កាលពីម្សិលមិញនេះ មានរឿងដ៏មិននឹកស្មានដល់ និងគួរឲ្យសង្វាគខ្លាំងណាស់ ខណៈដែលទទួលដំណឹងថា កូនកំលោះវ័យចំណាស់ម្នាក់ ស្រាប់តែបានស្លាប់ក្នុងពិធីមង្គលការ ខណៈដែលកម្មវិធីទាំងឡាយបានចប់សព្វគ្រប់អស់ទៅហើយ នៅសល់តែកម្មវិធីទទួលភ្ញៀវប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលកំលោះកើតអាការខ្យល់គរ ខណៈដែលម៉ោងហូបការជិតចូលមកដល់ ហើយភ្ញៀវក៏ត្រៀមទៅចូលរួមក្នុងពិធីភោជនីយអាហារ នៅវេលាម៉ោង ៥ ល្ងាច នៃពិធីអាពាហ៍ពិពាហ៍នេះ ដែលត្រូវបានធ្វើឡើងនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
បើតាមប្រភពពីក្រុមគ្រួសារខាងកូនកំលោះបានឲ្យដឹងថា ខណៈពេលកម្មវិធីហូបការជិតចូលមកដល់ ស្រាប់តែកូនកំលោះកើតអាការខ្យល់គរតែម្តង ហើយដោយឃើញស្ថានភាពហាក់មិនស្រួលខ្លាំង ក្រុមគ្រួសារក៏បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នៅពេលនោះផងដែរ ពួកគាត់ក៏បានប្រាប់ទៅកូនក្រមុំថា កូនកំលោះនៅមិនទាន់ជាទេ កំពុងនៅពេទ្យនៅឡើយ ដោយឲ្យកូនក្រមុំទទួលភ្ញៀវតែម្នាក់ឯងសិនចុះ។
តែទោះយ៉ាងណា គ្រួសារខាងកូនកំលោះនិយាយលាក់បាំងបែបនេះ ក្នុងគោលបំណងដើម្បីកុំឲ្យកូនក្រមុំពិបាកចិត្ត និងជាពិសេសគឺដើម្បីឲ្យពិធីមង្គលការបានប្រព្រឹត្តទៅជាធម្មតា ព្រោះជាពេលវេលាត្រូវទទួលភ្ញៀវហូបការទៅហើយៗ ណាមួយទៀតដើម្បីបានចំណងដៃសម្រាប់ទូទាត់លើការចំណាយផ្សេងៗផងដែរ។ ប៉ុន្តែ តាមពិត គឺកូនកំលោះបានស្លាប់បាត់ទៅហើយ។
ជាការកត់សម្គាល់នោះ គេក៏បានសង្កេតឃើញមានភ្ញៀវមកចូលរួមពិសាអាហារ ក្នុងពិធីមង្គលការជាបន្តបន្ទាប់ បើទោះជាមានការងឿងឆ្ងល់ពុំឃើញកូនកំលោះ ឃើញតែកូនក្រមុំឈរតែម្នាក់ឯងក៏ដោយ និងក៏ដូចបានត្រឹមទទួលដំណឹងថាកូនកំលោះគ្រាន់តែមិនស្រួលខ្លួន កំពុងសម្រាកនៅមន្ទីរពេទ្យ ពោលគឺគ្មានអ្នកណាបានដឹងកូនកំលោះបានស្លាប់នោះទេ។
សូមបញ្ជាក់ថា កូនកំលោះដែលមានឈ្មោះ ក្រុង ពុធ អាយុ ៥២ ឆ្នាំ បានស្លាប់នៅក្នុងអំឡុងវេលាភ្ញៀវមកចូលរួមហូបការ នៅឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ហើយសពរបស់គាត់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។ ហេតុនេះគឺមិនមែនដូចការនិយាយតៗគ្នាពិធីមង្គលការក្លាយជាពិធីបុណ្យសពនោះទេ ព្រោះភ្ញៀវមកចូលរួមច្រើនកុះករហាក់ដូចគ្មានរឿងអ្វីកើតឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង