ជាងជួសជុលម៉ាស៊ីនបោកគុកម្នាក់ បានចែករំលែករឿងរ៉ាវនេះ នៅលើគណនីហ្វេសប៊ុករបស់គាត់ ក្នុងបំណងចង់រម្លឹកទៅដល់អ្នកផ្សេង គួរឲ្យជ្រើសយកនូវជម្រើសដ៏ត្រឹមត្រូវ កុំមានការលោភលន់ចង់បានរបស់ទ្រព្យគេ នៅពេលអ្នកបានជួបឱកាសនេះដោយចៃដន្យ។
ជាមួយការផុសកាលពីថ្ងៃទិវានៃក្តីស្រឡាញ់ ២០២១ គាត់ភ្ជាប់សារជាមួយរូបភាព រៀបរាប់ថា៖ «ភាពស្មោះត្រង់ គឺត្រូវតែផ្តើមចេញមុនគេសំរាប់អ្នកបច្ចេកទេសដូចជាពួកយើង ជីដូនម្នាក់គាត់សប្បាយចិត្តណាស់ ប្រៀបដូចជាគាត់ឈ្នះឆ្នោតអ៊ីចឹង។ គាត់បាននិយាយថា ខ្សែដៃរបស់គាត់បានបាត់អស់រយៈពេលជាច្រើនខែមកហើយ តែរកមិនឃើញ មិនដឹងជ្រុះបាត់ឯណាទេ ហើយគិតថាវានឹងបាត់រហូត។ ប្រសិនបើបងប្អូនចង់សម្អាតម៉ាស៊ីនបោកគក់របស់អ្នក សូមទាក់ទងមកលេខមកខ្ញុំមក»។
លោក Paitun Thongma អាយុ ៣៩ ឆ្នាំ ជាម្ចាស់ហាងជួសជុលគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ក្នុងនោះរួមានដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ បានចែករំលែកឲ្យដឹងថា នៅថ្ងៃនោះ ជីដូនម្នាក់បានខលហៅគាត់ឲ្យទៅជួលជុលម៉ាស៊ីនបោកបោកគក់។ គាត់ក៏បានមកដល់ផ្ទះ ហើយចាប់ផ្តើមដោះយកម៉ាស៊ីនចេញ។ នៅពេលធ្វើការជួសជុល គាត់ក៏បានរកឃើញខ្សែដៃមាស១ខ្សែ ជាប់នៅក្នុងនោះ។ គាត់ក៏បានទាញយកវាចេញ ហើយក៏បានប្រគល់ឲ្យម្ចាស់ផ្ទះផងដែរ។
លោកយាយនោះ ពិតជាមានការភ្ញាក់ផ្អើល និងសប្បាយចិត្តជាខ្លាំង នៅពេលឃើញខ្សែដៃនេះវិញ។ លោក Paitun ក៏បានបញ្ចេញថា នេះមិនមែនជាលើកទី១ទេ ដែលគាត់បានរកឃើញមាស នៅក្នុងម៉ាស៊ីនបោកគក់។
ក្រោយពីបានឃើញទង្វើដ៏ល្អកម្ររកនេះ អ្នកប្រើប្រាស់អ៊ិនធើរណិតជាច្រើន បានសម្តែងនូវការកោតសរសើរ និងជូនពរឲ្យលោក Paitun ជួបតែសំណាងល្អ និងជាពិសេស សូមឲ្យអាជីវកម្មរបស់លោក មានអតិថិជនមករកសេវាជួសជុលកាន់តែច្រើនផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង