នេះជារឿងដ៏ហួសចិត្ត និងនឹកស្មានមិនដល់មួយ នៅពេលដែលបុរសវ័យ ៧៥ ឆ្នាំ ម្នាក់ នៅក្នុងប្រទេសថៃ បានលេបដែកគោលអស់ជាច្រើនដើម នៅក្នុងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារភាពតានតឹងដែលទាក់ទងនឹង Covid-19។
វេជ្ជបណ្ឌិត Santi Sukwan មកពីមន្ទីរពេទ្យ Damnoen Saduak បានបង្ហាញករណីវះកាត់ បន្ទាប់ពីអ្នកជំងឺបានមកមន្ទីរពេទ្យ ដោយមានអាការៈឈឺពោះធ្ងន់ធ្ងរ។ តាមរយៈការថតកាំរស្មី X-ray បានបង្ហាញឲ្យឃើញដែកគោលប្រវែង ១តឹង និង កន្លះតឹក ចំនួន ៣ដើម និងដែកលួស១ នៅក្នុងពោះរបស់គាត់ ក្នុងពោះវៀនធំរបស់គាត់។ គាត់ត្រូវបានបញ្ជូនក្នុងបន្ទប់វះកាត់ភ្លាមៗ។ បន្ទាប់ពីរយៈពេលវះកាត់ជិតមួយម៉ោង ក្រុមគ្រូពេទ្យបានយកដែកគោល និងដែកលួសចេញពីខ្លួនអ្នកជំងឺដោយជោគជ័យ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១។
តាចាស់រូបនេះបានប្រាប់ឲ្យដឹងថា គាត់ពិតជាមានភាពតានតឹងខ្លាំង ទាក់ទងនឹងស្ថានភាព Covid-19 បច្ចុប្បន្ន។ គាត់មានអារម្មណ៍ថា គ្មានផ្លូវណាក្រៅពីការប៉ុនប៉ងបញ្ចប់ជីវិតរបស់គាត់ទេ។ ហេតុនេះ គាត់ក៏បានសម្រេចចិត្តលេបដែកគោលរហូតប្រវែង១តឹក និងដេកលួស១តឹក តែម្តងទៅ។
គាត់បានបញ្ជាក់ទៅបុគ្គលិកពេទ្យថា បន្ទាប់ពីគាត់បានលេបរបស់គ្រោះថ្នាក់ទាំងនេះហើយ បន្ទាប់មកក៏បានចាប់ផ្តើមឈឺពោះខ្លាំង ទើបគាត់សម្រេចចិត្តទៅមន្ទីរពេទ្យរកជំនួយ។
គ្រូពេទ្យបានប្រាប់ថា ពួកគេបានវះកាត់យកដែកគោលចេញពីក្រពះ និងពោះវៀនធំរបស់អ្នកជំងឺ។ ក្នុងនោះ ដែកគោលចំនួន២ មានទីតាំងនៅជិតឧបសម្ព័ន្ធ ដូច្នេះ ក្រុមវេជ្ជសាស្ត្រ ក៏សម្រេចចិត្តដកខ្នែងពោះវៀនចេញ ពេលកំពុងវះកាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង