Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ក្រុម​និង​អង្គការ​មួយចំនួន

​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ បានធ្វើ​ការបំភ្លឺ​​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ កន្លងទៅនេះ ឆ្លើយតប​ទៅនឹង ការ រិះគន់ និង​របាយការណ៍​ចោទប្រកាន់​ដោយ​លំអៀង​និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម​និង​អង្គការ​ស្ថាប័ន​មួយចំនួន ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល ដូចខាងក្រោម​៖

​ការវាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​លំអៀង​និង​គ្មាន​មូលដ្ឋាន​

១.​របាយការណ៍​ចោទប្រកាន់ ដោយ​លំអៀង​និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម​និង​អង្គការ​ស្ថាប័ន​មួយចំនួន ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល មិនបាន​ឆ្លុះបញ្ចាំង​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា​នោះទេ ង​ពី ព្រោះថា របាយការណ៍​ទាំងនេះ គ្រាន់តែ​ធ្វើការ​ប្រមូល បូកសរុប​នូវ​ព្រឹត្តិការណ៍ និង​ធ្វើការ​សន្និដ្ឋាន តែ​លើ រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​មិនបាន​សិក្សា​លើ​មូលហេតុ​លំអិត ដែលនាំឱ្យ​កើតមាន​ព្រឹត្តិការណ៍​នីមួយៗ ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ​នៃ​បទល្មើស និង​អំពើ​ដែលជា​ធាតុ​ផ្សំ​នៃ​បទល្មើស ដែលនាំឱ្យ​មានការ ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​នោះទេ​។​

២.​ជា​ទម្លាប់​របស់​អង្គការ​ទាំងនេះ កាលណា​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​គោលដៅ​ដែល​គេ​មាន របៀបវារៈ​ច្បាស់លាស់​ក្នុងការ​ការពារ ដូចជា​សកម្មជន​អតីត​បក្សប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ីវិល ដែល មាន​និន្នាការ​ប្រឆាំង គឺ​ពួកគេ​តែងតែ​ធ្វើការ​សន្និដ្ឋាន​និង​ចោទប្រកាន់ថា​ជាការ​រំលោភ​សិទ្ធិមនុស្ស ដោយ​មិន ខ្ចី​អើពើ​និង​ធ្វើការ​ពិចារណា​រលើ​ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ អំពើ​ដែលជា​ធាតុ​ផ្សំ​នាំឱ្យ​កើតជា​បទល្មើស ហើយ​ដែលនាំឱ្យ​មានការ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់ និង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​នោះទេ​។

៣.​ការធ្វើ​របាយការណ៍​ដោយ​ដកស្រង់​យកតែ​ទស្សនៈ​មួយ​ជ្រុង និង​ជួប​សម្ភាសន៍​ជាមួយ​មនុស្ស​មួយក្រុម និង​អង្គការ​មួយចំនួន​ដែលជា​បក្សពួក​របស់ខ្លួន និង​មាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល​ផង​នោះ ដោយ​មិនមាន​ការចូលរួម​និង​ធាតុ​ចូល​ពី​តំណាង​រដ្ឋាភិបាល​និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដ៏ទៃទៀត ដែល​ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន​ពី​របាយការណ៍​នេះ នោះ​ការស្រាវជ្រាវ និង​ការសន្និដ្ឋាន​ក្នុង​របាយការណ៍​នេះ មិនមាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ មិនមាន​ភាពច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ និង​មិនអាច​យកជាការបាន​នោះទេ​។​

