ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះទៅពិនិត្យទីតាំងនាវាចម្បាំងមួយគ្រឿងដែលផ្ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលលិចនៅក្នុងទន្លេកាលពីសម័យសង្គ្រាម ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា គ្រាប់មិនទាន់ផ្ទុះជាង៨តោន ដែលកងកម្លាំងជំនាញបានរុករកឃើញនោះគឺជាប្រភេទគ្រាប់ AK47, គ្រាប់ត្បាល់ ៦០មីល្លីម៉ែត្រ, គ្រាប់ត្បាល់ ៨១មីល្លីម៉ែត្រ, គ្រាប់កាំភ្លើងយន្ត ១២,៧មីល្លីម៉ែត្រ សរុបជាង៥០០កេសធំតូច បានស្រង់ពីនាវាចម្បាំងបានលិចក្នុងសម័យសង្គ្រាមនាឆ្នាំ១៩៧២ នៅបាតទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ការបញ្ជាក់នេះបានធ្វើឡើងនៅពេលចុះពិនិត្យសកម្មភាពរុករក របស់កងកម្លាំងបោសសម្អាតកាកសំណល់សង្គ្រាមនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិចក្នុងទន្លេមេគង្គ តាំងពីឆ្នាំ១៩៧២ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ កម្លាំងជំនាញកំពុងសម្រុកកាន់តែខ្លាំង ដើម្បីស្រង់គ្រាប់ចេញពីបាតទន្លេ ដែលកប់ក្នុងនាវាជាច្រើនតោនទៀត។
បើតាមគ្រោងការណ៍សកម្មភាពរុករកគ្រឿងសម្ភារៈសឹកក្នុងខ្មោចនាវាខាងលើនេះនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១ សំដៅឲ្យទាន់មុនរដូវវស្សាមកដល់។ ប៉ុន្តែស្ថានភាពជាក់ស្តែងក្រុមការងារជំនាញពិបាកសន្និដ្ឋាន ព្រោះទំហំនាវានេះ មានទំហំធំ មិនអាចប៉ាន់ប្រមាណបរិមាណទម្ងន់គ្រាប់សរុបនៅក្នុងនាវានោះទេ។
ក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្រោមផ្ទៃទឹកបានឱ្យដឹងថា ជុំវិញទីតាំងនាវាលិចនេះ មានវិសាលភាពផ្ទៃទំហំ១.០០០ម៉ែត្រ គុណ១.៥០០ម៉ែត្រ នៅតាមបណ្តោយទន្លេប្រមាណ១៥០ហិកតា។
យោងតាមរបាយការណ៍ស្តីពីកិច្ចប្រតិបត្តិការរុករកនាវាចម្បាំង និងបោសសម្អាតគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះនៅបាតទន្លេ ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ក្រោយពីទទួលបានសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមជំនាញរបស់មជ្ឈមណ្ឌលជាតិបានចុះទៅកាន់ទីតាំងភូមិសាស្ត្រ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទីតាំងដែលមាននាវាចម្បាំងលិច និងមានបន្សល់ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅ អំឡុងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលម្អិតស្តីពីប្រវត្តិសង្គ្រាមនៅតំបន់នោះ មូលហេតុនៃការលិចនាវា ការគំរៀមកំហែងដោយគ្រាប់មិនទាន់ផ្ទុះ និងបញ្ហាផ្សេងៗ។
ដើម្បីអនុវត្តតាមបទបញ្ជាដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២០ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក សំណល់សង្គ្រាម រួមសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានបង្កើត កងអនុសេនាធំ បោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងគោលដៅចុះអនុវត្តកិច្ចប្រតិបត្តិការ រុករកនាវាចម្បាំងលិច និងធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ដែលបាន បន្សល់ទុកកាលពីអំឡុងសង្គ្រាមឆ្នាំ១៩៧០ – ១៩៧៥។
កិច្ចប្រតិបត្តិការរុករកនាវា និងបោសសម្អាតគ្រាប់ៈ កងអនុសេនាធំមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំកម្លាំង និងបានបង្កើតទីបញ្ជាការស្រាល នៅក្នុងវត្តមាន់ដប់ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដើម្បីធ្វើការហ្វឹកហ្វឺន ធ្វើសមាហរណកម្មជំនាញ បញ្ចូលគ្នា ត្រៀមបើកកិច្ចប្រតិបត្តិការរួមគ្នា ដោយធ្វើការសិក្សាស្រាវជ្រាវ រុករក និងធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា លិចក្នុងទន្លេ នៅលើវិសាលភាពនៃផ្ទៃទន្លេ បណ្តោយ១៥០០ម និងទទឹង ១០០០ម (១៥០ហិកតា) និងបានបែងចែកជា៣តំបន់ រួមមាន៖ តំបន់ហានិភ័យខ្ពស់ ទំហំ២០០ម x ២០០ម ចំណុចនាវាលិច តំបន់មានហាខំភ័យមធ្យម ទំហំ៥០០មx១០០០ម និងតំបន់នៅសល់មានហានិភ័យ ទាប។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដំណើរការប្រតិបត្តិការបានរុករកឃើញទីតាំងនាវាលិចហើយ និងកំពុងប្រតិបត្តិការបូមខ្សាចបណ្តើរ ធ្វើការរុករក និងស្រង់យកគ្រាប់ចេញពីនាវា ព្រមទាំងភិច្ចការ ស្តារស្រង់គល់ឈើ និងគល់ឫស្សី ដែលនៅជាប់គាំងជុំវិញនាវា ដែលជាឧបសគ្គរាំងស្ទះដល់ប្រតិបត្តិការស្រង់យកគ្រាប់ចេញពីនាវា៕ រក្សាសិទ្ធិដោយៈ ចេស្តារ