ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំប្រកប ដោយបញ្ញាញាណយ៉ាងខ្ពង់ខ្ពស់បានកំណត់នៅក្នុងកម្មវិធីនយោបាយសម្រាប់ការកសាង និង ការពារមាតុភូមិ ឆ្នាំ២០១៨ – ២០២៣ ក្នុងបេសកម្មបំរើប្រជាជនលើកិច្ចការ ការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាអាទិ៍៖ “ ខឿនសន្តិសុខជាតិ គឺជាកត្តាមូលដ្ឋាន មួយ មិនអាចខ្វះបានដើរទន្ទឹមនឹងខឿនការពារជាតិ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ពង្រឹងឲ្យបានរឹងមាំជាប្រចាំ សំដៅធានាថា សន្តិសុខនៃកម្ពុជាបានបំពេញតួនាទីជាបុព្វបទល្អប្រសើរសម្រាប់ ការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយចីរភាព និងភាពសុខដុមរមនានៃសង្គមជាតិ” ។
ក្នុងរយ:កាលប៉ុន្មានឆ្នាំចុងក្រោយនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល CPP នៅក្នុងមុខតំណែងជា អគ្គស្នងការនគរបាលជាតិ បានខិតខំប្រឹងប្រែងដឹកនាំបញ្ជាកម្លាំងនគរបាលជាតិ ទៅតាមស្មារតី ខាងលើនេះ ដោយបានទទួលលទ្ធផលដ៏ប្រពៃសម្រាប់ប្រយោជន៍ជូនប្រជាជន, តែយ៉ាងណាក៏ដោយចុះ ការកែទម្រង់នគរបាល គឺជាការចាំបាច់បំផុតទៅតាមកាលៈទេសៈជាក់ស្តែងនៃប្រទេសជាតិ ព្រមទាំងស្ថានភាពកាលៈទេសៈជាក់ស្តែងនៃកិច្ចការសន្តិសុខសង្គមក្នុងតំបន់ និងនៅលើលោកយើងនេះផងដែរ ហើយក្នុងស្មារតីនេះ នគរបាលជាតិ ត្រូវតែបន្តខិតខំកសាងឲ្យបាននូវចលនា សន្តិសុខមាតុភូមិប្រកបដោយថាមពល ក្រោមពាក្យស្លោក “ មាតុភូមិខ្ញុំ សុវត្ថិភាពខ្ញុំ ” តាមរយៈការបន្តប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន និងធ្វើឲ្យដូចភ្លៀងរលឹមឥតដាច់នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមលក្ខណៈសម្បត្តិ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧យ៉ាង ដែលទើបនឹងត្រូវបានកែប្រែថ្មីកាលពីខែមករាកន្លងមក។
ការបំផុស ការចូលរួមដ៏ក្លៀវក្លារបស់ប្រជាជនគ្រប់រូប និងគ្រប់មជ្ឍដ្ឋានសង្គមដោយមានកងនគរបាលជាតិធ្វើជាស្នូល ដើម្បីធានាការពារស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ យើងសូមស្វាគមន៍ការបង្កើតឡើងនូវគណៈកម្មាធិការកំណែទម្រង់នគរបាលជាតិកម្ពុជា កាលពីខែមករាកន្លងទៅនេះ ដោយមានសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជានកម្ពុជា លោកកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ព្រមទាំងឥស្សរជននាយនគរបាលជាន់ខ្ពស់ដែលមានជំនាញ និងបទពិសោធន៍ក្នុងការគ្រប់គ្រងនគរបាលជាតិ ជាយូរអង្វែងឆ្នាំកន្លងមក។
