ជឿជាក់ថាប្រិយមិត្តមួយចំនួនធំ ជាពិសេសនៅលើបណ្តាញសង្គម Tik Tok ប្រាកដណស់ជាបានជ្រាបហើយ ទាក់ទងនឹងវីដេអូមួយបង្ហាញឲ្យឃើញនារីម្នាក់ បានឱបថើបកូនកំលោះ នៅចំពោះកូនក្រមុំ នៅក្នុងពិធីសែនចងដៃ ដែលធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ជាខ្លាំង និងរហូតអ្នកខ្លះបានមានមតិលើកឡើងថា នារីម្នាក់ហ្នឹងច្បាស់ណាស់គឺអតីតសង្សារចាស់កូនកំលោះហើយ។
យ៉ាងណាមិញ ក្រោយវីដេអូនេះត្រូវបានផ្ទុះឡើង ហើយក្នុងនោះគេក៏បានឃើញផេកមួយឈ្មោះ Sovannaphum-សុវណ្ណាភូមិខ្មែរ ក៏បានសរសេរបែបនេះថា៖ «ហ៊ឹម មើលហើយអាណិតណាស់ សង្សារចាស់មកចងដៃ ហើយថើបកូនកម្លោះទៀត ខ្លាចតែចេញអត់រួចពីក្នុងរោងការ កូនក្រមុំវ៉ៃ»។
ទោះយ៉ាងណា ក្រោយពីបានឃើញមហាជននាំគ្នាកាន់តែយល់ច្រឡំចោទឡើងថា ហេតុអ្វីកូនលោះរៀបការចោលនាង ហេតុអ្វីនាងក្លាហានម្ល៉េះ ហ៊ានទៅសែនចងដៃឱបថើបកូនកំលោះបែបនេះ នៅពេលនេះ សាម៉ីខ្លួនបានចេញមុខបកស្រាយការពិត។
ក្នុងនោះ នាងបានបញ្ជាក់ទៅកាន់មហាជនឲ្យបានដឹងថា រវាងរូបនាង និងកូនកំលោះ គឺជាបងប្អូនជីដូនមួយគ្នាបង្កើត។ ហើយមូលហេតុដែលនាងយំ គឺទី១- ឪពុកគាត់បានស្លាប់ចោលគាត់តាំងពីគាត់នៅតូចម្ល៉េះ, ទី២- ប្អូនគាត់ទើបតែស្លាប់, ទី៣- បងស្រីគាត់នៅកូរ៉េ ក៏អត់បានមកចូលរួមពិធីមង្គលការប្អូនទៀត។ ហេតុនេះ ក្នុងនាមរូបនាងជាបងជីដូនមួយ ពិតជាមានអារម្មណ៍អាណិតប្អូនណាស់ និងម្យ៉ាងទៀត ក្នុងចំណោមបងប្អូនជីដូនមួយ គឺគាត់ (កូនកំលោះ) នាងស្រឡាញ់ខ្លាំងជាងគេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង