ស្ទឹងត្រែង ៖ ព្រៃជំនឿដែលការពារដោយសហគមន៍នៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងរងនូវការកាប់បំផ្លាញទន្ទ្រានយកដី ពីសំណាក់ក្រុមឈ្មួញដោយគ្មានវិធានការទប់ស្កាត់ទាល់តែសោះ។
ប្រជាពលរដ្ឋលើកឡើងថា អ្នកការពារព្រៃឈើ គឺជាអ្នកបើកដៃឲមានការកាប់ព្រៃទន្ទ្រានយកដីលក់ឲ្យទៅឈ្មួញ ហើយអាជ្ញាធរភូមិឃុំគឺជាអ្នកផ្ដល់ប័ណ្ណកម្មសិទ្ធិ។ រីឯសហគមន៍ដែលមានតួនាទីការពារនៅទីនោះ បានសុំគ្រលុំគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ បណ្ដែតបណ្ដោយឲ្យមានការកាប់ទន្ទ្រានយកព្រៃសហគមន៍។
ពលរដ្ឋម្នាក់បាននិយាយសុំមិនបញ្ចេញឈ្មោះលើកឡើងថា ព្រៃដែលការពារដោយសហគមន៍ហើយអ្នកស្រុកនៅទីនោះ មានជំនឿតាំងពីដូនតាមកម្ល៉េះ គឺជាព្រៃការពារដោយសហគមន៍នៅភូមិរំដេង។
ពីមុនអ្នកស្រុកមានជំនឿខ្លាំងណាស់ មិនហ៊ាននិយាយពាក្យអសុរោះ ឬនិយាយអាក្រក់ពេលដែលដើរចូលទៅក្នុងព្រៃនោះឡើយ។ បើសិនជាអ្នកណានិយាយនៅក្នុងព្រៃ ដោយប្រើសំដីអាសអាភាស ឬមានបំណងមិនល្អ និងវង្វេងមិនអាចចេញពីព្រៃបានទេ។ មូលហេតុនេះ ហើយបានជាអ្នកស្រុកមានជំនឿតរៀងមក។
ក្រៅពីជំនឿព្រៃសហគមន៍នៅទីនោះ សំបូរទៅដោយសត្វបក្សាបក្សី ស្វាចតុបាទរាប់មិនអស់។ លុះពេលព្រៃត្រូវរងការកាប់បំផ្លាញ ដោយធ្វើចម្ការលក់បន្តទៅឲ្យឈ្មួញ និងមានការបរបាញ់សត្វផងនោះ។ សត្វដែលរស់នៅទីនោះ បានរត់ទៅកាន់តំបន់ផ្សេង ហើយមួយចំនួនត្រូវបានអ្នកស្រុកសម្លាប់។
អ្នកភូមិមិនហ៊ានរាយការណ៍ ពីសកម្មភាពនៅក្នុងតំបន់នោះឡើយ ដោយសារត្រូវគេគំរាមបើសិនជានរណាម្នាក់ ហ៊ានចេញមុខតវ៉ាប្រឆាំង ទៅនឹងអ្នកពាក់ព័ន្ធកាប់ព្រៃតំបន់នោះ។
លោកព្រះ ហែម មេឃុំចំការលើ បានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ថា លោកពុំទាន់បានទទួលព័ត៌មាន ពីសកម្មភាពកាប់ព្រៃសហគមន៍នៅទីនោះ ព្រោះគ្មានអ្នករាយការណ៍៕ រក្សាសិទ្ធិដោយ ៖ សំណាង