Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​នៅ​ខេត្តបាត់ដំបង បាន​ចូលរៀន​វិញ​ហើយ នៅ​ទីតាំង​ថ្មី តាម​វត្ត​អារាម តាម​សាលា​ឯកជន នៅផ្ទះ​គ្រូបង្រៀន និង​ទីតាំង​ស្នាក់ការ​បក្ស ខណៈ​សាលារៀន​កំពុង​យក​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​

​បាត់ដំបង ៖ អាជ្ញាធរខេត្ត​បាត់ដំបង និង​មន្ទីរ​ពាក់ព័ន្ធ បានរៀបចំ​ទីតាំង​ថ្មី សម្រាប់​សិស្សានុសិស្ស​នៅ​សាលារៀន​ចំនួន​៥ ក្នុងស្រុក​ជាប់​ព្រំដែន​ថៃ ខណៈដែល​កំពុង​យក​សាលា​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។ សិស្ស​ទាំងអស់នោះ បាន​ចូលរៀន​វិញ​ហើយ ទៅតាម​កម្មវិធីសិក្សា​ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ណែនាំ​។​

​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា សម្រាប់​សាលារៀន​ទាំង​៥​កន្លែង ដែល​កំពុង​យក​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក មាននៅ​ស្រុក​កំរៀង​ចំនួន​៣​កន្លែង ស្រុក​ភ្នំព្រឹក ១​កន្លែង​និង​ស្រុក​សំពៅ​លូន ១​កន្លែង​។​ទោះបីជា​យ៉ាងនេះ​ក្ដី រដ្ឋបាលខេត្ត​បាត់ដំបង មន្ទីរអប់រំ​និង​អាជ្ញាធរ​ស្រុក បានរៀបចំ​ឲ្យ​សិស្ស ដែល​ត្រូវយក​សាលា​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក រៀន​នៅ​ទីតាំង​ផ្សេងៗ មានដូចជា​នៅ​វត្ត​អារាម តាម​សាលា​ឯកជន នៅតាម​ផ្ទះ​គ្រូបង្រៀន និង​ទីតាំង​ស្នាក់ការ​បក្ស​។​ពេលនេះ ពួកគេ​(​សិស្ស​)​បាន​ចូលរៀន​វិញ​អស់ហើយ និង​មានការ​គាំទ្រ​បន្ថែម​ទៅលើ​សៀវភៅ​សិក្សា​គោល ទូរទស្សន៍​រៀន​តាម​អន​ឡាញ​ជាដើម​។​

​លោក យី សុង​គី បាន​បន្ថែមថា បើ​កំណើន​របស់​ពលករ ត្រឡប់​មកពី​ប្រទេស​ថៃ កាន់តែច្រើន អាជ្ញាធរ​អាច​នឹង​យក​កន្លែង​អន្តេវាសិកដ្ឋាន​របស់​គ្រូបង្រៀន​និង​សិស្ស​ស្ថិតក្នុង​វិទ្យាល័យ​កំរៀង ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ ហើយ​គ្រូបង្រៀន​និង​សិស្ស​ដែល​សម្រាក់​ស្នាក់នៅ​ទីនោះ អាច​ជួល​កន្លែង​ណាមួយ​ឲ្យ​ពួកគាត់​រស់នៅ​បណ្ដោះអាសន្ន​វិញ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ក្នុងពេល​ចុះ​ពិនិត្យ​ទីតាំង​ការសិក្សា​របស់​សិស្ស នៅ​ស្រុក​ជាប់​ព្រំដែន​កាលពី​ថ្ងៃទី​០៨​ខែកុម្ភៈ ឆ្នាំ​២០២១ បាន​មានប្រសាសន៍ ជំរុញ​ដល់​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​ទីតាំង​នេះ​ឲ្យ​កាន់​តែមាន​លក្ខណៈ​សមរ​ម្យ ក៏ដូចជា​ត្រៀម​ជានិច្ច​នូវ​ការពិនិត្យ​សុខភាព ខ្លាច​មាន​សិស្ស​ណាមួយ​មាន​អា​ការៈមិន​ស្រួលខ្លួន ព្រោះ​ទីតាំង​ថ្មី​ខ្លះ ហាក់​មាន​អាកាសធាតុ​ក្ដៅ​។ សូម​ការយោគយល់​ពី​មាតាបិតា អាណាព្យាបាល​សិស្ស ចំពោះ​ឲ្យ​កូនចៅ​របស់​ពួកគាត់​រៀន​នៅ​ទីតាំង ដែល​អាជ្ញាធរ​បានរៀបចំ​នេះ ព្រោះ​ការធ្វើ​បែបនេះ ក្នុង​គោលបំណង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​ថ្ងៃ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​នៅ​ខេត្ត​សាមុទ​សាខ ប្រទេស​ថៃ មាន​ពលករ​ខ្មែរ ឆ្លងដែន​តាម​ច្រក​ជាប់​ខេត្តបាត់ដំបង​មាន​ជាង​៥០០០​នាក់ និង​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក អនុញ្ញាតិ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​មាន​ជាង​៣០០០​នាក់​៕ រក្សា​សិទ្ធិ​ដោយ : អ៊ុង​សា​រុំ​

×