Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បិទ​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០២០​របស់​កងពលតូច​អន្តរាគមន៍​លេខ​១

​ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក អញ្ជើញ​បិទ​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០២០ របស់​កងពលតូច​អន្តរាគមន៍​លេខ​១, ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០២០ របស់​កងពលតូច​អន្តរាគមន៍​លេខ​១ ដែល​បាន​ដំណើរការ​ពេញ​មួយឆ្នាំ​កន្លងមក​ប្រកបដោយ​ភាព​ដោយ​ជោគជ័យ ហើយ​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ ពិតជា​បាន​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​ក្នុងការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ជំនាញ​របស់​យោធិន ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​បំពេញភារកិច្ច​ស្នូល រួមទាំង​ភារកិច្ច​ផ្សេងៗ​ទៀត​របស់​អង្គភាព​។ កត្តា​នាំមុខ​មួយ​នៅក្នុង​ការធ្វើកំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ គឺ​ការវាយតម្លៃ​ទៅលើ​ទស្សនវិស័យ តម្រូវការ​ខ្វះខាត​និង​ការ​គម្រាមកំហែង​នានា​ចំពោះមុខ​ដូចជា អំពើ​ភេរវកម្ម គ្រោះមហន្តរាយ​បង្ករ​ទ្បើង​ដោយ​ធម្មជាតិ ឬ​មនុស្ស ជាដើម ព្រោះ​ការរៀបចំ​ផែនការ គឺជា​ការជួយ​ឲ្យ​មានការ​ប្រុងប្រៀប​ត្រៀមលក្ខណៈ​រួចជាស្រេច​មុន​ស្ថានការណ៍​ណាមួយ​កើត​ទ្បើង ហើយ​ទាមទារ​អោយ​យើង​ធ្វើការ​រៀបចំ​កម្លាំង ការហ្វឹកហ្វឺន ការបំពាក់​សម្ភារៈ ឆ្លើយតប​ទាន់ពេលវេលា​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ហានិភ័យ​នានា​ដែល​នឹង​កើត​ទ្បើង​។ ក្នុងនោះ​ការងារ​ហ្វឹកហ្វឺន​បាន​ដើរតួរ​នាទី​ចម្បង ហើយ​ទាមទារ​នូវ​ភាពម្ចាស់ការ​ខ្ពស់​ក្នុង​ការពង្រឹង​នូវ​គុណភាព ប្រសិទ្ធភាព និង​ភាព​ទាន់សភាពការណ៍​ពិត​ជាក់ស្តែង ដើម្បី​ធានា​ដល់​ការដឹកនាំ​បញ្ជារ​, ការផ្ទេរ​នូវ​បទពិសោធ​ន៏ និង​ចំណេះដឹង​របស់​យោធិន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទៀត​, ការ​ចងក្រង ប្រមូល​នូវ​បទពិសោធន៍​បន្សល់ទុក​ឲ្យ​ជំនាន់​ក្រោយៗ​, និង​ជាការ​ត្រៀមលក្ខណៈ​ដើម្បី​អនុវត្ត​បទបញ្ជា និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​, ក្រសួងការពារជាតិ​, និង​អគ្គបញ្ជាការដ្ឋាន​ប្រគល់ជូន​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​បញ្ចប់​វគ្គ​ក្នុង​ពេលនេះ​។ ជោគជ័យ​នេះ គឺ​កើតចេញពី​ការ ហាត់ពត់លត់ដំ​កាយសម្បទា ស្មារតី​សតិអារម្មណ៍ និង​ការតស៊ូ​អំណត់​ព្យាយាម​ជម្នះ​នូវ​ឧបសគ្គ និង​ការលំបាក​គ្រប់បែបយ៉ាង ហើយ​ដែល​នេះ គឺជា​មោទនភាព​សម្រាប់​សិក្ខាកាម​បញ្ចប់​វគ្គ​គ្រប់ៗ​រូប​។ បន្ទាប់ទៅនេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​ប្រើប្រាស់​ចំណេះដឹង និង​ចំណេះធ្វើ​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ សម្រាប់​យកទៅអនុវត្ត​បំពេញ​រាល់​ភារកិច្ច​ឱ្យទទួល​បាន​ជោគជ័យ និង​កាន់​តែមាន​ប្រសិទ្ធភាព​ប្រសើរឡើង​ថែមទៀត ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កងពលតូច​អន្តរាគមន៍​លេខ​១ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី​, ថែរក្សា​សន្តិភាព សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​បានល្អ​ប្រសើរ ក៏ដូចជា​ការដឹកនាំ​គ្រប់គ្រង​កម្លាំង​ប្រមូលផ្តុំ​មាន​របៀបរៀបរយ ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការងារ​ហ្វឹកហ្វឺន និង​ការត្រៀម​អន្តរាគមន៍​តាម​បទបញ្ជា ជាពិសេស​ការចូលរួម​ចំណែក​របស់​អង្គភាព​ក្នុង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​អាយុជីវិត ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់​នៅ​ភាគ​ខាងលិច​ប្រទេស កាលពី​ចុងឆ្នាំ​២០២០ កន្លងទៅ​៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

×