ខេត្តកោះកុង៖ ទាហ៊ានជើងទឹកថៃ បានប្រើនាវាប្រដេញចូលមកព័ទ្ឋចាប់ទូកនេសាទខ្មែរ បានចំនួន1គ្រឿងនិងកម្មករនេសាទចំនួន3នាក់ នៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៦ នៅក្នុងដែនសមុទ្រខេត្តកោះកុង ។
តាមការអះអាងពីម្ចាស់ទូកខាងលើមានឈ្មោះយ៉ន មុត ភេទប្រុស អាយុ៤០ឆ្នាំមានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាបានរៀបរាប់ថា ÷ ទូកនេសាទរបស់គាត់ត្រូវកងទ័ពជើងទឹករបស់ថៃបានចូលមកប្រដេញកៀបទូករបស់គាត់តាំងពីម៉ោង ៨ៈ៤០នាទីព្រឹក ខណៈនោះទូកគាត់ព្យាយាមបើករត់ដែរ ប៉ុន្តែទូកត្រូវបានរលត់ម៉ាស៊ីន នៅត្រង់ចំណុចមាត់ពាមប៉ាក់ខ្លង (N11,50,500 -E102,32,500) ចម្ងាយ៦.៥០ម៉ៃ ពីកោះយ៉ ក៏ត្រូវពួកវាចាប់បានតែម្តងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃដដែល ។
គាត់បានបញ្ជាក់ទៀតថា នៅលើទូកមានកូនដៃចំនួន៣នាក់÷១ ឈ្មោះ ង៉ូត រ័ត្ន ភេទប្រុស អាយុ ៣២ ឆ្នាំ ស្រុកកំណើតខេត្តកំពត( តៃកុងទូក)។ ២ ឈ្មោះ សួន ភាព ភេទប្រុស អាយុ ៤២ ឆ្នាំ ស្រុកកំណើតខេត្តកំពត (កូនដៃទូក ) ។ ៣ ឈ្មោះ ចាន់ ណា ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ស្រុកកំណើតខេត្តកំពង់ចាម (កូនដៃទូក) ។
បច្ចុប្បន្នអ្នកទាំង៣ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពេលនេះពួកគេត្រូវបានកងទ័ពជើងទឹកថៃ នាំទាំងទូកទាំងមនុស្សយកទៅប្រទេសថៃបាត់ហើយ ។
នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៦ដដែលនឹះដែរ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសជាបន្ទាន់ដែរ ដោយបានបញ្ជាល់ជំហច្បាស់ៗថា រាល់សកម្មភាពភាគីកងទ័ពជើងទឹកថៃថា ពិតជាបានរំលោភអធិបតេយ្យ ដែនសមុទ្រកម្ពុជា និង រំលោភច្បាប់អន្តរជាតិ និង ស្នើអោយភាគីថៃដោះលែងទូកនេសាទនិងកម្មករនេសាទទាំង៣នាក់ត្រលប់មកវិញជាបន្ទាន់ដោយគ្មានល័ក្ខខ័ណ្ឌផងដែរ ។
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំង ការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពី កោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។
សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។
កម្ពុជាបានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត៕រក្សាសិទ្ធដោយ៖សុទ្ធលី