៤.​ការចេញ​របាយការណ៍​មិន​គ្រប់​ជ្រុងជ្រោយ​លំអៀង និង​មាន​គោលដៅ​វាយប្រហារ​រដ្ឋាភិបាល បែបនេះ អាច​នឹង​នាំឱ្យមាន​គ្រោះថ្នាក់​និង​អស្ថិរភាព​ក្នុងសង្គម ព្រោះថា​របាយការណ៍​នេះ​ហាក់ដូចជា ការពារ និង​លើកទឹកចិត្ត​ដល់​ក្រុមប្រឆាំង ដែល​តែងតែ​ធ្វើ​សកម្មភាព​ក្រោមរូបភាព​ផ្សេងៗ ដែល​រៀបចំ ឧបត្ថម្ភ និង គាំទ្រ​ដោយ​ចលនា​និង​អង្គការ​ចាត់តាំង​ខុសច្បាប់​នៅ​ខាងក្រៅ ឱ្យ​កាន់តែ​ធ្វើ​សកម្មភាព​បន្ថែមទៀត ដោយ មិន​ខ្លាច​ច្បាប់ និង​សមត្ថកិច្ច បង្ករ​ភាពចលាចល​ក្នុងសង្គម ដើម្បី​សម្រេច​ឱ្យបាន​នូវ​មហិច្ឆតា នយោបាយ របស់ខ្លួន ហើយ​ដែល​នេះ​មិនមែនជា​ការអនុវត្ត​នូវ​សិទ្ធិសេរីភាព​តាមផ្លូវ​ច្បាប់​នោះទេ​។ ប៉ុន្តែ​ផ្ទុយទៅវិញ របាយការណ៍​របស់​អង្គការ​ទាំងនេះ គួរតែ​ធ្វើការ​អប់រំ​និង​ណែនាំ​ក្រុម​ដែល​បំពាន​ច្បាប់​ទាំងនោះ ឱ្យ​គោរព​ច្បាប់ ឱ្យបាន​ខ្ជាប់​ខ្លួន ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ មិន​បំពាន​សិទ្ធិសេរីភាព​អ្នក​ដ៏​ទៃ និង ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​អាច តាមផ្លូវ​ច្បាប់​ជាយថាហេតុ​ណាមួយ​។ នាំឱ្យ​ពួកគេ​ប្រឈម និង​ទទួលខុសត្រូវ​។​

៥.​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ នីតិរដ្ឋ ជាគោលការណ៍​សិទ្ធិមនុស្ស “Human Rights” ត្រូវតែ គោរព និង​ការពារ ប៉ុន្តែ​បើ​មនុស្ស​ប្រព្រឹត្ត​កំហុស “ Human Wrong” ត្រូវតែ​ប្រឈម និង​ទទួលខុសត្រូវ តាម ផ្លូវច្បាប់​។​

៦.​ប្រជាធិបតេយ្យ មាន​គោលការណ៍​រួម ប៉ុន្តែ​មិនមាន​ស្តង់ដារ​រួម ដែល​តម្រូវឱ្យ​ប្រទេស​ទាំងអស់ ត្រូវតែ​អនុវត្ត​ឱ្យបាន​ដូចគ្នា​នោះទេ ពោលគឺ ការអនុវត្ត​ត្រូវមាន​ភាពបត់បែន​និង​ប្រែប្រួល​ទៅតាម​បរិបទ​និង គុណ​តម្លៃ​នៃ​ប្រទេស​និង​តំបន់​នីមួយៗ ដោយ​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ខ្លួន​ជាធំ​។ ដូច្នេះ​ការវាយតម្លៃ​ពី​ស្ថានភាព ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក្នុងប្រទេស​មួយ ដែល​ប្រកបដោយ​ភាព​សុ​ក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និង​គ្រប់ ជ្រុងជ្រោយ មិន​លំអៀង​នោះ គឺត្រូវធ្វើ​ឡើង​ដោយ​ផ្អែកលើ​គោលការណ៍​រួម​ផង ព្រមទាំង​បរិបទ​និង​គុណ​តម្លៃ នៃ​ប្រទេស​និង​តំបន់​នោះ​ផងដែរ និង​មិនត្រូវ​វាយតម្លៃ​ដោយ​ផ្តោត​តែ​ទៅលើ​សិទ្ធិ​ណាមួយ ហើយ​បំភ្លេចចោល​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​សិទ្ធិ​ដ៏ទៃទៀត​នោះទេ​។

