សៀមរាប ៖ ទំនាស់ក្នុងហាងផឹកស៊ី មានគ្នាជាច្រើននាក់ ចុងក្រោយសល់នៅសល់អ្នកសារព័ត៌មានម្នាក់ និងមន្ត្រីប៉េអឹមម្នាក់ ក៏កើតជម្លោះនឹងគ្នា ហើយត្រូវប៉េអឹមស្ទុះហក់វាយ អ្នកសារព័ត៌មាន១ដៃ បណ្ដាលឱ្យរបួសបែកមាត់ ហើយប៉េអឹមដកកាំភ្លើងបាញ់គំរាមមួយគ្រាប់ ធ្វើឲ្យអ្នកសារព័ត៌មានរូបនោះ រត់បាតជើងសព្រាត។
ហេតុការណ៍ផ្ទុះអាវុធ និងប្រើអំពើហិង្សានេះ បានកើតឡើង នៅក្នុងហាងផឹកស៊ីយីហោ (មហាលាភ ៩៩៩៩) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ២១និង០០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
តាមសេចក្តីរាយការណ៍បន្តថា៖ ជនរងគ្រោះគឺលោក តាំង ហូរ ជាអ្នកសារព័ត៌មានANN ប្រចាំខេត្តសៀមរាប។ រីឯជនបង្កឈ្មោះ ផល ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប ។
ជុំវិញករណីនេះនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក តាំង ហូរ បានប្រាប់សារព័ត៌មានថា៖ នៅមុនពេលកើតហេតុ រូបលោកបានអង្គុយផឹកស៊ីក្នុងហាងយីហោ (មហាលាភ៩៩៩៩)ត្រង់ចំណុចកើតហេតុខាងលើ។
ដែលមានគ្នា ៤ទៅ៥នាក់ឈ្មោះ ផល ដែលជាជនដៃដល់ក៍ផឹកជាមួយដែរ។
លុះដល់ពេលកើតហេតុបក្ខពួកអ្នកផឹកស៊ីជាមួយបានត្រឡប់ទៅផ្ទះអស់ នៅសល់តែលោក តាំង ហូរ និងឈ្មោះ ផល ជាប៉េអឹម ដៃដល់។
ខណៈនោះ លោក ផល បាននិយាយលេងជាមួយបែបធម្មតា រហូតឈានដល់ការនិយាយ ដៀមដាម មើលងាយអ្នកសារព័ត៌មាន ។
ហើយលោក តាំង ហូរ បានឆ្លើយតបវិញ ធ្វើឲ្យឈ្មោះ ផល ខឹងស្ទុះទៅដាល់មួយដៃ បែកមាត់លោក តាំង ហូរ!។
ក្នុងនោះក៍បានប្រតាយប្រតប់គ្នា រួចលោក ផល បានទាញកាំភ្លើងខ្លីម៉ាក៥៤ បាញ់សំដៅប៉ងសម្លាប់លោក តាំង ហូរ ទៀតផង តែសំណាងល្អ លោក តាំង ហូរ បានគេចផុត! ។
លោក តាំង ហូរ បន្តថា៖ ក្រោយផ្ទុះអាវុធ១គ្រាប់រួច លោកបានរត់ភៀសខ្លួនភ្លាមៗផងដែរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន។
ករណីនេះលោក ផល មានមុខងារជាកងរាជអាវុធហត្ថ សារព័ត៌មានយើង នៅមិនទាន់បានទទួលការបំភ្លឺនៅឡើយនោះទេ ដោយសារគ្មានលេខទូរស័ព្ទ។
ពាក់ព័ន្ធករណីហិង្សា និងផ្ទុះអាវុធនេះ មហាជនបានលើកឡើងថា៖ មហាជនសង្ឃឹមថា សមត្ថកិច្ចនិងចាត់វិធានការលើជនដៃដល់ អោយបានតឹងតែងបំផុត ដើម្បីជៀសវាងចំពោះការបាញ់បោះសេរីព្រោះឥទ្ធិពលទឹកប្ដូរនិស្ស័យ៕រក្សាសិទ្ធិដោយ÷សួង សាម