ភ្នំពេញ៖ នាយកដ្ឋានប្រឹងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន CD Projekt RED បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ឱ្យចៀសវាងប្រើ មុខងារបន្ថែមដែលអាចកែប្រែទិន្នន័យសម្រាប់កម្មវិធីហ្គេម Cyberpunk 2077 ដែលបានមកពីប្រភពមិនច្បាស់លាស់ ព្រោះវាអាចឱ្យជនខិលខូចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។ ភាពចន្លោះប្រហោងនេះអាចឱ្យជនអនាមិកគ្រប់គ្រងកុំព្យូទ័រពីចម្ងាយ ហើយពួកគេថែមទាំងអាចទាញយកឯកសារ និងបញ្ចូលកម្មវិធីមេរោគបានទៀតផង។
ដើម្បីចៀសវាងពីការជ្រៀតចូលនេះ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីហ្គេមនេះជាមួយនឹង Cyberpunk 2077 Hotfix 1.12 ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញនេះ។
ទាក់ទងនឹងផ្នែកសុវត្ថិភាពផងដែរនោះ ក្រុមហ៊ុន CD Projekt RED ទើបតែបានប្រកាសកាលពីម្សិលមិញនេះថាក្រុមហ៊ុនបានរងការវាយប្រហារពីជនអនាមិក ប៉ុន្តែក្រុមហ៊ុនបានប្រកាន់ជំហរថានឹងមិនធ្វើការបង់ប្រាក់តាមការទាមទាររបស់ក្រុមអ្នកវាយប្រហារនោះទេ ទោះបីជាពួកគេបានគំរាមថា នឹងធ្វើការផ្សព្វផ្សាយទិន្នន័យជាច្រើនរបស់ក្រុមហ៊ុនជាសាធារណៈមានដូចជា កូដរបស់កម្មវិធីហ្គេម Cyberpunk 2077, Witcher 3 និងព័ត៌មានជាច្រើនទៀតទាក់ទងនឹងគណនេយ្យនិងការគ្រប់គ្រងធនធានមនុស្ស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