ខេត្តតាកែវ ៖ ជាសំណាងអាក្រក់ជនរងគ្រោះមា្នក់ បានដើរដួលលើឧបករណ៍នេសាទត្រី ដែលកំពុងផ្ទុកចរន្តភ្លើង ឆក់ខ្លួនឯងស្លាប់ភ្លាមៗមួយរំពេច។
ហេតុការណ៍នេះ កើតឡើងនៅព្រលឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤និង២០នាទី នៅចំណុចខ្នងប្រឡាយ ០០ ភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
លោកវរសេនីយ៍ឯក ជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានឲ្យដឹងថា ពិតជាមានករណីដួលលើឧបករណ៍នេសាទឆក់ស្លាប់មែន ដែលជនរងគ្រោះមានឈ្មោះ ហ៊ិន បុល ហៅម៉ុក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
លោកអធិការបន្ថែមថា ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញលោកនិងក្រុមគ្រួពេទ្យបានចុះធ្វើកោសល្យវិច័យ និងផ្អែកតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះផងនោះ ឃើញថា ជនរងគ្រោះពិតជាត្រូវចរន្តភ្លើងនៃឧបករណ៍នេសាទត្រីឆក់ស្លាប់ប្រាកដមែន។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានតម្កល់ទុកនៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖តាកែវ