Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន ៥ នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ ឃាត់ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​

spot_img

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ នៅវេលា​ម៉ោង​០៩ និង​៣០​នាទី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ត្រង់ចំណុច​ផ្ទះសំណាក់​យីហោ ហេង លាភ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​បន្ត​ឃាត់ខ្លួន​បក្ខពួក​ចំណុច​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ទៀត​នៅវេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ក្រោយពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ និង​៣០​នាទី នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ភូ​ល ថប ផ្ទះ​លេខ​៤០​អា ផ្លូវ​លេខ​៩០ ភូមិ​១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ទាំង ៥ នាក់ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បាន ទី ១ ឈ្មោះ​ចាន់ សាម​ឌី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។ ២-​ឈ្មោះ ចំរើន ភា​រ៉ា​ន់ ហៅ​រ៉ូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែ​កតា​កូវ ស្រុក​ល្វាឯម ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។ ៣-​ឈ្មោះ ម៉ៅ បញ្ញា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។ ៤-​ឈ្មោះ ច្រឹ​ក វិសាល ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។ ៥-​ឈ្មោះ ធួន ម៉ា​លីន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក ១-​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA SCOOPY I ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ 1WF-6192 លេខ​តួ​+​លេខ​ម៉ាស៊ីន 8061903(​ជា​របស់​ជនសង្ស័យ​ឈ្មោះ ចំរើន ភា​រ៉ា​ន់ ហៅ​រ៉ូ​)​។ ២-​ម៉ូតូ​មួយគ្រឿង​ម៉ាក SIRIUS ពណ៌​ខ្មៅ​លា​យស ផ្លាកលេខ សៀមរាប 1C-2590 លេខ​តួ​+​លេខ​ម៉ាស៊ីន​928725, ផ្លាកលេខ​មួយ​សន្លឹក ភ្នំពេញ 1FN-9269 , ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក VIVO ពណ៌​ក្រហម​, ញញួរ​មួយ​ដើម​, ស្នប់​មួយ​ដើម​, ទីប​មូល​មួយ​ដើម​, ដង្កាប់​អូ​តូ​មួយ​ដើម​, ដង្កាប់​កាត់​មួយ​ដើម​, កន្ត្រៃ​កាត់​មួយ​ដើម​, សោ​ខ្សៀរ​២​ដើម ,​សោ​ចិញ្ចៀន​០៤​ដើម​, ទួ​ណឺ​វិ​ស​មួយ​ដើម និង​កាបូបស្ពាយ​ចំហៀង ពណ៌​ខ្មៅ សម្រាប់​ដាក់​ឧបករណ៍​ធ្វើ​សកម្មភាព​មួយ​(​ជា​របស់​ជនសង្ស័យ​ឈ្មោះ ធួន ម៉ា​លីន​)​។ ៣-​ទួ​ណឺ​វិ​ស​មួយ ដង​ជ័រ ពណ៌​ខ្មៅ​,​ដែក​កែច្នៃ​សំប៉ែត​មុខស្រួច​មួយ​សម្រាប់​កាច់​បំបែក​សោរ ក​ម៉ូតូ និង​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក SAMSUNG ពណ៌​ខ្មៅ​(​ជា​របស់​ជនសង្ស័យ​ឈ្មោះ ច្រឹ​ក វិសាល ហៅ​ប្រុស​)​។​

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ដូ បញ្ជា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន ស្នាក់​នៅផ្ទះ​លេខ​៣៩ ផ្លូវ​លេខ​៣៩BT សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​តើ​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA SCOOPY I ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HT-6929​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​១១ និង​០៥​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក HONDA SCOOPY I ចត​មុខផ្ទះ​សំណាក់​យីហោ ភូ​ល ថប ផ្ទះ​លេខ​៤០​អា ផ្លូវ​លេខ​៩០ ភូមិ​១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ពុំបាន​ដក​ចង្កឹះ​សោ​ចេញពី​ម៉ូតូ រួច​ឡើងទៅ​លើផ្ទះ​សំណាក់ រហូតដល់​ម៉ោង​១៨ និង​៣០​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​បាន​ចុះមក​យក​ម៉ូតូ ស្រាប់តែ​បាត់​ម៉ូតូ​ពី​កន្លែង​ចត​តែម្តង ទើប​ជនរងគ្រោះ​មក​រាយការណ៍ នឹងដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​ស្រះចក សហការ​ជាមួយ​ជនរងគ្រោះ ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ឈ្មោះ ចាន់ សាម​ឌី​, ឈ្មោះ ចំរើន ភា​រ៉ា​ន់ ហៅ​រ៉ូ​និង​ឈ្មោះ ម៉ៅ បញ្ញា នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ហេង លាភ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ក៏បាន​ឃាត់ខ្លួន​យក​សាកសួរ នឹង​ឈានទៅដល់​បង្ក្រាបបាន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត ឈ្មោះ ច្រឹ​ក វិសាល ហៅ​ប្រុស និង​ឈ្មោះ ធួន ម៉ា​លីន នៅ​ចំណុច​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ​តែម្តង​។

​ក្រោយពី​សាកសួរ​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ នៅមុខ​ផ្ទះសំណាក់​យីហោ ភូ​ល ថប ប្រាកដ​មែន​។ ចំពោះ​ជនសង្ស័យ​ឈ្មោះ ច្រឹ​ក វិសាល ហៅ​ប្រុស​, ឈ្មោះ ធួន ម៉ា​លីន និង​ឈ្មោះ ចំរើន ភា​រ៉ា​ន់ ហៅ​រ៉ូ ជា​មុខសញ្ញា​មិន​រាងចាល​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស​(​ម​១)​។​

​ឆ្លងតាម​ការធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ទាំង ៥​នាក់ មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ទាំងអស់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៥ នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មក​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​សាកសួរ​នៅ​នគរបាល​ប៉ុស្តិ៍​ស្រះចក នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

spot_img
×