Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតំណាងរាស្ត្រ សៀង ណាំ ស្រាប់តែ​បង្ហាញ​អារម្មណ៍​ស្នេហា​វ័យ​ចំណាស់​លន្លង់លន្លោច ស្រងោចចិត្ត​ដ្បិត​ប្រពន្ធ​…

spot_img

​សៀមរាប ៖ រាត្រី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ មកដល់​ប្រពន្ធ​សំឡាញ់រ​បស់បង​…!

​ក្រោម​ស្បៃ​រាត្រី​កណ្ដោចកណ្ដែង រក​ថ្លែង​អ្វី​សឹងតែ​មិនត្រូវ អារម្មណ៍​ព្រួយ​នឹក​ពៅ​ពេក ស្ទើរតែ​ស្រែក​ឱ្យ​បែក​វេហាស៍ នាំពាក្យ​វាចា ទៅប្រាប់​កនិដ្ឋា ការបង​ព្រួយ​។

​មុនពេល​អូន​អាន​នូវ​សំណេរ​ដែល​ចេញពី​ដួងចិត្ត​នេះ បង​សូម​អភ័យទោស​ទុកជាមុន និង​សោកស្តាយ​យ៉ាងខ្លាំង ដែល​មិន​បានរួម​ដំណើរ​ជាមួយ​អូន​ទៅកាន់​មន្ទីរពេទ្យក្រុង​បាងកក ប្រទេស​ថៃ​។

​ឧ​ត្ត​ម​ភរិយា គ្រា​ដែល​បង អាយុ​២០​ឆ្នាំ
ក្នុង​ឆ្នាំ​១៩៧៣ បង​បាន​ចាក​ចេញពី​ស្រុកកំណើត នៃ​ទឹកដី​កោះសំរោង ខេត្តកំពង់ចាម ក្រោម​ការគ្រប់គ្រង​រប​ស់​ពួក​ខ្មែរក្រហម (​តំបន់​រំដោះ​) ចេញទៅ​បន្ត​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ ដោយ​ត្រូវ​ឆ្លងកាត់​គ្រាប់កាំភ្លើង និង​ការប្រយុទ្ធ​យ៉ាង​ក្តៅគគុក រវាង​កងទ័ព​ខ្មែរក្រហម និង​កងទ័ព លន់ នល់ ហើយ​ទីបំផុត​បង​ធ្វើដំណើរ​ដល់​ភ្នំពេញ​ដោយ​សុខ​សប្បាយ​។

​អូន​ដឹង​ទេ​? ប្តី​របស់​អូន​កាលណោះ មានតែ​ខ្លួន​មួយ គ្មាន​សាច់ញាតិ និង​បងប្អូន​ឡើយ គឺ​ក្លាយជា​កូនកំព្រា តែលតោល លំបាកលំបិន​ក្រៃលែង ហើយ​ដើរ​ស៊ីឈ្នួល​គេ ធ្វើ​កម្មករ​បម្រើ​គេ ដើម្បី​រស់ និង​បាន​រៀនសូត្រ​។

​មិនបាន​ប៉ុន្មាន​ផង ពីរ​ឆ្នាំ​កន្លងផុតទៅ ភ្នំពេញ​ត្រូវបាន​កាន់កាប់​ទាំងស្រុង​ដោយ​របប​ខ្មែរក្រហម នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ហើយ​បង​ក៏បាន​រស់នៅក្នុង កង​យុវជន ធ្វើការ​ធ្ងន់ធ្ងរ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែរ​។​

​ប្រពន្ធ​សម្លាញ់ ចាំ​ទេ​…? ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៧៧ បង និង​អូន បាន​ឡើង​ប្តេជ្ញា​ក្លាយជា​គូស្រករ​ប្តី​-​ប្រពន្ធ​នឹង​គ្នា​រហូតមក ដោយ​ចាប់ដៃគ្នា​កសាង​ជីវិត​ទាំង​លំបាក​ក្នុង​របប​វាលពិឃាត​។​

​ហ៊ឺ​… អនុស្សាវរីយ៍​ទាំងឡាយ​ក្នុង​របប​ប៉ុល ពត បង​ចាំ​យ៉ាងច្បាស់ ពេលខ្លះ បាយ​មួយ​ដុំ ឬ​ដំឡូង​មួយ​ដុំ អូន​មិន​ហ៊ាន​ហូប​ទេ អូន​ទុក​សម្រាប់​បង ឱ្យ​បង​ហូប​មុន ទោះជា​បង​ប្រាប់ថា យើង​ហូប​ទាំងអស់គ្នា ក៏​អូន​មិន​ព្រម លុះដល់​បង​ហូប​សល់ ទើប​អូន​ហូប​តាម​ក្រោយ​… នឹក​ដល់​រូបភាព​មួយ​នោះ ធ្វើឱ្យ​ជលនេត្រ​បងហូរ​ច្រោក បោក​ប្រមៀល រាល​ចេញពី​កែវភ្នែក រលីងរលោង​ថត​ជាប់​រូប​អូន​។

​ទោះជា​ពួកយើង​ខិត​ត​ខំប្រឹងប្រែង​ដោះស្រាយ​ចំណង​ជីវិត លើ​វាលវដ្ដសង្សារ​ស្ទើរតែ​គ្មាន​ពេល​ល្ហែល្ហើយ រយៈពេល ៤៤​ឆ្នាំ​ហើយ អូន​ពិតជា​ហត់នឿយ​ណាស់ ក្នុងនាម​ជា​ភរិយា និង​ជា​ម្តាយ​។ រាល់​ម្ហូបអាហារ សម្លៀកបំពាក់ និង​កន្លែង​គេងរ​បស់បង របស់​កូនៗ​យើង និង​ការអប់រំ​ពួកគេ សុទ្ធតែ​អូន​ជា​អ្នកធ្វើ​ទាំងអស់​។ អូន​បាន​បំពេញ​តួនាទី​ជា​ឧ​ត្ត​ម​ភរិយា​ដ៏​ល្អ​បំផុត បំពេញ​តួនាទី ជា​ម្តាយ​ដ៏​សែន​កក់ក្តៅ​បំផុត​សម្រាប់​កូន​យើង ហើយ​បង​ពិតជា​មានសំណាង​ខ្លាំងណាស់​ដែលមាន​រូប​អូន​ជា​ភរិយា , ពេលនេះ សូម្បីតែ​អូន​ជួប​គ្រោះថ្នាក់​ឈឺ​ថ្កាត់ ក៏​បង​មិនបាន​ជូន​ដំណើរ​អូន​ទៅ​មន្ទីរពេទ្យ​ដែរ តើ​បោះ​នៅមាន​អ្វី​ទៀត​សម្រាប់​សង​អូន​នៅ​គ្រប់​ក្នុង​ឆាកជីវិត​នេះ​?

​ល្ងាច​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១
​បង​ពិតជា​ស្លុតចិត្ត​ណាស់ ពេល​ឃើញ​អូន​គ្រោះថ្នាក់​បាក់ឆ្អឹង​ស្មា ខណ​:​ដួល​កង់​ពេល​ជិះ​ហាត់ប្រាណ​, ភ្លាមនោះ បង​បាន​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​ពី​អាកា​រៈ​របស់​អូន​។ ដោយហេតុថា គ្រោះថ្នាក់​បាក់​ចំ​កន្លែង​ឆ្អឹង​ពុក ដែល​ក្លាយជា​កង្វល់​មួយ​បន្ថែមទៀត​សម្រាប់​បង​។ ទីបំផុត ក្រុមគ្រូពេទ្យ​បាន​ផ្តល់យោបល់​ថា ត្រូវបញ្ជូន​អូន​ទៅ​ព្យាបាល​នៅ​ទីក្រុង​បាងកក ព្រោះ​ទីនោះ​មាន​ឧបករណ៍​ពេទ្យ​គ្រប់គ្រាន់​។​

​រាត្រី​ថ្ងៃទី​០៥ កុម្ភ​: មួយថ្ងៃ​ក្រោយមក វេលា​ម៉ោង​៧​យប់ ឃឿន​វិញ្ញាណរ​បស់បង​រលឹក​គ្រប់​រឿងរ៉ាវ ធ្វើឱ្យ​បង​រឹងរឹតតែ​ខ្លោចផ្សា​ទ្វេដង ខណ​:​យន្តហោះ​បោះពួយ​ទៅដល​ទីក្រុង​បាងកក​។ ក្រៅពី​ស្រក់​ទឹកភ្នែក រំលែក​ចិត្ត​ឥត​ដឹងខ្លួន មាសស្ងួន​ចេញទៅ ទ្រូង​បង​សល់​នៅ​ពាក្យ​សូមទោស !

​បង​ជាប់ភារកិច្ច​រដ្ឋា​ចម្បង ១-​បញ្ហា​ខូ​វីដ​-១៩ ដែល​គេ​អនុញ្ញាត​បានតែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ​អ្នកជំងឺ​ម្នាក់ និង​អ្នក​មើលថែ​ម្នាក់ ដូច្នេះ បង​សម្រេច​ឱ្យ​កូនស្រី​ទៅជា​មួយ​អូន​។ ទី​២ បង​មាន​ភារកិច្ច​ជាច្រើន​ត្រូវបំពេញ​ជូន​រាជរដ្ឋាភិបាល ជាពិសេស ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​របស់​យើង​។​
​ហេតុផល​នេះ បង​ដឹង​យ៉ាងច្បាស់​ថា អូន​ពិត​ជាយ​ល់ហើយ​ថែមទាំង​លើកទឹកចិត្ត​បង​ទៀតផង​។ បង​គ្មានអ្វី ក្រៅពី​ពាក្យ​ថា សូមទោស​ប្រពន្ធ​សំឡាញ់ ! សូមឱ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ជួយ​បីបាច់​ថែរក្សា​អូន ពី​បង​អ្នកតំណាងរាស្ត្រ សៀង ណាំ រង់ចាំ​អូន​គ្រប់ពេលវេលា​៕ រក្សា​សិទ្ធិ​ដោយ​៖​ពិសិដ្ឋ​CEN​

spot_img
×