ស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ បង្កឡើងដោយអ្នកបើកបររថយន្តក្រុមហ៊ុនវិរៈប៊ុនថាំ ដោយបើកបរល្បឿនលឿនហើយបាន រេចង្កូតធ្លាក់ផ្លូវទៅបុកក្មេងប្រុសម្នាក់ ដែលកំពុងឈរកាន់កង់នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលឳពុកម្តាយយកទៅដល់មន្ទីរពេទ្យ។
ចំណែករថយន្តបង្កបានជ្រុលទៅបុកដើមឈើ បណ្តាលឲ្យក្រឡាប់ផ្ងារជើង គាបជាប់នឹងដើមឈើទៅមុខលែងរួច។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង៦និង៤០នាទីយប់ រវាងរថយន្តនិងកង់ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៣៩/១៤០ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ ២BJ.៦៤៥៨ បើកបរទិសដៅពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវទៅខាងស្តាំ បានជ្រុលទៅបុកក្មេងប្រុសម្នាក់ ដែលកំពុងឈរកាន់កង់នៅលើចិញ្ចើមថ្នល់ ខាងត្បូងពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ ពេលឳពុកម្តាយបញ្ជូនដល់មន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនបើកបររថយន្តបង្កឈ្មោះ ធឿន ផាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនវិរៈប៊ុនថាំ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង (គ្មានរបួសស្នាម) ចំណែកកុមារារងគ្រោះឈ្មោះរុំ វិរះ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដើម្បីសង្គ្រោះ ក៏ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅមន្ទីរពេទ្យ។
រីឯមធ្យោបាយទាំងពីរ (រថយន្ត ខូចខាតធ្ងន់ និងកង់ខូចខាតស្រាល) យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយទាប ។ ចំណែកឯអ្នកបើកបររថយន្ត បានឃាត់ខ្លួន ទុកនៅអធិការ ដើម្បីដោះស្រាយតាមនីតិវិធី។ មូលហេតុៈ រថយន្តប្រើប្រាស់ល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវទៅបុកក្មេងនៅខាងស្តាំដៃ។ សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