Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ប្រកាស​ឱ្យ​កូនប្រុស​ទាំង​៣ កូនប្រសា​២​របស់​សម្តេច​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំង​កូនៗ​អ្នកធំ​ដែល​គ្រប់​លក្ខខណ្ឌ ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩

​ភ្នំពេញ ៖ បន្ទាប់ពី ពិធី​ប្រគល់​-​ទទួល អំណោយ​វ៉ាក់សាំង​កូ​វី​១៩ ពី​មិត្ត​ចិន​រួចហើយនោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ទាក់ទង​ទៅនឹង​បញ្ហា​ជំងឺ​កូ​វីដ​១៩ និង​ពាក់ព័ន្ធ​ទៅនឹង​ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​ផងដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ចំនួន​វ៉ាក់សាំង​កូ​វីដ​១៩​ដែល​ផលិត​ចេញ​នៅលើ​ពិភពលោក ពេលនេះ​មាន​ចំនួន​តិចជាង​តម្រូវការ ។ ប្រទេស​ជាច្រើន​មានលទ្ធភាព​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ប៉ុន្តែ​ពុំមាន​វ៉ាក់សាំង​ដើម្បីឱ្យ​ពួកគេ​ទិញ​ឡើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន បង្ហាញ​មោទនភាព ដែល​កម្ពុជា​បានទទួល​វ៉ាក់សាំង​កូ​វីដ​១៩ នាពេលនេះ​ដោយសារតែ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​មិត្ត​ចិន​នា​រយៈពេល​កន្លងមក ។
​ជាថ្មី​ម្ដងទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា មូល​ហេតុដែល​សម្តេច​ស​ម្រេច​មិន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ តាម​ផែនការ​នោះ ដោយសារតែ​ទទួលបាន​លិខិតបញ្ជាក់​ផ្លូវការ​ពី​ស្ថានទូត​ចិន​ថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​លើ​អាយុ​១៨ ដល់ ៥៩​ឆ្នាំ​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​គម្រោង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ពី​ប្រទេស​ថៃ ដែល​នឹង​ផលិត​បាន​នៅ​ឆ្នាំនេះ និង​ពិចារណា​ក្នុងការ​ស្វែងរក​វ៉ាក់សាំង​កូ​វីដ​១៩​ពី​ប្រទេស​រុ​ស្ស៉ី​ផងដែរ​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន ក្លាយទៅជា​បុគ្គល​អាទិភាព ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩​ផងដែរ​។ ក្នុងនោះ​សម្ដេច​តេ​ជោ​ក៏បាន​ប្រកាស​ឱ្យ​កូនប្រុស​ទាំង​៣ កូនប្រសា​២​របស់​សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំង​កូនៗ​អ្នកធំ​ដែល​គ្រប់​លក្ខខណ្ឌ ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ទាំងអស់គ្នា​ទៀតផង​។
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា ការទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន​៦០​ម៉ឺន​ដូ​ស​នៅថ្ងៃនេះ បង្ហាញឱ្យឃើញ​ពី​ប្រសិទ្ធភាព នៃ​ការប្តេជ្ញាចិត្ត​របស់​នាយ​ក​រដ្ឋមន្ត្រី​ចិន កន្លងមក​ដែល​កម្ពុជា​និង​ចិន​បានធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ ជាមួយគ្នា​ដែល​កន្លងមក​បានក្លាយ​ទៅជា​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នោះ​។

​ឆ្លើយតប​ទៅនឹង បងប្អូន អ្នកសារព័ត៌មាន ពី​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ និង​ប្រភព​នៃ​វ៉ាក់សាំង គឺ​សម្ដេច​តេ​ជោ មានបំណង​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ចំនួន​៨០% នៃ​ប្រជាពលរដ្ឋ​សរុប ដែល​ស្មើនឹង​ចំនួន​១៣​លាន​នាក់ ត្រូវការ​វ៉ាក់សាំង​ប្រមាណ​២៦​លាន​ដូ​ស​។ តែ​បន្ទាប់​ឆ្លងកាត់​ការពិភាក្សា​ជាប់​ជាប្រចាំ​ជាមួយ​គណ​:​កម្ម​ការ​កូ​វ៉ា​ក់ គឺ​ខាង​កូ​វ៉ា​ក់ថា​គួរផ្ដល់​ត្រឹម ៦០% ទៅ ៧០% ឬ​សម្រាប់តែ​១០​លាន​នាក់​បាន​ហើយ តែ​ចំពោះ​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា សម្ដេច​នៅតែ​ចង់​ផ្ដល់ជូន​ប្រជាពលរដ្ឋ​អោយបាន​ចំនួន​៨០% នៃ​ប្រជាពលរដ្ឋ​សរុប​។

