តាកែវ ៖ ពលរដ្ឋឆ្លងដែនត្រឡប់មកពីប្រទេសថៃចំនួន១៣នាក់ ដែលកំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងក្រុងដូនកែវ ត្រូវបានថ្នាក់ដឹកនាំខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធចុះសួរសុខទុក្ខ និងសាកសួរពីការឆ្លងដែន គេចវេសពីច្រកតំបន់ណាដែលមិនបានធ្វើចត្តាឡីស័ក ។
ការចុះទៅជួបជាមួយពលករទាំង១៣នាក់នេះ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គឺអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
មានវត្តមាននាឳកាសនោះមាន លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ និងលោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅសណ្ឋាគារ(Seven Day) ក្នុងគោលបំណងជួបសំណេះសំណាលសាកសួរសុខទុក្ខ នឹងយកព័ត៌មានពីពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃទាំង១៣នាក់នោះ ដើម្បីតាមរកមេខ្យល់ដែលអាចនាំពលករឆ្លងដែនចូល ទាំងមិនបានធ្វើចត្តាឡីសក្ត ។
បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តតាកែវ គិតត្រឹមថ្ងៃទី ០៥ កុម្ភៈ មកដល់ថ្ងៃទី ១៤ កុម្ភៈ ២០២១ នេះ ចំពោះប្រជាពលរដ្ឋដែលឆ្លងដែនពីប្រទេសវៀតណាម និងឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយត្រូវបានដាក់ឲធ្វើចត្តាឡីស័កនៅតាមមណ្ឌល មានចំនួនសរុប ៧៩នាក់ ក្នុងនោះមានស្រី ៣៤នាក់ ដោយប្រជាពលរដ្ឋដែលឆ្លងដែនមកពីប្រទេសវៀតណាម មានចំនួន ៥២នាក់ ក្នុងនោះស្រី ២៥នាក់ ដោយឡែកចំពោះប្រជាពលរដ្ឋដែលឆ្លងដែនមកពីប្រទេសថៃមាន ចំនួន ២៤នាក់ ក្នុងនោះមានស្រី ៩នាក់ កំពុងដាក់ឲធ្វើចត្តាឡីស័កនៅសណ្ឋាគារសេវេនដេ ក្នុងនោះមានប្រជាពលរដ្ឋ ២នាក់ ត្រូវបានវិលត្រឡប់ទៅផ្ទះវិញបានដោយសារបានធ្វើចត្តាឡីស័កគ្រប់ចំនួន ១៤ថ្ងៃ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ពលករទាំង១៣នាក់ បានធ្វើដំណើរពីប្រទេសថៃមកដល់ស្រុកកំណើតរបស់ខ្លួន នៅក្នុងស្រុកគីរីវង់ ដោយមិនបានធ្វើចត្តាឡីស័ក នៅតាមច្រកព្រំដែនកម្ពុជា ថៃ ឡើយ ហើយបានរត់គេចមកដល់ខេត្តតាកែវ ឥឡូវនេះពួកគាត់ទាំង ១៣នាក់ ត្រូវបានអាជ្ញាធរខេត្ត រួមជាមួយមន្ត្រីជំនាញបានយកពួកគាត់ទាំងអស់ មកធ្វើចត្តាឡីស័កនៅសណ្ឋាគារ(Seven day) ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសហគមន៍ ខណៈដែលប្រទេសជិតខាងនៃប្រទេសកម្ពុជា កំពុងតែផ្ទុះខ្លាំងពីការឆ្លងរីករាលដាននៃជំងឺកូវីដ១៩ នៅតាមសហគមន៍ នៃប្រទេសថៃ និងប្រទេសវៀតណាម ៕ រក្សាសិទ្ធិដោយ៖ តាកែវ