៧.​វា​បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ពី​ការបាត់បង់​សណ្តាប់ធ្នាប់​អន្តរជាតិ និង​ភាពអនាធិបតេយ្យ នៃ​នយោបាយ​អន្តរជាតិ នាពេល​ថ្មីៗ​នេះ ការដែល​រដ្ឋ​មួយ​អាច​រៀបចំ​ច្បាប់​តាម​ទំនើងចិត្ត​និង​ជា​ឯកតោភាគី លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដ៏​ទៃ​ក្រោមលេស​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ព្រមទាំង​ដាក់ទណ្ឌកម្ម លើ​រដ្ឋ ថ្នាក់ដឹកនាំ និង​សហគ្រាស​ឯកជន នៃ​រដ្ឋ​អធិបតេយ្យ​មួយទៀត ដោយ​មិន​ឆ្លងកាត់​យន្តការ​របស់​
​អង្គការសហប្រជាជាតិ ហើយ​ដែល​ទង្វើ​នេះ​ធ្វើឡើង​ក្រោមរូបភាព និង​ផលប្រយោជន៍​នយោបាយ ជាជាង ហេតុផល​សិទ្ធិមនុស្ស​។​

៨.​ទោះបីជា​ដឹង​យ៉ាងច្បាស់​ថា វិធានការ​របស់​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន មកលើ កម្ពុជា មាន​ភាពលំអៀង អយុត្តិធម៌ មាន​ស្តង់ដារ​ពីរ ដែល​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​យក ប្រជា​ធិ​តេ​យ្យ​និង​សិទ្ធិមនុស្ស​ធ្វើជា​លេស ដើម្បី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា យ៉ាងណាក៏ដោយ ក៏​កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​យន្តការ​អន្តជាតិ​និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស សន្តិ​សហ​វិជ្ជមាន មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ ដ៏​ទៃ ព្រមទាំង​ការពារ​និង​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព អធិបតេយ្យភាព ឯករាជ្យភាព និង​តម្កល់​នូវ​ប្រយោជន៍ ជាតិ​ជាធំ តាមរយៈ​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​និង​គ្មាន​ការលើកលែង តាម​គោលការណ៍​និង បែបបទ​ប្រជាធិបតេយ្យ​នីតិរដ្ឋ​។​

​កិច្ចសហការ​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​អន្តរជាតិ​

៩.​កម្ពុ​ជាមាន​ឆន្ទៈ​ខ្ពស់​ចំពោះ​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស ដែល​បាន​ស្តែងចេញ​យ៉ាង ច្បាស់​តាមរយៈ​ការផ្តល់​សច្ចាប័ន និង​ការទទួលយក​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៨ ក្នុងចំណោម​៩ ដែល​ធ្វើឱ្យ​ប្រទេសមួយ​នេះ​ក្លាយជា​ប្រទេសមួយ​លេចធ្លោ​និង​ឈានមុខ​គេ​ក្នុង​តំបន់​ក្នុងនាម​ជា​ភាគី​សន្ធិសញ្ញា សិទ្ធិមនុស្ស​អន្តរជាតិ ។​

១០.​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​គ្រប់​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ជាមួយ នឹង​ស្ថាប័ន​សន្ធិសញ្ញា​ផ្សេងៗ​ទៀត​។ ឧទាហរណ៍ ចាប់តាំងពី​ឆ្នាំ​១៩៩៣ កម្ពុជា​ជា​ប្រទេស​តែមួយគត់​ក្នុង តំបន់​អាស៊ាន ដែល​បាន​ស្វាគមន៍ ទាំង​វត្តមាន​អ្នករាយការណ៍​ពិសេស ព្រមទាំង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ដែល​អាណត្តិ​អ្នករាយការណ៍ ពិសេស និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវបាន​អនុញ្ញាតឱ្យ​បន្ត​ជា​បន្តបន្ទាប់ រហូតមកដល់​បច្ចុប្បន្ន​។ លើសពីនេះ កម្ពុជា​ក៏​មិនដែល​បាន​បដិសេធ​ចំពោះ​សំណើ​ទស្សនកិច្ច​របស់​អ្នក រាយការណ៍​ពិសេស​ណាមួយ​ឡើយ​។​

