Monday, February 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ៖ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”

រាជធានីភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីនាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចជំនួបនាពេលនេះក្នុងគោលបំណងឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានាក្នុងឆ្នាំ ២០២៥ និងទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំ ២០២៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់គណៈប្រតិភូព្រឹទ្ធសភា ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីបេសកកម្មរបស់ក្រសួង ក្នុងការអភិវឌ្ឍន៍នៅតំបន់ជនបទ តាមរយៈការអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២៥-២០៣៥ និងបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលរួមមានទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២: ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ទី៣: ការអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ទី៤: ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទី៥: ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រ។

តាមរយៈការអនុវត្តកម្មវិធីអាទិភាពដែលបានជម្រាបជូនខាងលើ បានធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព ដែលជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក ក្រសួងក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ ដោយក្រសួងបានរៀបចំផែនការ និងទិសដៅយ៉ាងមុតស្រួចបន្ថែមទៀតដើម្បីបន្តនិរន្តភាពនៃការអភិវឌ្ឍន៍នៅតំបន់ជនបទឱ្យទទួលបានចីរភាពផងដែរ។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានប្រតិភូ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ បានសម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប្រធានប្រតិភូ ក៏បានផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នៅតំបន់ជនបទឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×