សាធារណជនកំពុងទន្ទឹងរង់ចាំមើលលទ្ធផល ដែលគណៈកម្មាធិការនេះសម្រេចបានជាផ្លែផ្កានាពេលខាងមុខ សំដៅបំរើប្រយោជន៍ ប្រជាជន និងសន្តិសុខមាតុភូមិ។ កម្ពុជាយើងមានក្របខណ្ឌនគរបាលជាតិប្រមាណពីជាង ៧ ទៅ ៨ ម៉ឺននាក់ ដែលកំពុង បំពេញការងារទៅតាមជំនាញរៀងៗខ្លួនសម្រាប់ធានាដល់សុវត្ថិភាព សន្តិសុខជាតិ, ប៉ុន្តែក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពទិញលក់ ក្របខណ្ឌនគរបាលបានកើតមានឡើង, ដោយពិតប្រាកដហើយដែលកាន់តែយ៉ាប់ជាងនេះទៅទៀតនោះ គឺការឡើងបុណ្យស័កិ្ត ឡើងមុខតំណែងខ្លះ ត្រូវបានធ្វើតាមរយៈមិនស្អាតស្អំ មិនតម្លាភាព ខ្ចប់លុយយកទៅជូនមេតាមរយៈអ្នករត់ការដែលជាកត្តាដើមចម នៃការបន្ថយឥទ្ធិពល និង កិត្តិនាមរបស់ជួរនគរបាល សឹងតែជាទូទៅ ទៅហើយ។
កំណែទម្រង់នេះធ្វើឡើងឡើង ត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រសាសន៍ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលយើងបានហៅតាមប្រជាជនថា លោកជាឪរបស់នគរបាលជាតិកម្ពុជានោះ, សម្ដេចបានថ្លែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះក្នុងឳកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៅ ឯ សាកលវិទ្យាល័យជាតិ បាត់ដំបង ថា “ កន្លងមក មានបុគ្គលមួយចំនួនចេះតែមកស្នើសុំឲ្យខ្ញុំ ធ្វើអន្តរាគមន៍ឲ្យកូនបានធ្វើប៉ូលិស ប៉ុន្តែក្នុងនាមជា រដ្ឋមន្ត្រីមហាផ្ទៃ ខ្ញុំមានសិទ្ធិតែត្រឹមអនុញ្ញាតឲ្យដាក់ពាក្យប្រឡងតែប៉ុណ្ណោះ គឺគ្មានសិទ្ធិឲ្យប្រឡងជាប់ជាប៉ូលិសឡើយ, ឥឡូវនេះ ជាសម័យ កំណែទម្រង់ បែរជាខំណែនាំគ្នាសុំអន្តរាគមន៍ទៅវិញ ដែលវាខុសពីនយោបាយកំណែទម្រង់។ ខ្ញុំធ្វើមិនកើតទេ នេះជាការពិត អ្នកខ្លះមិនដែលធ្លាប់រៀនប៉ូលិសទេ ប៉ុន្តែមកដល់សុំធ្វើប៉ូលិស ហើយសុំតំណែងនោះ ធំទៀត ” ។
ប្រសាសន៍ខាងលើរបស់ សម្តេចក្រឡាហោម ឆ្លុះបញ្ចាំងសភាពពិតនៃការរើសកូនចៅប្រជាជន ឲ្យចូលបំរើក្នុងក្របខ័ណ្ឌនគរបាលជាតិ ហើយពាក្យពេចន៍ដ៏គួរឲ្យអាក្រក់ស្តាប់ ទៅទៀត ដែលលេចឮចេញពីការខ្សឹបខ្សៀវរបស់សាធារណជនខ្លះៗនោះគឺ កូនលោក កូនពូ កូនបង ចូលប៉ូលិសអស់លុយប៉ុន្មាន ជួយកូនខ្ញុំឲ្យបានចូលប៉ូលិសផង ខ្ញុំនឹងឲ្យលុយ មានស្គាល់ អ្នកធំខាងប៉ូលិសទេ ខ្ញុំមានលុយឲ្យ ឲ្យតែកូនខ្ញុំបានចូលប៉ូលិស។
អំពើមិនប្រពៃ មិនស្អាតស្អំបែបនេះ ពិតជានាំឲ្យសៅហ្មងដល់កិត្តិយសនគរបាលជាតិភាគច្រើនលើសលប់ ដែលបាននិងកំពុងបំរើសន្តិសុខជូនជាតិ ជូនប្រជាជន។
ដើម្បីធានាដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រជូនជាតិកម្ពុជាក្នុងការរក្សាសន្តិសុខសង្គម សន្តិភាពយូរអង្វែង និងអនាគតកូនចៅយើង រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែចាត់ចែងដឹកនាំការចូលទៅក្នុងក្របខ័ណ្ឌរាជការដែលជាមន្ត្រីសាធារណៈ ត្រូវតែឆ្លងកាត់ការប្រឡងជ្រើសរើស ដោយយកគុណភាពធនធានមនុស្សជាធំ ដោយតម្លាភាពប្រកបទៅដោយការទទួលខុសត្រូវខ្ពស់។