​សិទ្ធិសេរីភាព​និង​ការអនុវត្ត​ច្បាប់​

១១.​រដ្ឋធម្មនុញ្ញ​ចែងថា ពលរដ្ឋ​មាន​សិទ្ធិ សេរីភាព នៃ​ការជួបជុំ​បញ្ចេញមតិ និង​តវ៉ា ប៉ុន្តែ​ក៏បាន ចែង​បន្ថែមទៀត​ដែរ​ថា ការអនុវត្ត​សិទ្ធិ​ទាំងនេះ ត្រូវ​កំណត់ដោយ​ច្បាប់​។ ដូច្នេះ យើង​ត្រូវ​មើល​រដ្ឋធម្មនុញ្ញ ឱ្យអស់ កុំ​មើល​តែមួយ​ផ្នែក រួមទាំង​ច្បាប់​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ផងដែរ ដើម្បី​អាច​ដឹងបាន​ថា​សកម្មភាព ណា​ជាការ​អនុវត្ត​សិទ្ធិ និង​សកម្មភាព​ណា ជា​ការបំពានច្បាប់ ដែល​អាច​នាំឱ្យ​មានការ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ណាមួយ​ជាយថាហេតុ​។​

១២. ការជួបជុំ​តវ៉ា​ដោយ​សន្តិវិធី សហការ​ជាមួយ​សមត្ថកិច្ច និង​គោរព​តាម​វិធានការ​សន្តិសុខ សុវត្ថិភាព និង​សុខភាព​សាធារណៈ គឺជា​ការអនុវត្ត​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ ប៉ុន្តែ​ផ្ទុយ ទៅវិញ ការជួបជុំ​តវ៉ា​ដោយ​មិនបាន​ជូនដំណឹង​និង​សហការ​ជាមួយ​សមត្ថកិច្ច បំពាន​វិធានការ​សន្តិសុខ សុវត្ថិភាព និង​សុខភាព​សាធារណៈ បង្ក​ជា​អំពើហិង្សា​និង​ភាពចលាចល​ក្នុងសង្គម ប៉ះពាល់​ដល់​សណ្តាប់ ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​សិទ្ធិសេរីភាព អ្នក​ដ៏​ទៃ រួមទាំង​ការដាក់​សម្ពាធ​ដល់​ស្ថាប័ន​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​ផងដែរ​នោះ គឺជា​អំពើ​ល្មើស​ទៅនឹង​ច្បាប់ ដែល​សមត្ថកិច្ច​ត្រូវ​ចាត់​គ្រប់​វិធានការ ដើម្បី​ទប់ស្កាត់ ហើយ​អ្នក​តវ៉ា​ក៏ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ផងដែរ ដែលមាន ជា​ធរមាន​។​

១៣. ការបញ្ចេញមតិ​អំពី​ក្តីកង្វល់​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន គឺជា​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញ មតិ ប៉ុន្តែ​ផ្ទុយទៅវិញ ការបញ្ចេញមតិ​ដោយ​បំផ្លើស​និង​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ពី​បញ្ហា​ព្រំដែន ក្នុង​ចេតនា​ទុច្ចរិត ញុះញង់​បង្ក​ភាពចលាចល ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ មិនមែនជា​ការអនុវត្ត​សិទ្ធិ​នោះទេ ប៉ុន្តែ​ជា​បទល្មើស ព្រហ្មទណ្ឌ ដែល​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដែលមាន ជា​ធរមាន​។​

១៤. បញ្ហា​ព្រំដែន​ជា​បញ្ហា​រសើប​និង​មាន​ភាពស្មុគស្មាញ ហើយ​ការ​បំផ្លើស​និង​បំភ្លៃ​ព័ត៌មាន​មិន ពិត​ពី​បញ្ហា​ព្រំដែន​នេះ នឹង​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រទេសជាតិ ជាពិសេស​ប៉ះពាល់​ដល់​ស​ន្តិ​សុខ ជាតិ និង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសជិតខាង ដូច្នេះ​វិធានការ​ច្បាប់​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​ត្រូវ តែ​ម៉ឺងម៉ាត់​បំផុត ដើម្បី​ការពារ​សុខសន្តិភាព​ជូន​ប្រទេសជាតិ​។ ការដោះស្រាយ​បញ្ហា​ព្រំដែន គួរតែ​ត្រូវបាន ធ្វើឡើង​ដោយ​អ្នកជំនាញ​ដែលមាន​បទពិសោធន៍ ការស្រាវជ្រាវ និង​ចំណេះដឹង​ច្បាស់លាស់​អំពី​បញ្ហា ព្រំដែន ជាជាង​ធ្វើឡើង​ដោយ​ក្រុម​សកម្មជន​និង​ឈ្មួញ​នយោបាយ ដែល​គ្មាន​ជំនាញ ចំណេះដឹង និង ការស្រាវជ្រាវ​ទាល់តែសោះ​អំពី​បញ្ហា​នេះ ដោយ​សូម្បីតែ​មើល​ផែនទី​ក៏​មិនចេះ​មើល​ហើយ​មើល​ក៏​មិនត្រូវ ជ្រុង​ផងដែរ​នោះទេ តែ​បែ​ជា​នាំគ្នា​ទៅ​មើល​លើ​ផែនដី​ឯណោះ​ទៅវិញ​។​

