កណ្តាល ៖ ក្រោយពីទទួលបានបទបញ្ជារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំបន្ទាន់មួយ ធ្វើការបែងចែកដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ឲ្យឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធ្វើការយាមល្បាតទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងដែនទៅមក រវាងកម្ពុជា-វៀតណាម ។
នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់ច្រកទ្វារអន្តរជាតិជ្រៃធំ ព្រំដែន កម្ពុជា-វៀតណាម ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដាក់វិធានការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ពីប្រទេសជិតខាង ដែលមានខ្សែបន្ទាត់ព្រំដែនជាប់នឹងខេត្តកណ្តាល ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នាពេលខាងមុខនេះ។
ក្នុងនោះដែរ សមាសភាពចូលរួម មានកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
ក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មានការចាំបាច់ត្រូវតែឆ្លងដែននោះ អាជ្ញាធរតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ ដោយឡែកការដោះដូរទំនិញ នៅតែបន្តជាធម្មតា តែស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ត្រីជំនាញពាក់ព័ន្ធ ។
ខេត្តកណ្តាលមានព្រំដែនជាប់ប្រទេសវៀតណាមប្រវែង២៩.៥គីឡូម៉ែត្រ ក្នុងនោះមាន២ស្រុក គឺស្រុកកោះធំ និងស្រុកលើកដែក ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ បែងចែកកងកម្លាំងទាំងបីប្រភេទ មានកម្លាំងនគរបាល ,កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ជាង៥០០នាក់ដាក់ពង្រាយ ដើម្បី ធ្វើការយាមល្បាតទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋទាំងភាគីកម្ពុជា និងភាគីវៀតណាមធ្វើដំណើរឆ្លងដែនទៅវិញទៅមក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដោយឡែក ការដោះដូរទំនិញរវាងកម្ពុជា-វៀតណាម នៅតែបន្តជាធម្មតា តែស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ត្រីជំនាញពាក់ព័ន្ធ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