Tuesday, December 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​ស្រូវ​ឆ្នាំនេះ ឡើងដល់​ជាង​១​លាន​រៀល ខ្ពស់ជាង​បណ្ដា​ឆ្នាំកន្លងមក នៅ​បាត់ដំបង​

​បាត់ដំបង ៖ កសិករ​ដាំ​ស្រូវ បានបង្ហាញ​នូវ​ការភ្ញាក់ផ្អើល​និង​សប្បាយរីករាយ ព្រោះ​តម្លៃ​ស្រូវ​បង្កើន​រដូវ​ប្រភេទ​អូ​អឹម​នៅ​ឆ្នាំនេះ បាន​ហក់​ឡើងដល់​ជាង​១​លាន​រៀល​ខ្ពស់ជាង​បណ្ដា​ឆ្នាំ​កន្លងទៅ រួមទាំង​ទិន្នផល​ក៏​ទទួលបាន​ច្រើន បន្ទាប់ពី​ទូទាត់​លើ​ការចំណាយ​សល់​ប្រាក់ចំណេញ​បាន​គួរ​សមនៅ​ខេត្តបាត់ដំបង​។​

​ពលរដ្ឋ​រស់នៅ​ភូមិ​អង្គ្រង​ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី បាន​ប្រាប់​ឲ្យ​ដឹងថា​តំបន់​ពួកគាត់​មិនសូវ​អំណោយផល ក្នុង​ការធ្វើ​ស្រូវ​បង្កើន​រដូវ​ខ្លាំង​ណាស់ណា​នោះទេ ព្រោះ​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។ ចំណែក​ស្ទឹង​ក៏​គោក​រាក់​លឿន​មិនមាន​ទឹក​ដក់​យូរ​ខែ តែង​ជួប​បញ្ហា​គ្រោះរាំងស្ងួត​កាលពី​ចុងឆ្នាំ​២០២០ ក៏​រងគ្រោះ​ដោយ​ទឹកជំនន់​លិចលង់​ស្រូវ​អស់​ជាច្រើន​ហិកតា​។ សម្រាប់​ទិន្នផល​ស្រូវ​ប្រមូលបាន គឺ​ពេល​លក់​ទៅជា​រៀងរាល់​ឆ្នាំមាន​ចុះ​មាន​ឡើង​។ ពេលខ្លះ​តម្លៃ​ធ្លាក់​ស្ទើរតែ​មិនអាច​ទទួលយកបាន ប៉ុន្តែ​ដោយឡែក​នៅ​ឆ្នាំ​២០២១​នេះ ស្រូវ​ប្រភេទ​អូ​អឹម ដែល​ពួកគាត់​កំពុង​ប្រមូល​ផល​នេះ បាន​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់មាន ដែល​កាលពីដើម​ឆ្នាំនេះ ក្នុង​មួយ​តោន​តម្លៃ​ឡើងដល់​ជាង ១​លាន​រៀល ខណៈ​រាល់​ឆ្នាំ​បាន​ត្រឹម ៧០​ទៅ​៨០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ទិន្នផល​ស្រូវ​ឆ្នាំនេះ​ក៏បាន​ច្រើន បើ​ពេញ​ទឹក​មួយ​ហិកតា មាន​ចាប់ពី​ជាង ៦​ទៅ​៧​តោន​។​

​ប្រជាកសិករ បាន​សំណូមពរ​បន្ថែមថា​សូម​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍ ឲ្យ​មានការ​ទិញយក​ស្រូវ​ដែល​ស្ទើរ​ទឹក ខណៈ​ឈ្មួញ​មិន​ប្រមូល​ទិញ ធ្វើ​ឲ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ ដោយ​ជួយ​ជំរុញ​ឲ្យ​ទិញ​ក្នុងតម្លៃ​ណាមួយ ដើម្បី​ឲ្យ​ពួកគាត់​អាច​យកប្រាក់​មក​ទូទាត់​នឹង​ការចំណាយ​លើ​ការផលិត​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ខេត្តបាត់ដំបង​និង​នៅ​ដើមឆ្នាំ​នេះ ក្រៅពី​ស្រូវ​ប្រភេទ​អូ​អឹម មាន​ស្រូវ​បង្កើន​រដូវ​ប្រភេទ​ផ្សេងៗ​ទៀត ដូចជា សែន​ក្រអូប​និង​អ៊ី​អ៊ា​ជាដើម ក៏​តម្លៃ​ហក់​ឡើង​ខ្ពស់​ផងដែរ​។ សម្រាប់​នៅ​តំបន់​ជាប់​ស្ទឹង​មោង ឬ​ស្ទឹង​ដូន​ទ្រី ពិសេស​ភូមិ​នៅ​បែក​ខាងក្រោម​ស្ទឹង​មិនមាន​ស្ថិតក្នុង​ផែនការ​ធ្វើ​ស្រូវ​ស្ដារឡើងវិញ បន្ទាប់ពី​ទឹកជំនន់​ដ៏​ធំ​នៅ​ចុងឆ្នាំ​២០២០​នោះទេ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយចំនួន​ដែលមាន​ស្រែ​ជាប់​ស្ទឹង​ឬ​ប្រឡាយ​បាននាំគ្នា​ធ្វើស្រែ ហើយក៏​ខ្វះ​ទឹក​ស្រោចស្រព​ផងដែរ​។ បញ្ហា​នេះ​មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​នាំ​ទឹក​ពី​ទំនប់​បាសាក់​ស្ថិតក្នុង​ស្រុក​រុក្ខ​គិរី មកជួយ​អន្តរាគមន៍​បាន​មួយចំនួន ទៅតាម​លទ្ធភាព ព្រោះ​ស្ថានភាព​ទឹក​ក្នុង​អាង​នេះ​មាន​តិច​និង​ត្រូវ​បែងចែក​ទៅ​តំបន់​ផ្សេងៗ​ទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×