Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ សមត្ថកិច្ច​ជំនាញ​ទាំងអស់​ត្រូវ​សិក្សា​ពី​ប្រភព​ឲ្យ​ច្បាស់ លើ​ករណី​ការ​ចរាចរណ៍​គ្រឿងញៀន​មកកាន់​កម្ពុជា ដែល​សមត្ថកិច្ច​ទើប​បង្ក្រាបបាន​កន្លងទៅ​ថ្មីៗ​នេះ​

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សមត្ថកិច្ច​ជំនាញ​ទាំងអស់​ត្រូវ​សិក្សា​ពី​ប្រភព​អោយបាន​ច្បាស់​លើ​ករណី​ការ​ចរាចរណ៍​គ្រឿងញៀន​មកកាន់​កម្ពុជា ដែល​សមត្ថកិច្ច​ទើប​បង្ក្រាបបាន​កន្លងទៅ​ថ្មីៗ​នេះ​។​

​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ជា​ប្រធាន​លេខាធិការដ្ឋាន អនុប្រធាន សមាជិក និង​ក្រុម​ជំនួយការ នៃ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ដរាយ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទី​ស្ដី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម បញ្ជាក់​ដូច្នេះ​ថា «​ឥឡូវនេះ​យើង​ឃើញថា គ្រឿងញៀន ហាក់បីដូចជា មាន​ចរាចរណ៍​កាន់តែច្រើន យើង​ចាប់បាន​កាន់តែច្រើន ហើយ​ឥឡូវនេះ យើង​បន្ដ​សិក្សា​បន្ដទៀត តើ​មូលហេតុ​អ្វីខ្លះ​?​។ ប៉ុន្មាន​ថ្ងៃមុន​នេះ​ចាប់បាន​គ្រឿងញៀន​ជាង​៥០០​គីឡូ​ក្រោម យកទៅ​លាក់ទុក​នៅលើ​កោះ ក្នុង​ខេត្ត​ព្រះសីហនុ ឥឡូវ​សមត្ថកិច្ច បាន​ប្រមូល​ទុក​អស់ហើយ​»​។​

​សម្ដេច​ក្រឡាហោម បន្ដថា គ្រឿងញៀន​ជាង​៥០០​គីឡូ​ក្រោម ដែល​រឹបអូស​យកមក​បាន​នៅ​ខេត្ត​ព្រះសីហនុ មិនមែន​ប្រើប្រាស់​នៅ​កម្ពុជា​ទាំងអស់​នោះទេ តែ​ក្រុម​ទាំង​នោះបាន​យកទៅ​បន្ដ​បែងចែក​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ដូចជា វៀតណាម ថៃ ជាដើម ដែល​ធ្វើឡើង​តាមផ្លូវ​សមុទ្រ​។​

​ស្របពេលនោះ​ផងដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ទៅដល់​សមត្ថកិច្ច​ទាំងអស់​ទូទាំងប្រទេស ត្រូវ​បន្ដ​ពង្រឹង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

×