​សម្ដេច​តេ​ជោ បាន​លើកឡើងថា តាម​ការប្រមើលមើលរ​បស់​សម្ដេច ប្រភព​ច្បាស់លាស់​នៃ​វ៉ាក់សាំង​គឺ​ចិន ដែល​នៅតែ​ប្រភព​យុទ្ធសាស្ត្រ ដោយសារ ចិន​គឺមាន​ការងាយស្រួល​ដឹកជញ្ជូន និង​សីតុណ្ហភាព​ក៏​ងាយស្រួល​ក្នុងការ​រក្សាទុក​(​ដែល​ចន្លោះ​តែ​ពី ៦ ដល់ ៨ អង្សា​) ។
​ប្រភព​មួយទៀត គឺ​គណ​:​កម្ម​ការ​កូ​វ៉ា​ក់ របស់​អង្គការ​សុខភាព​ពិភពលោក នឹង​ផ្ដល់​វ៉ាក់សាំង​សម្រាប់​ចំនួន​ប្រជាជន ២០% នៃ​ប្រជាជន​សរុប ស្មើនឹង ៣,៥ លាន​នាក់ ឬ​ស្មើនឹង​៧​លាន​ដូ​ស ។ ដែល​នេះ​ជា​ច្រកទ្វា​មួយ ទៀត ហើយ​តាម​ព័ត៌មាន គឺ​កូ​វ៉ា​ក់មាន​វ៉ាក់សាំង​ក្នុង​ដៃ​រួចហើយ​។

​ប្រភព​មួយផ្នែក​ទៀត​គឺ​ទទួលបាន​ពី​ប្រទេស​អូស្ត្រាលី ដែលមាន​៣ លាន​ដូ​ស ដូច្នេះ​តាម​ទិន្នន័យ​វ៉ាក់សាំង​ពី​ប្រភព​ទាំង​៣​នេះ ទទួលបាន​វ៉ាក់សាំង​សរុប​១១​លាន​ដូ​ស ( ដែល​នៅថ្ងៃនេះ​គឺ​យើង​ទទួលបាន​៦០​ម៉ឺន​ដូ​ស ពី​មិត្ត​ចិន​) ។ ដូច្នេះ បើ​តម្រូវការ​២០​លាន​ដូ​ស សម្រាប់​១០​លាន​នាក់​គឺ​យើង​ត្រូវការ​៩​លាន​ដូ​ស​បន្ថែម តែបើ​យើង​ប្រើ​សម្រាប់​១៣​លាន​នាក់ គឺ​យើង​នៅ​ខ្វះ​១៥​លាន​ដូ​ស​។
​កម្ពុជា ក៏បាន​ស្នើ​ទៅ​មិត្ត​ឥណ្ឌា គឺ​ហើយ​មិត្ត​ឥណ្ឌា​អាច​ផ្ដល់​ជាការ​លក់​១០​ម៉ឺន​ដូ​ស (​ដែល​វ៉ាក់សាំង​នេះ​ផលិត​តាម​បច្ចេកទេស​អង់គ្លេស​ដែលមាន​ឈ្មោះថា អេ​ស្ត្រា​សេនី​កាល​) ដូច្នេះ​សម្ដេច​តេ​ជោ សូមអោយ​រដ្ឋមន្ត្រី ធ្វើ​ចរចា ស្នើ​ទិញ​ពី ទៅ ១០​លាន​ដូ​ស ដែល​នឹង​អាច​ចាប់ផ្ដើម​ចរចា​ថ្ងៃស្អែក ។​

