Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ឲ្យ​គណៈបញ្ជាការ​ឯកភាព គ្រប់លំដាប់​ថ្នាក់ ទប់ស្កាត់​ការ​ញុះញង់​ប៉ុនប៉ង បង្ក​ឲ្យ​ភាពចលាចល​វឹកវរ អសន្តិសុខ​ក្នុងសង្គម

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ការថែរក្សា​សន្តិភាព និង​ស្ថេរភាព​នយោបាយ គឺ​គណៈបញ្ជាការ​ឯកភាព​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បង្កើន​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន ដើម្បី​ដាក់ចេញ​នូវ​វិធានការ​នានា សំដៅ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​នូវ​សកម្មភាព ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​ញុះញង់​អុជអាល​ប៉ុនប៉ង​បង្ក​ឲ្យ​មាន​អំពើហិង្សា ភាពចលាចល​វឹកវរ អសន្តិសុខ​ក្នុងសង្គម ។​

ការលើកឡើង​របស់​ស​ម្តេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន អនុប្រធាន សមាជិក និង​ក្រុម​ជំនួយការ​នៃ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បន្តថា ត្រូវ​យកចិត្តទុកដាក់​អប់រំ​ណែនាំ និង​បកស្រាយ​បំភ្លឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​ការ​បំផុសបំផុល ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​សកម្មភាព​ផ្សេងៗ ដែលមាន​ចរិត​អុជអាល​បង្ក​ឲ្យ​មាន​ហិង្សា​ក្នុងសង្គម និង​ខិតខំ​បំផុស​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​គោរព​ច្បាប់ ចូលរួម​ការពារ​ផលប្រយោជន៍​សាធារណៈ ផលប្រយោជន៍​សហគម​ន៍ និង​ត្រូវ​ជៀសវាង​ការចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយណា​ដែល​ផ្ទុយ​ពី​ច្បាប់ ក៏​ដូច​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់ថា អាជ្ញាធរ​គ្រប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ដោះស្រាយ​ជម្លោះ និង​ការទាមទារ​តវ៉ា​នានា​ប្រកបដោយ​សន្តិវិធី ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ត្រូវ​ជៀសវាង​ដាច់ខាត​នូវ​អំពើហិង្សា​តាម​គ្រប់​រូបភាព​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×