ខេត្តស្វាយរៀង ៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំង លោក លោកស្រី ជា សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្មគ្រ័ ចិត្តកាកបាទក្រហមនាព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក សរុបចំនួន ៨០ នាក់ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
ក្នុងយុទ្ធនាការនេះមានចែកជូននូវឯកសារពាក់ព័ន្ធ ខិតប័ណ្ណនានា ទាក់ទងនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បិទចំណាំងផ្លាត និងមានការរៀបចំជាកម្មវិធីសំនួរ ចម្លើយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកដែលឆ្លើយត្រូវទទួលបានមួកសុវត្ថិភាព អាវយឺត ពីក្រុមការងារសាខា និងមន្ទីរសាធារណការ និងដឹកជញ្ជូន ។
ជាមួយគ្នានេះដែរក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹង វិធានការ ការពារពីជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រង់ចំណុច នៅភ្លើងស្តុបសួនតាឌី នៅរង្វង់មូលមុខសាលាក្រុងស្វាយរៀង និងនៅផ្លូវកែងទំនប់តាណេង ។
មានប្រសាសន៍នាឱកាសនោះ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានបញ្ជាក់ថាបញ្ហាគ្រោះថ្នាក់ចរាចរណ៏ បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញ ទាំង ទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីមេម៉ាយ គ្រួសារក្រីក្រ ។ ល ។ បញ្ហានេះបានទាក់ទាញនូវការយកចិត្តទុកដាក់ ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនូវ អត្រាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការបង្កើតគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌មានជនរងគ្រោះ និង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ ឆ្នាំ ហើយការ ផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់ៗគ្នា ទាំងអ្នកបើកបរ និង អ្នករួមដំណើពីក្រោយគ្រប់ ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានា សុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យស្លាប់ បើគ្មានមួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ ។ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើង សញ្ញាបត់ ។ល។ លោកជំទាវបានបន្តទៀតថាគ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាឃាតករសម្លាប់ជីវិតមនុស្ស នៅលើដងផ្លូវសាធារណៈជាច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាព សាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួសធ្ងន់ ស្រាលធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាច្រើន រយលានដុល្លារ ។
ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំ ទៅមួយឆ្នាំ មានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននឹងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម កម្ពុជា ចុះសហការ ជាមួយមន្ត្រីចរាចរផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយ ពីផលប៉ះពាល់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរ ក្រោមឥទ្ធិពល គ្រឿងស្រវឹង ។
សូមបញ្ជាក់ផងដែរថា នៅក្នុងយុទ្ធនាការនេះសាខា រួមនិងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានរៀបចំ កម្រងសំណួរ ចម្លើយ និងចែកមួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរត្រូវចំនួន ៦០ មួក អាវយឺត ១៨០ អាវ ម៉ាស់ ចំនួន ៣០០ សៀភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០ ក្បាល សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៣០០ ក្បាល ខិត្តប័ណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០ សន្លឹក ស្ទីគ័រថ្ងៃនេះ ថ្ងៃស្អែក កុំអោយមាន គ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣០ សន្លឹក ចងបដាអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន ៤ ផ្ទាំង និងចែកខិតប័ណ្ណផ្សព្វផ្សាយ ៥០០ សន្លឹក ដោយមានអ្នកចូលរួមផ្សព្វផ្សាយ និងឆ្លើយសំណួរសរុប ៤៥៥ នាក់ ស្រី ២០២ នាក់ ។ ក្នុងឱកាសនោះដែរលោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភដល់ អ្នកចូលរួមចំនួន ៤៥៥ នាក់ ក្នុងម្នាក់ថវិកា ១០,០០០ រៀល ៕ រក្សាសិទ្ធិដោយ ៖ វ៉ៃកូ