​ប្រភព​មួយទៀត ដែល​សម្ដេច​តេ​ជោ បានលើកឡើង យើង​អាច​ទិញ​វ៉ាក់សាំង​ពី​ថៃ​(​អេ​ស្ត្រា​សេនី​កាល​) ដែល​ប្រទេស​ថៃ​នឹង​ផលិត​នៅ​ខែឧសភា ខាងមុខនេះ បើ​ដូច្នេះ​គឺ​ងាយស្រួល ជិត​យើង​ស្រាប់​។ ហើយ​ចំពោះ​តម្លៃ​វ៉ាក់សាំង​នេះ​គឺ តម្លៃ​ប្រមាណ​តែ $៤ ក្នុង​មួយ​ដូ​ស​ចឹ​ង យើង​ចំណាយ​តែ ៤០​លាន​ដុល្លារ សម្រាប់​១០​លាន​ដូ​ស ដែល​ចំនួន​នេះ​គឺ​យើង​អាច​ប្រើ​ថវិកា​សប្បុរសធម៌​បាន​។​

​ជាថ្មី​ម្ដងទៀត សម្ដេច​តេ​ជោ នៅតែ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប់​ជាប្រចាំ និង​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន អញ្ជើញ​ទទួលបាន​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ វ៉ាក់សាំង​ដែល​បាន​បញ្ជូន​មកដល់​កម្ពុ​ជា​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ចំនួន​៦០​ម៉ឺន​ដូ​ស​ក្នុង​ជំហាន​ដំបូង ដោយ​ក្នុងនោះ​ចំនួន​៣០​ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងសុខាភិបាល និង​៣០​ម៉ឺន​ដូ​ស​ទៀត សម្រាប់​ផ្នែក​យោធា​។

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ដែរថា អាយុ​ដែល​អាច​ចាក់​បាន​គឺមាន​ពី ១៨​ឆ្នាំ ទៅ​៥៩​ឆ្នាំ ហើយ​អ្នក​ដែលមាន​អាយុ​លើសពី ៦០​ឆ្នាំ ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​សិន​។

​ក្នុង​ពី​ធី​ប្រគល់​ទទួល​នោះ ឯកអគ្គរដ្ឋទូត​ចិន បាន​ថ្លែងថា ចាប់ពី​ផ្ទុះ​កូ​វីដ​១៩ រដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​ជួយ​គ្នា​ទៅវិញទៅមក ដែល​ប្រៀបដូចជា​ពាក្យស្លោក​ថា «​ស្រលាញ់គ្នា ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​»​។ ឯកអគ្គរដ្ឋទូត​ចិន ថ្លែងថា​ទៀតថា ក្រុម​វេជ្ជបណ្ឌិត​ចិន បានមក​បណ្តុះបណ្តាល​អំពី​របៀប​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​គ្រូពេទ្យ​កម្ពុជា ហើយ​ប្រទេស​ចិន​នឹង​បន្ត​ជួយ​កម្ពុជា ក្នុងការ​ប្រឆាំងនឹង​កូ​វីដ​១៩ និង​ផ្តល់ជំនួយ​ដល់​កម្ពុជា តាម​លទ្ធភាព រហូតដល់​ឈ្នះ​ជំងឺ​កូ​វីដ​១៩​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​ទទួល​ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩ ជំហាន​ទី​១ ចំនួន​៦០​ម៉ឺន​ដូ​ស ក្នុងចំណោម​១​លាន​ដូ​ស ដែល​ត្រូវ​ទទួល​នាពេល​បន្ទាប់​។ សម្តេច​តេ​ជោ​បន្តថា ទោះបីជា​កម្ពុជា​ទប់ស្កាត់​បាន​ទ្រង់ទ្រាយ​ធំ​ក៏ដោយ វ៉ាក់សាំង​ជា​តម្រូវការ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ក្នុងការ​យកឈ្នះ​ជំងឺ​កូ​វីដ​១៩​។ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ពិតជា​មានការ​ដឹងគុណ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន​៦០​ម៉ឺន​ដូ​ស ក្នុងចំណោម​១​លាន​ដូ​ស​ដល់​កម្ពុជា​នាពេលនេះ​។ នាឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ សម្តេច​តេ​ជោ ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាជន​ចិន​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់គ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

×