កណ្តល ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ បើកទៅកៀពីក្រោយបណ្តាលឲ្យដួល រួចកិនពីលើស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។ ចំណែករថយន្តបង្កវិញ បន្តបើកទៅមុខរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃសៅរ៍ទី ៦ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចបុរីពិភពថ្មីកំបូល៣ ភូមិត្រពាំងត្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សពជនរងគ្រោះមានឈ្មោះ ភ័សម៉ារី ភេទស្រី អាយុ២៤ឆ្នាំ មានប្តីនិងកូន បច្ចុប្បន្នស្នាក់នៅជិតកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើយោងតាមប្រភពព័ត៌មានពីអ្នកមីងម្នាក់ នៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញស្ត្រីម្នាក់ ជិះម៉ូតូម៉ាកស្គុបពីពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1-HM 8745 គោលបំណបម្រុងជិះទៅផ្សារកំបូល៣ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ5A25 81 ធ្វើដំណើរពីក្រោយ ក្នុងទិសដៅពីត្បូងបម្រុងនឹងបត់ទៅកើតក៏ជ្រុលចង្កូតទៅកៀម៉ូតូឲ្យដួល រួចកិនពីលើស្ត្រីជនរងគ្រោះមិនស្លាប់ រួចថយក្រោយមកកិនថែមទៀត បណ្តាលឲ្យស្លាប់ដាច់សាច់ជាបំណែកយ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខេត្តកណ្តាល និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សាមេត