បន្ទាយមានជ័យ ៖ លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរសារលើហ្វេសប៊ុក នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋចង់បានណាស់ដំណោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះសម្តេច។
ថ្ងៃនេះខ្ញុំ និងលោកប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ បានដាក់បង្ហាញប្លង់ទីតាំងដី ដែលមានវិវាទរវាងពលរដ្ឋ១៥គ្រួសារ និងពាណិជ្ជករ៤នាក់ ដែលមន្ត្រីជំនាញបានចុះវាស់វែងកាលពីម្សិលមិញ។
លោកដួង តារា បានថ្លែងថា ពេលនេះប្រជាពលរដ្ឋបានសម្រេចយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះឈ្នះ (៥០%) សម្តេច។
ចំពោះខាងភាគីពាណិជ្ជករ លោក អ៉ឹង លាងស្រ៊ុន ក៏បានបញ្ជាក់ថា ទទួលយកដំណោះស្រាយឈ្នះឈ្នះ ដូចប្រជាពរដ្ឋដែរ ប៉ុន្តែមិនទាន់សម្រេចចិត្តដោយត្រូវរងចាំពិភាក្សា ជាមួយដៃគូ៤នាក់ទៀតសិនដូចជា 1-ចាំងតេងភាវ 2-ហង់ សុផៃ 3-ហេង សុខ ហ៊ន និង 5-សុង ដារា ។
លោកបន្តថា “ពេលនេះ លោកប្រធានមន្ទីរដែនដីខេត្ត និងខ្ញុំ កំពុងរង់ចាំការសម្រេចចិត្តពីក្រុមពាណិជ្ជករ។ ប្រសិនបើពុំមានចម្លើយទេនោះ មន្ទីរដែនដីនឹងចាត់បញ្ជូនរបាយការណ៍ បញ្ជាក់ទីតាំងដីពិតប្រាកដ របស់ប្រជាពលរដ្ឋទាំង១៥គ្រួសារ ទៅជូនតុលាការតាមការស្នើសុំ ដើម្បីឈានទៅរកការជម្រះក្តីនេះឲ្យបានចប់ឆាប់”។
មានព្រឹទ្ធាចារ្យ៣នាក់ ដែលជាអតីតមន្ត្រីដែលបានចែកដីជូនប្រជាពលរដ្ឋ ក៏បានឡើងមកធ្វើសាក្សីបំភ្លឺរួចអសហើយដែរ។ ក្រុមប្រជាពលរដ្ឋក៏បានផ្តិតមេដៃទទួលស្គាល់លើកំណត់ហេតុទីតាំងប្លង់ដី ដែលពួកគាត់បានចូលរួមវាស់វែងដោយផ្ទាល់ហើយសង្ឃឹមថា វិវាទដីធ្លីដែលមានរយៈពេល១៧ឆ្នាំមកនេះ នឹងចប់នៅពេលខាងមុខដ៏ខ្លីជាមិនខាន។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