១៥.​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ជន​ណា​ឬ​ក្រុម​អង្គការ​អន្តរជាតិ​ណាមួយ អាចដាក់​សម្ពាធ និង​បង្គាប់បញ្ជា​មកលើ​តុលាការ​បាន​នោះទេ​។ ការចេញ​សេចក្តីថ្លែងការណ៍​ដាក់​សម្ពាធ​និង​ទាមទា​ឱ្យ តុលាការ​ដោះលែង​ជនជាប់ចោទ​និង​ទម្លាក់ចោល​បទ​ចោទ មិនមែនជា​មធ្យោបាយ​ស្របច្បាប់​ក្នុងការ ការពារ​ជនជាប់ចោទ​នោះទេ ហើយក៏​នឹងមិន​មាន​ឥទ្ធិពល​អ្វី​ដែរ​ទៅលើ​ការសម្រេច​របស់​តុលាការ ដែល ជា​ស្ថាប័ន​ឯករាជ្យ​។ ការកំណត់ ពី​ពិរុទ្ធភាព បទល្មើស និង​ទោសទណ្ឌ​របស់​ជនល្មើស គឺជា​សមត្ថកិច្ច ផ្តាច់មុខ​របស់​តុលាការ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​អង្គហេតុ​និង​អង្គច្បាប់ ដែលមាន​ជា​ធរមាន គឺ​មិនមែន អាស្រ័យ​លើ​បក្សពួក​ឬ​ក្រុម​សម្ព័ន្ធមិត្ត​និង​អង្គការ ដែល​គាំទ្រ​និង​ការពារ​សកម្ម​ភាពខុស​ច្បាប់​របស់​ជនល្មើស នោះទេ ហើយ​មធ្យោបាយ​តាមផ្លូវ​ច្បាប់​តែមួយគត់​ក្នុងការ​ការពារ​ជនជាប់ចោទ​ក្នុងសង្គម​ប្រជាធិបតេយ្យ នីតិរដ្ឋ គឺ​ការចូលរួម​ក្នុង​ដំណើរ​នីតិវិធីតុលាការ ដើម្បី​ធ្វើការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​។​

១៦. វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​នាពេល​កន្លងមក មិនបាន​ផ្តោត​ជាក់លាក់​ទៅលើ​ក្រុម​គោលដៅ ណាមួយ​នោះទេ ពោលគឺ​អនុវត្ត​ជាទូទៅ មិន​ថា​អ្នក​ទាំងនោះ​ជា​សកម្មជន​សិទ្ធិមនុស្ស សង្គម​ស៊ីវិល នយោបាយ ឬ​បរិស្ថាន​នោះទេ ឱ្យតែ​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់ ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដូចៗ​គ្នា ដោយ​មិនមាន​ការលើកលែង​ឬ​អភ័យឯកសិទ្ធិ​ពិសេស​ដោយឡែក​ណាមួយ​នោះទេ​។ វិធានការ​ច្បាប់​ចំពោះ ក្រុម​សកម្មជន​នាពេល​ថ្មីៗ​នេះ មិនមែន​ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​ក្នុងការ​ការពារ​សិទ្ធិសេរីភាព បរិស្ថាន និង​ប្រយោជន៍​សាធារណៈ​នោះទេ តែដោយសារ​តែ​ពួកគេ​ប្រព្រឹត្ត​បទល្មើស ដែលមាន​បញ្ញា​ត្តិ​នៅ ក្នុង​ច្បាប់​របស់​កម្ពុជា ដោយមាន​អង្គការ​ចាត់តាំង​រៀបចំ​ចាត់ចែង​ច្បាស់លាស់​នៅ​ពីក្រោយ ហើយ​ដែល សមត្ថកិច្ច​មាន​មូលដ្ឋាន​រឹងមាំ​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​។​