ជាការគួរឲ្យគប្បីណាស់ កម្ពុជាត្រូវការនគរបាលជាតិដែលចេញមកពីកូនចៅប្រជាជន ដើម្បីប្រជាជន និងតបស្នង សងគុណជូនប្រជាជនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបន្តគ្រប់គ្រងដឹកនាំប្រទេស ត្រូវតែជាមនុស្សដែលប្រកបដោយ សីលធម៌ សមត្ថភាព មិនក្អេងក្អាងនឹងស័ក្កិយសនៅលើស្មា មិនកើតជំងឺបូសក្លៀក ពិសេសមិនមែនជាបុគ្គលស្រីស្រាកញ្ឆាញៀនពាលាអាវ៉ាសែផឹកស៊ី ពាសវាលពាសកាល ហើយត្រូវចេះធ្វើកិច្ចការសំខាន់ៗរបស់នគរបាល មានជាអាទិ៍ បង្ការ និងប្រឆាំងនឹងកម្លាំងដែលប៉ុនប៉ងបំផ្លាញសមិទ្ធិផលនានា និងសន្តិសុខសង្គមជាតិ, រក្សាសន្តិសុខផ្ទៃ ក្នុងឲ្យបានរឹងមាំ សហការជាមួយភ្នាក់ងារអនុវត្តន៍ច្បាប់នៃបណ្តាប្រទេសនានាក្នុងតំបន់ ក្រៅតំបន់, បង្ការ និងប្រឆាំងបទល្មើសគ្រប់រូបភាព ជាពិសេសបទល្មើសបច្ចេកវិទ្យាពត៌មាននាសព្វថ្ងៃ នេះ, បង្ការប្រឆាំងក្រុមសង្គមងងឹតជនពាល ជនទំនើង រៀបចំសណ្តាប់ធ្នាប់សាធារណៈ ចរាចរណ៍ ធានារការផ្តល់ឯកសារត្រឹមត្រូវតាមផ្លូវច្បាប់នានាជូនពលរដ្ឋ ដោយរហ័ស និងមិនយកថ្លៃអាករ អនុវត្តន៍ច្បាប់ស្តីពីអន្តោរប្រវេសន៍យ៉ាងម៉ឺនម៉ាត់ ។ល។
កំណែទម្រង់នគរបាល ត្រូវតែធ្វើឡើងជាបន្ទាន់ដោយគ្មានបង្អង់ដៃ ហើយត្រូវតែធ្វើតាមការនិយាយ ធ្វើទៅតាមប្រសាសន៍ណែនាំរបស់ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន។ ការរៀបចំឋានន្តរស័ក្តិ កែទម្រង់ស្ថាប័ននគរបាលឲ្យនៅរួមតូច មិនធំសំពីងសំពោង, ឋានន្តរស័កិ្ត ត្រូវឲ្យសមទៅនឹងមុខតំណែង សមទៅតាមអាយុកាលរបស់មន្ត្រីនគរបាលមួយរូបៗ និងសមទៅតាមអាយុកាលដែលបានបំរើក្នុងជួរនគរបាល , ពោលគឺ គ្មានពាក្យថា ស័ក្តិទិញ ស័កិ្តក្រិន ស័ក្តិបានពីពុក អ៊ុ ពូ បង ឲ្យ ។ល។
ការកាត់សាច់ស្អុយមួយចំនួនតូចក្នុងជួរមន្ត្រីនគរបាលចោលនៃដំណើរការកំណែទម្រង់នគរបាល ប្រៀបបានទៅនឹងការកាត់ចោលស្លឹកស្អុយ មែកពុកផុយចោល ហើយពង្រឹងការពូនជ្រោយ ដាក់ជីស្រោចទឹកទៅលើរុក្ខជាតិ ដើម្បីឲ្យរុក្ខជាតិអាចដុះលូតលាស់បានល្អទៅមុខទៀត។
កំណែទម្រង់នគរបាលជាតិ គប្បីធ្វើឡើងដោយបញ្ញាញាណប្រមូលផ្តុំឈរលើបទ ពិសោធន៍ ជោគជ័យ និងមិនជោគជ័យខ្លះនាពេលកន្លងមក កំណែទម្រង់ត្រូវតែធ្វើឡើងដោយយកប្រយោជន៍សន្តិសុខជាតិ សន្តិសុខមាតុភូមិ និងកិត្តិយសនគរបាលជាតិ ជាត្រីមុខ, ហើយត្រូវយកកំណែទម្រង់នេះបម្រើឲ្យខាងតែបាននូវការលើកកម្ពស់សមត្ថភាព និងកម្លាំងនគរបាល គ្រប់ជំនាញ គ្រប់ថ្នាក់ឲ្យមានការរីកចម្រើន ឆ្លើយតបតាមសំណូមពរនៃកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនាដំណាក់កាលថ្មី ទាំងការបណ្តុះបណ្តាល បំពាក់បំប៉នជំនាញឯកទេសចាំបាច់ ការធ្វើវិភាគមុខងារ, ការពិនិត្យកែសម្រួលរចនាសម្ព័ន្ធ ការត្រៀមកម្លាំងបន្តវេន ការងារគ្រប់គ្រងកម្លាំងនគរបាលជាតិ និងជាពិសេសកំណែទម្រង់ត្រូវតែបម្រើឲ្យការខិតខំអប់រំលើកកម្ពស់ ការគោរពវិន័យ សីលធម៌របស់នគរបាលជាតិ ដើម្បីឲ្យនគរបាលជាតិកម្ពុជា ដែលជាកូនចៅប្រជាជន (មិនមែនជាអ្នកធ្វើបាបគាបសង្កត់ប្រជាជន) ក្លាយជាកងជួររៀបរយចម្រើនជឿនលឿនទាន់នគរបាលនានា ក្នុងតំបន់ ព្រមទាំងបានបម្រើប្រជាជន និងសន្តិសុខមាតុភូមិ ដោយឆន្ទៈស្មោះស្ម័គ្រ ព្រមទាំងទទួលបាននូវកិត្តិយសដ៏ឧដុង្គឧត្តមក្នុងឋានៈជាឆ្មាំជាតិរក្សាសន្តិសុខ និងបំរើដល់ការស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ CEN