ស្ទឹងត្រែង ៖ អ្នកប្រកបមុខរបរខ្វៃជ្រូកលក់ ក្នុងឱកាសសែនចិន ចូលឆ្នាំចិនឆ្នាំនេះ បានដំឡើងតម្លៃចាប់ពីមួយក្បាល ៨០ ម៉ឺន ទៅមួយលានរៀល។ តម្លៃហក់ឡើងខ្ពស់បែបនេះ ក្នុងរយៈពេលចូលឆ្នាំចិនប៉ុណ្ណោះ។
អ្នកប្រកបមុខរបរខ្វៃជ្រូកនៅក្រុងស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា តម្លៃជ្រូកខ្វៃក្នុងមួយក្បាលកាលពីប៉ុន្មានឆ្នាំមុនត្រឹមតែ ៤០ ម៉ឺនទៅ ៥០ម៉ឺនរៀលទេ។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃលក់ចេញជ្រូកខ្វៃបានកើនរហូតដល់ ៨០ម៉ឺន ទៅមួយលានរៀល ខុសពីឆ្នាំមុន (ជ្រូកខ្វៃរួចទម្ងន់ចាប់ពី១៥គីឡូក្រាមឡើង)។
តាមការរៀបរាប់ប្រាប់ឱ្យដឹងពីអ្នកខ្វៃជ្រូកនៅខេត្តស្ទឹងត្រែង បានបន្តថា មូលហេតុតម្លៃខ្វៃជ្រូកលក់ចេញកាន់តែកើនឡើងបែបនេះ ដោយសារពួកគេទិញជ្រូកមកពីតាមជនបទ ក្នុងតម្លៃខ្ពស់រួចទៅហើយ។
ចំណែកអ្នកដើរទិញជ្រូកតាមជនបទ ក៏បានប្រាប់ផងដែរថា ប្រជាពលរដ្ឋនៅតាមជនបទឥឡូវនេះ ពួកគាត់មិនសូវចិញ្ចឹមជ្រូកប្រភេទជ្រូកឲ្យចំណីធម្មជាតិ ដូចពីមុនទៀតទេ។ ចំពោះការចិញ្ចឹមជ្រូកនៅតាមផ្ទះទៀតសោត ក៏មិនសូវមានអ្នកចាប់អារម្មណ៍ចិញ្ចឹមច្រើនដែរ ទើបធ្វើឲ្យតម្លៃជ្រូកនៅតាមជនបទ កាន់តែកើនឡើងហើយពួកគេដើរទិញ ពីជនបទមកលក់បន្តឲ្យអ្នកខ្វៃជ្រូក នៅក្រុងស្ទឹងត្រែងក៏កាន់តែខ្ពស់។
អ្នកមានមុខរបរខ្វៃជ្រូកនៅក្រុងស្ទឹងត្រែង បានប្រាប់ថា ពួកគេទិញជ្រូកពីអ្នកដឹកតាមម៉ូតូ មកពីជនបទក្នុងតម្លៃថ្លៃហើយប្រើកម្មករសម្រាប់រៀបចំខ្វៃជ្រូកផងនោះ ទើបធ្វើឲ្យពួកគេដំឡើងតម្លៃកាន់តែខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សំណាង