ភ្នំពេញ ៖ យុវជនម្នាក់ និងនារីម្នាក់ទៀតដែលមានគេអះអាងថាជាបងប្អូនជីដូនមួយនឹងគ្នា បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីមានរថយន្តកុងតឺន័រមួយគ្រឿងសង្ស័យអ្នកបើកបររថយន្តកុងតឺន័រនោះស្រវឹង បើករថយន្តបុកនិងកិនពីលើនោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៧នឹង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនិងផ្លូវទំនប់កប់ស្រូវ (ស្ទុបទំនប់កប់ស្រូវ)ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះទាំង២នាក់ប្រុសស្រីខាងលើ ទី១ឈ្មោះ អៀម ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ និងទី២ឈ្មោះ ស៊ន ចាន់ធូ ភេទស្រី អាយុ១៨ឆ្នាំ ដែលអ្នកទាំងពីរមានមុខរបរជាកម្មករកម្មការនីរោងចក្រ ស្នាក់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញយុវជនប្រុសស្រីទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ-5544 បានជិះឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត ហើយមកដល់ស្ទុបកន្លែងកើតហេតុ ក៏បានបត់ឆ្វេងបំរុងទៅផ្លូវទំនប់កប់ស្រូវ ស្របពេលនោះស្រាប់តែមានរថយន្តបង្កកុងតឺន័រ ក្បាលពណ៌ស តួរពណ៌ក្រហម តែគ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច ក្នុងល្បឿងយ៉ាងលឿន ហើយបុកម៉ូតូជនរងគ្រោះពីចហៀងទាំងកំរោលបណ្ដាលឲ្យម៉ូតូដួលចូលក្រោមកង់រថយន្តអូសជិត២០ម៉ែត្ររងការខូចខាតយ៉ាងដំណំ ចំណែកយុវជនប្រុសស្រីរងគ្រោះទាំងពីរក៏ត្រូវរថយន្តបុកកិនផងដែរបណ្ដាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗមួយរំពេច។ ដោយឡែកម្ចាស់រថយន្តបង្កវិញក៏ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានផងដែរ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានជួយសម្រួលចរាចរណ៍ រួមទាំងទំនាក់ទំនងទៅសាច់ញាតិបងប្អូនសពជនរងគ្រោះទាំង២នាក់ឲ្យមកដល់កន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើឯកសារប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្កទាំងអ្នកបើកបរ និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ៖បញ្ញាស័ក្តិ