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត នៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ កាន់ដុំថ្ម ។ ក្នុងនោះវត្ថុតាងចាប់យក ៖ ទូរស័ព្ទ១គ្រឿងម៉ាកvivo ពណ៌ក្រហម ប្រើលេខស៊ីម០៨១ ៤០ ២៧ ៥៥ និងអាវុធកែឆ្នៃ (ដាវ) ចំនួនមួយដើម ។
ចំណែកបក្ខពួក១០នាក់ទៀតកំពុងរត់គេចខ្លួន ។
ជនរងគ្រោះចំនួន ០១ នាក់ (របួសធ្ងន់) ឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស នៅភូមិ ចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ១.មានរបួសក្បាលផ្នែកខាងក្រោយមួយកន្លែង (ផុងលលាដ៍ក្បាល កំពុងតាមដានបន្ត)។ ២.មានរបួសខ្នង ខាងក្រោយ១កន្លែង មុតដល់ឆ្អឹងខ្នង ។ ៣.មានរបួសផ្នែកស្មា ខាងឆ្វេង១កន្លែងមុតដល់ឆ្អឹង និងរបួសកំភួនដៃខាងឆ្វេង។ ៤.មានរបួសលើខ្នងដៃខាងស្ដាំ១កន្លែង មុតដល់ឆ្អឹង។ ៥.មានរបួសលើប្រអប់ជើងខាងស្ដាំ១កន្លែង មុតដល់ឆ្អឹង ។ ៦.មានរបួសលើឆ្អឹងជុំនីខាងឆ្វេង១កន្លែង ។
លទ្ធផលការស្រាវជ្រាវរបស់សមត្ថកិច្ចនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និងសមត្ថកិច្ចប៉ុស្ដិ៍ពន្សាំងខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ទិត ទីន និងទី២.ឈ្មោះ ទិត ពន្លឺ ដើម្បីសាកសួរនាំតាមនីតិវិធី ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ទិត ពន្លឺ បានសារភាពថាខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ពិតមែន ។
លទ្ធផលការស្រាវជ្រាវ របស់សមត្ថកិច្ចបានបន្តរហូតមកនៅថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២១ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និងកម្លាំងជំនាញខេត្ត និងសមត្ថកិច្ចប៉ុស្ដិ៍ពន្សាំងខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាន់ សុខឆេង ដើម្បីសាកសួរនាំ និង កំពុងបន្តឈានទៅស្វែងរក បក្ខពួកដែលនៅសេសសល់ ដើម្បីបន្តចាត់ការតាមនីតិវិធី ។
គួររំលឹកជូនថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅអង្គុយលេងលើកញ្ចុះក្នុង រមណីយដ្ឋាន ជន្លុងម្លូ ស្ថិតក្នុងភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្ដកណ្ដាល ជាមួយមិត្តភក្ត្រ០៩នាក់ ក្នុងនោះមានស្រី០៤នាក់ ។ ពេលនោះស្រាប់តែមានជនសង្ស័យនិងបក្ខពួក មានគ្នា១៤នាក់ បានជិះម៉ូតូ០៧គ្រឿង មកជួបគ្នានៅកន្លែងកញ្ចុះអង្គុយលេង ហើយដេញកាប់ទៅលើបក្ខពួកមួយក្រុមទៀត មិនស្គាល់អត្តសញ្ញាណ មានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង ទៅទិសខាងកើត ហើយក៏ឃើញជនរងគ្រោះ ឈរនៅមុខកញ្ចុះមានកាន់ដាវជាប់នឹងដៃ ទើបជនសង្ស័យនិងបក្ខពួកបាននាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងកញ្ចុះជនរងគ្រោះវិញ ហើយបានសួរទៅជនរងគ្រោះថា ឯងមានស្គាល់ពួកជិះម៉ូតូនោះ ឬអត់ ។ ជនរងគ្រោះឆ្លើយតបវិញថា មិនដែលស្គាល់ទេ ពេលនោះបក្ខពួកជនសង្ស័យ ។ បានសួរទៅជនរងគ្រោះទៀតថា បើឯងមិនស្គាល់ម៉េចក៏ឯងមានដាវកាន់នឹងដៃ ។ បន្ទាប់មកបក្ខពួកជនសង្ស័យ បាននិយាយទៀតថា បើឯងមិនស្គាល់ពួកវា អញ់កាប់ពួកឯងដែរ ។ ពេលនោះជនរងគ្រោះ បានយកដាវដែលខ្លួនកាន់ជាប់នឹងដៃនោះកាប់ទៅលើបក្ខពួកជនសង្ស័យមុន១ដាវ ទើបជនសង្ស័យ និងបក្ខពួកបាននាំគ្នាកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ បន្ទាប់មកជនសង្ស័យ និងបក្ខពួក បាននាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់អស់ទៅ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនិងក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