ក្រោយពីរឿង «ទុំទាវ ២០២១» របស់ក្រុមអ្នកលក់ឡេអាជី និងអាម៉ី បានបង្កឲ្យផ្ទុះការិះគន់ស្ទើរពេញផ្ទៃប្រទេស ដោយចោទឡើងថា ក្រុមនេះបានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ និងក៏ធ្វើឲ្យអាប់ឱនតម្លៃប្រពៃណី វប្បធម៌ជាតិ នោះគេក៏បាននឹកដល់រឿង «ចំប៉ីខ្មៅ» ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងរហូតមានទោសជាប់ពន្ធនាគារ ដោយសារតែបានប្រព្រឹត្តនូវទង្វើជេរប្រមាថជាតិសាសន៍ខ្មែរកប់ៗមាត់ ព្រោះខឹងបុរស២នាក់ក្បកក្បាលខ្លួន។
យ៉ាងណាមិញ ស្របពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតកោះហៅអាជី អាម៉ី និងរួមទាំងអ្នកសម្តែងរឿង «ទុំទាវ ២០២១» ទាំងអស់ ឲ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ ដោយមិនដឹងចាត់វិធានការតាមផ្លូវច្បាប់ ឬ យ៉ាងណា នៅពេលនេះ លោក អាចារ្យធំ នគររាជ បានយកករណី «ចំប៉ីខ្មៅ» មកប្រៀបធៀប ដែលធ្វើឲ្យរឿងនេះកាន់តែក្តៅគគុក។
ក្នុងនោះ លោក អាចារ្យធំ នគររាជ បានបង្ហោះសារលើកឡើងពីរឿងប្រមាថស្រដៀងគ្នានេះថា៖ «(ថ្ងៃនេះកាលពី ២ឆ្នាំមុន) ០៥ កុម្ភ: ២០១៩ បុគ្គល ចំប៉ីខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីប្រមាថជាតិខ្មែរដ៏ឧត្តម។
តើ… ថ្ងៃទី៥ កុម្ភៈ ២០២១ នេះ ក្រុមផលិតរឿង ទុំទាវ ២០២១ បំផ្លាញ បំពុលសង្គម ដែលមានចេតនាប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់ព្រះពុទ្ធសាសនា (បាវចនាជាតិ) ស្នាដៃអក្សរសិល្ប៍ជាតិ វប្បធម៌ ប្រពៃណីជាតិទាំងនេះ អាចមានវាសនាដូចបុគ្គលចំប៉ីខ្មៅដែរឬទេ?
ចាំតាមដាន ឃ្លាំមើល និងជំរុញការអនុវត្តន៍ច្បាប់ឲ្យបានតឹងរ៉ឹង និងស្មើភាពគ្នា ក្នុងស្ថានទម្ងន់ទោសប្រហាក់ប្រហែលគ្នានេះ។
បុគ្គលទាំងឡាយណាដែលប្រមាថជាន់ឈ្លីជាតិខ្មែរដ៏ឧត្តមមួយនេះរមែងវិនាស។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង