តាកែវ ៖ ដើម្បីទប់ស្កាត់ការចេញចូលតាមមកកាន់ប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយចិននិងវៀតណាមខាងមុខនេះ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានបន្តចុះពិនឹត្យមើលតាមព្រំដែនរវាងខេត្តតាកែវនិងខេត្តអាយ៉ាងប្រទេសវៀតណាម ដោយបានណែនាំដល់វរការពារព្រំដែនរួមនិងអភិបាលស្រុកដែលជាប់ព្រំដែន ត្រូវពង្រឹងការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់បន្ទាត់ព្រំដែនកម្ពុជា -វៀតណាម ដើម្បីធ្វើយ៉ាងណាការពារការឆ្លងការរីករាលដាលនៃជំងឺកូវីដ ១៩ កុំអោយចូលមកក្នុងខេត្តរបស់យើង។
ថ្លែងក្នុងនៅក្នុងឱកាសចុះពិនឹត្យនៅច្រកទ្វាបាក់ដៃ ដែលស្ថិតនៅក្នុងស្រុកអង្គបូរី កាលពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់មន្ត្រីនគបាល និងទាហានការព្រំដែនទាំងអស់ត្រូវអនុវត្តន៍ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវបទបញ្ជា និងវិធានការនានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយថ្មីៗនេះប្រទេសវៀតណាមកំពុងតែរងការរាតត្បាតដោយជំងឺកូវីដ ១៩ ដែលបណ្ដាលអោយមានមនុស្សស្លាប់ និងមានអ្នកឆ្លងជាច្រើននាក់ ដោយសារជំងឺនេះ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះបុណ្យចូលឆ្នាំចិន វៀតណាមនិងខិតជិតមកដល់ ដូច្នេះអាចនឹងមានភ្ញៀវទេសចរជាច្រើនឆ្លងកាត់បន្ទាត់ព្រំដែន ដែលនេះបញ្ហាដែលខាងវរការពារព្រំដែន រួមនិងអាជ្ញាធរស្រុកជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ទាំងខ្មែរ និងភ្ញៀវទេសចរបរទេស ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺត្រូវ វាស់កម្ដៅ លាងសំអាតដៃជាមួយអាល់កុល ទាំងចេញ និងចូល ព្រមទាំងត្រូវបាញ់ថ្នាំលើរថយន្តដើម្បីសម្លាប់មេរោគ ហើយបើសិនខាងមន្ត្រីជំនាញមន្ទីសុខាភិបាលខេត្ត ពិនិត្យឃើញមានភ្ញៀវទេសចរ ណាម្នាក់មានអាការៈខុសប្រក្រតីត្រូវបញ្ជូនគាត់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កផងដែរ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវក៏បានស្នើឲ្យអាជ្ញាធរស្រុកជាប់ព្រំដែនទាំង៣ ត្រូវបន្តចុះត្រួតពិនិត្រមើលការបោះតង់របស់ជនជាតិវៀតណាម ដែលបោះនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាមដែលស្ថិតក្រោមរូបភាពការពារការរីករាលនៃជំងឺកូវីដ ១៩ ដើម្បីធានាអោយបានកិច្ចសហប្រតិបត្តិការព្រំដែន រវាងភាគីប្រទេសកម្ពុជា និងប្រទេសវៀតណាម៕ រក្សាសិទ្ធិដោយ៖តាកែវ