ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា នៅថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់ត្រជាក់ក្តៅ វិលវល់ ពីរយៈកម្ពស់មកផ្ទៃដី ( Invertion Mass Wind)។
នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីក ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C មានភ្លៀងខ្សោយ នៅតំបន់ទំនាបភាគពាយ័ព្យ និងតំបន់ភាគខាងត្បួង ។ នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ ដដែលនេះដែរ សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក ។
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C មានភ្លៀងខ្សោយ នៅខ្ពង់រាបឦសាន និងខាងកើត ។ នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក ។
៣៖ តំបន់មាត់សមុទ្រ ៖
នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C និងសីតុណ្ហភាអតិបរមាមានពី ២៩-៣២ °C មានភ្លៀងខ្សោយ ។ នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣២ °C មានអាកាសធាតុត្រជាក់បន្តិច នៅពេលព្រឹកព្រលឹម ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ និងពិសេសវីរៈកងទ័ពនៅ តំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគខាងជើង និងទំនាបភាគពាយ័ព្យ
សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់ នៅតំបន់ទាំងនោះនាពេលព្រឹក៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN