ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។
ការអនុវត្តការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំកងទ័ពនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងធ្វើឡើងតាមការស្ម័គ្រចិត្ត។
ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ នៅមន្ទីរពេទ្យកេតុមាលា។
ដោយឡែក ការចាក់វ៉ាក់សាំង SARS-Cov-2 «Sinopharm» ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន តាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ក្រុមវ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នឹងជូនដំណឹងពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់នៅពេលក្រោយ។
ក្នុងនាមក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ នាង ផាត បានប្រកាសអញ្ជើញថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ ដើម្បីគាំទ្រគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការការពារសុខភាព និងលើកកម្ពស់សុខមាលភាពរបស់កងទ័ពយើង។
សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