១៧. គ្រប់​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ទាំង​ជាតិ​និង​អន្តរជាតិ ដែល​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ត្រូវ គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អធិបតេយ្យភាព​និង​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា ដែលមាន​ជា​ធរមាន ជាពិសេស ច្បាប់ ស្តីពី​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ហើយ​ក្នុងករណី​ដែលមាន​មូលដ្ឋាន​ច្បាស់លាស់​បញ្ជាក់​ពី សកម្ម​ភាពមិនប្រក្រតី​ដែលជា​ការបំពានច្បាប់ នោះ​សមត្ថកិច្ច​មាន​សិទ្ធិ​ធ្វើការ​ត្រួតពិនិត្យបាន​គ្រប់ពេល ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​ច្បាប់​មួយ ដែលមាន​ប្រសិទ្ធភាព នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ​។​

១៨. កម្ពុជា មិនមាន​អ្នកទោសនយោបាយ​នោះទេ មានតែ​អ្នកនយោបាយ​ដែលមាន​ទោស ដោយ សារ​តែ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។ ការអនុវត្ត​ច្បាប់​ចំពោះ​អ្នកនយោបាយ ដែល​ប្រព្រឹត្ត​បទល្មើស និង​ការរំលាយ​គណបក្សនយោបាយ​ដែល​ប្រព្រឹត្ត​ខុសច្បាប់ មិនមែន​ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​ផ្នែក នយោបាយ និង​លំហ​ប្រជាធិបតេយ្យ​នោះទេ តែ​ផ្ទុយទៅវិញ​ជា​វិធានការ​ច្បាប់ ដើម្បី​លើកស្ទួយ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

១៩. ជាក់ស្តែង ផ្អែក​តាម​បញ្ញត្តិ​ច្បាប់​និង​នីតិវិធីតុលាការ​របស់​កម្ពុជា លោក កឹម សុខា នាពេល កន្លងមក មិនដែល​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​របប​នៃ​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះទេ ហើយ​ច្បាប់​កម្ពុជា​ក៏​មិន មានចែង​ពីរ​បប​នៃ ការឃុំខ្លួន​បែបនេះ​ដែរ ពោលគឺ​តុលាការ​បានសម្រេច​ឱ្យ​គាត់​នៅក្រៅ​ឃុំ ស្ថិតក្រោម​ការ ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយចំនួន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ លោក កឹម សុខា បានធ្វើ​ដំណើរ ដោយ​សេរី​ទូទាំងប្រទេស និង​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សាធារណជន គ្រប់រូប រួមទាំង​អង្គទូត​ផងដែរ​។ ក្រោយ ការរីក​រាលដាល Covid-19 សវនាការ​លោក កឹម សុខា ត្រូវបាន ផ្អាក​ជា​បណ្តោះអាសន្ន តាម​ការស្នើសុំ​របស់​មេ​ធា​វី​ភាគី​ទាំងពីរ​។​

២០.​សំណុំរឿង លោក កឹម សុខា កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ ហើយ​ការសម្រេច​
​បែបណា គឺជា​ឆន្ទា​នុ​-​សិទ្ធិ​របស់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​។ ដោយ​ករណី លោក កឹម សុខា គឺ​មិនមាន​ការឃុំខ្លួន​នោះទេ ហេតុដូចនេះ ការបើក​សវនាការ​លើ​សំណុំ​រឿងនេះ គឺ​មិនមែនជា​អាទិភាព​នោះទេ​។​

​អាទិភាព​ពិតប្រាកដ គឺ​ការបើក​សវនាការ​ចំពោះ​សំណុំរឿង ដែលមាន​អ្នក​ជាប់ឃុំ ដើម្បី​ជៀង​វាង​កុំឱ្យ​មានការ​ឃុំខ្លួន​ហួស​កាលកំណត់​របស់​ច្បាប់ ជាពិសេស​ស្របពេល​ដែល​តុលាការ​កំពុង​អនុវត្ត​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​។ ហេតុដូចនេះ ប្រសិនបើ លោក កឹម សុខា ស្ថិតក្នុង​ការឃុំ នោះ​សវនាការ​សំណុំ​រឿងនេះ​ក៏​នឹងត្រូវ​យកមក​ចាត់ការ ជា​អាទិភាព​ផងដែរ​។​

២១. ព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជា​ផែន​ការដែល​រៀបចំឡើង​ដោយ​អ្នកនយោបាយ​មួយក្រុម​នៅក្រៅ ប្រទេស ដែល​ដឹកនាំ​ដោយ​ឈ្មោះ សម រង្សី ធ្វើ​យុទ្ធនាការ​ញុះញង់​៖ (១)-​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​លែង ស្តាប់​ប​និង​បះបោ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល (២)-​បំផុស និង​ញុះញង់​ឱ្យ​ប្រជាជន​ទូទាំងប្រទេស​ក្រោក ឡើង​ប្រឆាំងនឹង រដ្ឋអំណាច និង (៣)-​ប្រមូល​ថវិកា​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ទាំងនេះ​។ ហេតុដូចនេះ ផែនការ ៩ វិច្ឆិកា នេះ​គឺជា​ផែន​ការធ្វើ​រដ្ឋប្រហារ ដែលជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ ជាតិ ដែល​បាន​បញ្ញត្តិ​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

២២.​ផែនការ ៩ វិច្ឆិកា​នេះ គឺមាន​ការពាក់ព័ន្ធ​នឹង​មនុស្ស​ជាច្រើន ទាំង​នៅក្នុង​ប្រទេស និង​នៅ ក្រៅប្រទេស​។ ប៉ុន្តែ​ដោយ​ផែនការ​នេះ​ត្រូវបាន​ទប់ស្កាត់ និង​បង្ក្រាបបាន​ទាន់ពេលវេលា ទើប​មនុស្ស​ដែល ពាក់ព័ន្ធ​មាន​ចំនួន​មិនសូវ​ច្រើន​នោះទេ បើ​ធៀប​នឹង​ករណី​នៅ​បរទេស​។ បើ​ផែនការ​នេះ ចាប់ផ្តើម​អនុវត្ត នោះ​ចំនួន​មនុស្ស ដែល​ត្រូវ​ចាប់ខ្លួន​អាចមាន​ចំនួន​ច្រើនជាង​នេះ​។ ហេតុដូចនេះ អ្វីដែល​សំខាន់​នោះ​គឺ មិនមែន​ចំនួន​មនុស្ស​តិច ឬ​ច្រើន​នោះទេ ប៉ុន្តែ អ្វីដែល​សំខាន់​គឺ​ត្រូវមាន​ភស្តុតាង​រឹងមាំ​។ អ្នករៀបចំ​ផែនការ ធ្វើ​រដ្ឋប្រហារ ត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ក្រោម​បទល្មើស​ឧបឃាត ចំណែកឯ​អ្នក​ដែល​ចូលរួម​ក្នុង ផែនការ​នេះ ត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ពីបទ​រួមគំនិត​ក្បត់​។​

២៣. កាលពី​ខែ​មុន អតីត​អ្នកនយោបាយ​ប្រឆាំង​មួយចំនួន​ថែមទៀត​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ ឡើងវិញ ដែល​ធ្វើឱ្យ​ចំនួន​នេះ​កើន​ឡើងដល់​១៤​រូប​។ ពួកគាត់​មានបំណង​បង្កើត​បក្សនយោបាយ ហើយ សមាជិក​អតីត​បក្សប្រឆាំង ជាច្រើនរូប​ទៀត ក៏មាន​បំណង​ចូលរួម​ផងដែរ ប៉ុន្តែ​ពួកគាត់​ត្រូវបាន​រាំងខ្ទប់​ដោយ ថ្នាក់ដឹកនាំ​របស់ខ្លួន ដោយ​ចោទប្រកាន់​និង​ប្រកាស​ជា​សាធារណៈ​ថា ជា​ជន​ក្បត់ជាតិ ដែល​នេះ​ជាការ រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​នយោបាយ​របស់​ពួកគាត់​៕ រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

×